ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញនូវ វិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិ សម្រាប់អនុវត្ដក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀងជាផ្លូវការ។
ប្រកាសនេះ មានគោលបំណងវិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិសម្គាល់ ការអនុវត្ដវិធានកសិកម្ម សរីរាង្គកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង និងការធ្វើពាណិជ្ជកម្ម ផលិតផលកសិកម្មសរីរាង្គ»។
ប្រកាសនេះនឹងលើកកម្ពស់ការជឿជាក់ចំពោះអ្នកផលិត និងអ្នកប្រើប្រាស់ផលិតផលកសិកម្ម ធ្វើជាចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព។ គាំទ្រការចូលរួមរបស់ប្រជាកសិករ សហគមន៍កសិកម្ម និងផ្នែកឯកជន ដើម្បី ជំរុញការអនុវត្តវិធានកសិកម្មសរីរាង្គកម្ពុជា នៅក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង,លើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផលស្របតាមស្ដង់ដារផលិតផលកសិកម្មសរីរាង្គ ដើម្បី បង្កើនឧត្តមភាពប្រកួតប្រជែង និងជំរុញពាណិជ្ជកម្មផលិតផលស្បៀង នៅលើទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញ,រួមចំណែកគាំពារបរិស្ថាន ថែរក្សាសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕ ដោយ ៖ សម្ផស្ស