Saturday, May 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​ជនជាតិ​ខ្មែរ​មួយក្រុម ដើរលេង​កម្សាន្ត​ក្នុងព្រៃ វង្វេងផ្លូវ​បាត់​ខ្លួន​ជាង ៩​ម៉ោង

​ខេត្តកំពង់ឆ្នាំង​៖ ភ្ញៀវទេសចរ​ជនជាតិ​ខ្មែរ​មួយក្រុម មាន​គ្នា ៤​នាក់​បាន​ដើរលេង​កម្សាន្ត​ក្នុងព្រៃ ហើយ​វង្វេងផ្លូវ​បាត់​ខ្លួន​អស់​រយៈពេល ៩​ម៉ោង ទើប​កម្លាំង​អាជ្ញាធរ​រកឃើញ នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ចំកា​ម៉ុ​ច ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​២៦​មេសា​២០២០​។​

​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​ថ្លែងថា ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍​ទាំង ៦​នាក់ មាន​៤​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់​ផងដែរ បាននាំគ្នា​ដើរ​ឡើង​ទៅលើ​កំពូលភ្នំ​ជា​កន្លែង​ទឹកធ្លាក់ ដែល​គេ​ហៅថា​ចំណុច «​ស្រែ​ទាក​» ដោយ​ពួកគេ​បាន​ឡើង តាំងពី​ម៉ោង ២​រសៀល រហូតដល់​ម៉ោង ៨​យប់ នៅតែ​មិនឃើញ​ត្រឡប់មកវិញ ទើប​អ្នក​ដែល​រង់ចាំ​នៅ​ខាងក្រោម ២​នាក់ មានការ​ជ្រួលច្របល់ ក៏បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ដើម្បី​ឲ្យ​មកជួយ​រុករក​។

​បន្ទាប់ពី​ដំណឹង​នេះ​បានឮ​ដល់​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន លោក​ក៏បាន​បញ្ជា​កងកម្លាំង​រួមមាន អាជ្ញាធរ​ស្រុក អធិការ​ស្រុក មន្ត្រី​ទេសចរណ៍ អាជ្ញាធរ​មូលដ្ឋាន ប្រជា​ការពារ កម្លាំង​បរិស្ថាន​ដែល​ឈរជើង​នៅ​តំបន់​នោះ​ច្រើន​នាក់ នាំគ្នា​ឡើង​រុករក​រហូត ដល់​ម៉ោង​១០​និង​៤៧​នាទី​យប់ ទើប​ប្រទះឃើញ​អ្នក​ទាំង​៤​នាក់​នោះ​កំពុង​នាំគ្នា​ដើរ​នៅក្នុង​ព្រៃ​លើ​កំពូលភ្នំ​។
​ពេលមកដល់​ខាងក្រោម នៅពេលដែល​អាជ្ញាធរ​សួរនាំ ទៅ​អ្នក​ទាំង​៤​នាក់​ថា តើ​មូលហេតុ​អី្វ​បានជា​ពួកគេ មិន​ព្រម​ចុះ​ពីលើ​កំពូលភ្នំ​នេះ​មក ពួកគេ​ទាំង​៤​នាក់​ក៏បាន​ឆ្លើយ​ដូចៗ​គ្នា​ថា នៅ​ទីនោះ​សប្បាយ​ណាស់ ពួកគេ​មិន​ចង់​ចុះ​មកវិញ​ទេ ចង់​នៅ​លេង​ទីនោះ​ជា​បន្តទៀត ដោយសារតែ​ពួកគេ មិនដែល​ជួបប្រទះ​កន្លែង​ណា ដែល​សប្បាយ​ដូច​នៅ​ទី​នោះឡើយ​។​

​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង​ឆ្នាំង​។ បើ​គេ​ធ្វើដំណើរ​ចេញពី​រាជធានី​ភ្នំពេញ លើផ្លូវ​ជាតិ​លេខ​៥ រហូត​ទៅដល់​ស្រុក​កំពង់ត្រឡាច ម្តុំ​សាលា​លេខ​៥​នោះ រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិតនៅ​ទិសដៅ​ខាងឆ្វេង​ដៃ​ផ្លូវ​នេះ ពោល​រមណីយដ្ឋាន​នេះ ស្ថិតនៅ​ភាគ​ខាងលិច នៃ​ខេត្តកំពង់ឆ្នាំង ប្រមាណ​៥០​គីឡូម៉ែត្រ​៕​ដោយ បញ្ញា​ស័ក្តិ​