ភ្នំពេញ៖ ក្រសួងការបរទេស បានចេញសេចក្តីជូនព័ត៌មានស្តីពីកិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម វ៉ាង យី បានអះអាងថា ចិននឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងវិញពីវិបត្តិCOVID-19 ដោយផ្តោតការយកចិត្តទុកដាក់ លើវិស័យសំខាន់ៗ ដែលបានព្រមព្រៀងគ្នាកន្លងមក ជាពិសេស ចិននឹងបន្តជួយគាំទ្រកម្ពុជា តទៅទៀត ដើម្បីជំរុញការអភិវឌ្ឍ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អំពីការរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំង COVID-19។
ឯកឧត្តម ប្រាក់ សុខុន បានចាប់ផ្តើមជាមួយ នឹងការកោតសរសើរជោគជ័យ ដែលប្រទេសចិន សម្រេចបានក្នុងការទប់ស្កាត់ជំងឺ COVID-19 តាមរយៈការធ្វើពលិកម្មខ្លួនឯងដ៏ធំធេង និងការរួមកម្លាំងជាធ្លុងមួយរបស់បក្ស រដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ក្នុងការទប់ស្កាត់ការរីករាលដាល និងការព្យាបាលអ្នកជំងឺ។
ឯកឧត្តម ក៏បានសរសើរ និងអរគុណចិន ដែលបានបោះដៃជួយដល់ប្រទេសជាច្រើន នៅលើលោក តាមការបញ្ជូនគ្រូពេទ្យ សម្ភារពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ដែលនេះជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិពិតៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណចិន ដែលបានបញ្ជូនគ្រូពេទ្យ និងសម្ភារពេទ្យទាំងពីខាងស៊ីវិល និងយោធា ជួយផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីឱ្យរោងចក្រនៅកម្ពុជាបន្តដំណើរការ ជួយយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ក៏ដូចជាជួយផ្តល់បទពិសោធន៍ ដល់កងកម្លាំងមួកខៀវកម្ពុជា នៅលីបង់ និងនៅម៉ាលី។
ឯកឧត្តម វ៉ាង យី បានរំលឹកពីកិច្ចប្រឹងប្រែង របស់ប្រទេសចិនទាំងមូល ក្នុងការជម្នះវិបត្តិ គ្រប់គ្រងវិបត្តិ តាមរយៈវិធានការដ៏តឹងរ៉ឹងនានា និងគូសបញ្ជាក់ ពីតម្រូវការក្នុងការរក្សាការប្រុងប្រយ័ត្នតទៅទៀត។
ឯកឧត្តម វ៉ាង យី បានលើកឡើងអំពីស្មារតី ជួយគ្នាទៅវិញទៅមក រវាងចិន និងកម្ពុជា ដោយរំលឹកពីព្រះរាជកិច្ច គាំទ្ររបស់ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ក៏ដូចជា ការគាំទ្រដ៏ពេញទំហឹងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំង នៅពេលប្រទេស ចិនជួបការលំបាកខ្លាំងបំផុត។
ឯកឧត្តម វ៉ាង យី បានអរគុណកម្ពុជា ដែលបានប្រឆាំងនឹងការធ្វើនយោបាយតូបនីយកម្ម និងល្បែងទម្លាក់កំហុស ក្នុងពេលដែលយើងត្រូវរួមគ្នា ដើម្បីប្រឈមនឹងការគំរាមកំហែងរួម ចំពោះមនុស្សជាតិ។
ឯកឧត្តម វ៉ាង យី បានចាត់ទុកការដែលកម្ពុជា គាំទ្រកិច្ចប្រឹប្រែង របស់អង្គការសុខភាពពិភពលោក (WHO) គឺជាជំហរមួយដ៏ត្រឹមត្រូវ។
ស្តីពីទំនាក់ទំនងទ្វេភាគីវិញ ឯកឧត្តម វ៉ាង យី បានលើកឡើងថា ឆ្នាំនេះជាខួប២០ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិន និងកម្ពុជា ហើយប្រទេសទាំងពីរ នឹងបន្តអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដើម្បីជ្រោងទំនាក់ទំនងទ្វេភាគីរបស់យើង ទៅកាន់កម្រិតកាន់តែខ្ពស់ថែមទៀត។
ឯកឧត្តម វ៉ាង យី បានលើកឡើងថា អាទិភាពរបស់យើង គឺបន្តជំរុញកិច្ចសហប្រិបត្តិការក្នុងក្របខ័ណ្ឌនានា ជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិCOVID-19 ដោយផ្តោតការយកចិត្តទុកដាក់ លើវិស័យសំខាន់ៗ ដែលបានព្រមព្រៀងគ្នាកន្លងមក។
ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីថា ចិននឹងបន្តជួយគាំទ្រកម្ពុជា តទៅទៀត ដើម្បីជំរុញការអភិវឌ្ឍ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
តបនឹងគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម វ៉ាង យី ក្នុងការជំរុញការពិភាក្សាផ្លាស់ប្តូរយោបល់ រវាងថ្នាក់ដឹកនាំនានាតាមរយៈ Video Conference ឯកឧត្តម ប្រាក់ សុខុន បានគាំទ្រគំនិតនេះ ហើយបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានបូកបី កាលពីថ្ងៃទី១៤ ខែមេសា កន្លងទៅ គឺជាការបញ្ជាក់យ៉ាងច្បាស់ អំពីការប្តេជ្ញារបស់មេដឹកនាំរបស់យើង ក្នុងការផ្គុំកម្លាំងគ្នា ស្វែងរកចម្លើយរួមប្រឆាំង COVID-19 ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់ចិន ដែលអំពាវនាវ ឱ្យមានការឯកភាពគ្នា ក្នុងការប្រឆាំង COVID-19 (“Covid-19: A Call for Unity”) ដោយអះអាងថា ពេលនេះ គឺជាពេលវេលាដែលយើងត្រូវរួបរួមគ្នា មិនមែនជាពេលដែលត្រូវបែកគ្នានោះទេ។
ឯកឧត្តម ប្រាក់ សុខុន ក៏បានគាំទ្រការប្រកាន់អភិក្រម បែបវិទ្យាសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំង COVID-19 គាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការ WHO និងគាំទ្រគំនិតថ្លឹងថ្លែង រវាងការប្រយុទ្ធប្រឆាំង COVID-19 ជាមួយនឹងការអភិវឌ្ឍ។
ចុងបញ្ចប់ ឯកឧត្តម វ៉ាង យី បាននាំការសួរសុខទុក្ខ ពីសំណាក់ប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លី ខឺឈាង ក៏ដូចជា ពីសំណាក់ឯកឧត្តមផ្តល់ជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងរង់ចាំស្វាគមន៍សម្តេច ទៅទស្សនកិច្ចនៅទីក្រុង Wuhan ក្រោយវិបត្តិ COVID-19 នេះចប់៕ដោយ៖កូឡាប