Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី លី ធុជ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​រំដួល​ទាំងអស់ ត្រូវ​បន្ត​ការពារ និង​ថែរក្សា​សុខភាព​

​ខេត្តស្វាយរៀង​៖ ទេសរដ្ឋមន្ត្រី លី ធុជ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​រំដួល​ទាំងអស់ ត្រូវ​បន្ត​ការពារ និង​ថែរក្សា​សុខភាព​យើងទាំងអស់គ្នា ដោយ​ប្រកាន់ខ្ជាប់​នូវ​ការរក្សា​អនាម័យ​ស្អាត​ជាប្រចាំ ចូលរួម​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​រំដួល ខេត្តស្វាយរៀង តំណាង​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​នាំយក​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​ប្រើប្រាស់ ដែលជា​អំណោយ​សប្បុរស​របស់លោក​ទេសរដ្ឋមន្ត្រី​ផ្ទាល់ និង​មូលនិធិ Sir Bobby Charlton Foundation ចក្រភព​អង់គ្លេស ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​២០០​គ្រួសារ ស្ថិតក្នុង​ឃុំ​ចំនួន​៧ ស្រុក​រំដួល ខេត្តស្វាយរៀង រួមមាន​ឃុំ​ស្វាយចេក ឃុំ ម៉ឺន​ជ័យ ឃុំ​កំពង់អំពិល​ឃុំ ជ្រុង​ពពេល ឃុំ​សង្កែ ឃុំ ធ្មា និង​ឃុំ​កំពង់​ចក​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​នាំយក​អាល់កុល ជែ​ល​សម្លាប់​មេរោគ សាប៊ូ​លាងដៃ ម៉ាស និង​ថវិកា​មួយចំនួន ផ្តល់ជូន​មន្ទីរពេទ្យបង្អែក​ស្រុក​រំដួល មណ្ឌល​សុខភាព​ថ្នា​ធ្នង់ និង​មណ្ឌល​សុខភាព​ចក​ផងដែរ​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​នាំ​សេចក្ដី​នឹករលឹក និង​ការសួរសុខទុក្ខ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ស្ថិតក្នុង​ស្រុក​រំដួល​ក៏ដូចជា ក្នុង​ខេត្តស្វាយរៀង​ទាំងមូល ដែល​សម្តេច​ទាំង​ទ្វេរ តែងតែ​ព្រួយបារម្ភ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ បានដាក់​ចេញ​នូវ​វិធានការ យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ព្រមទាំង​មិនមាន​ផលប៉ះពាល់​ខ្លាំង ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​ជាមួយគ្នានេះ ក្នុងនាម លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ទេសរដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជូន​រដ្ឋបាល​ស្រុក​រំដួល មន្ដ្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ជុំវិញ​ស្រុក​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្តន៍ និង​ផ្សព្វផ្សាយ​នូវ​វិធានការ​នានា​របស់​រដ្ឋា​ភិ​បាល ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ជាពិសេស​ការគ្រប់គ្រង បាន​នូវ​ពលករ​ចំណាកស្រុក​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេល​កន្លងមកនេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​រំដួល​ទាំងអស់ ត្រូវ​បន្ត​ការពារ និង​ថែរក្សា​សុខភាព​យើងទាំងអស់គ្នា ដោយ​ប្រកាន់ខ្ជាប់​នូវ​ការរក្សា​អនាម័យ​ស្អាត​ជាប្រចាំ ចូលរួម​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ និង​ជំងឺ​ផ្សេងៗ​ទៀត ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា គ្រប់គ្រង​បាន​នូវ​ស្ថានភាព​ការ​រាតត្បាត​ជំងឺ​កូ​វីដ​នៅ​កម្ពុជា និង​មាន​ភាព​ធូរស្រាល​យ៉ាងណាក៏ដោយ ប៉ុន្តែ​ការឆ្លង​ជំងឺ​នេះ នៅតែ​អាច​កើតឡើង​គ្រប់ពេលវេលា​៕​ដោយ​៖ វ៉ៃ​កូ​

×