Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​បាន​បន្ត​លើកកម្ពស់ ការការពារ​សិទ្ធិសេរីភាព អង្គការ​វិជ្ជាជីវៈ ថែរក្សា​សុខដុម​នីយកម្ម ទំនាក់ទំនង​វិជ្ជាជីវៈ ផ្តល់​អត្ថប្រយោជន៍​នានា ជូន​ដល់​បងប្អូន​កម្មករនិយោជិត​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​សារលិខិត​អបអរសាទរ ក្នុងឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៤ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​។

​យោងតាម​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​តែងតែ​រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ នៃ​ចលនា​កម្មករ​អន្តរជាតិ ចាប់តាំងពី​ឆ្នាំ​១៩៧៩ មក​ម្លេះ​។ ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៤ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២០ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ សន្តិភាព និង​ការងារ​សមរម្យ​។ ប្រធានបទ​នេះ ពិត​ជាមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ និង​មានតម្លៃ​សារវន្ត​ជាស​កល និង​ជាពិសេស​សម្រាប់​កម្ពុជា ដែល​ធ្លាប់​ទទួល​ការ​ញាំញី​ដោយ​សង្គ្រាម បំផ្លិចបំផ្លាញ ខ្ទេចខ្ទាំ​រាប់​សតវត្សរ៍ ពីព្រោះ​មានតែ​ការរក្សាបាន​សន្តិភាព​ទេ ទើប​មានការ​អភិវឌ្ឍ និង​ការបង្កើត​ការងារ​សមរម្យ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាល​អាច​ធានាបាន​នូវ​អត្រា​មានការ​ងារ​ធ្វើ​៩៩,៧% នៃ​កម្លាំង​ពលកម្ម​សរុប​១០​លាន​នាក់​។​

​សម្តេច​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​រាជរដ្ឋាភិបាល អាច​ធានាបាន​នូវ​អត្រា​មានការ​ងារ​ធ្វើ​៩៩,៧% នៃ​កម្លាំង​ពលកម្ម​សរុប​១០​លាន​នាក់ នៅក្នុង​នោះ រួមមាន ក្នុងប្រទេស​ប្រមាណ ៣,៦៩​លាន​នាក់ (​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​មាន​ចំនួន​ជាង​១,៥​លាន​នាក់ និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ ២,២​លាន​នាក់​) វិស័យ​កសិកម្ម​ប្រមាណ ៤​លាន​នាក់ មន្ត្រី​សាធារណៈ​ចំនួន​៥០​ម៉ឺន​នាក់ និង​ពលករ ដែល​ធ្វើការ​នៅក្រៅ​ប្រទេស ចំនួន​ប្រមាណ​១,២៨​លាន​នាក់​»​។​

ដើម្បី​ឲ្យ​កម្ពុជា អាច​សម្រេចបាន​តាម​មហិច្ឆតា ប្រែក្លាយ​ពី​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នា​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នា​ឆ្នាំ​២០៥០ រាជរដ្ឋាភិបាល​បាន និង​កំពុង​ខិតខំ​ជំរុញ​ការអនុវត្ត ដោយបាន​ជោគជ័យ នូវ​យុត្តិសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ រួមទាំង​គោលនយោបាយ​អាទិភាព​សំខាន់ៗ ដើម្បី​បង្កើនល្បឿន​ការអភិវឌ្ឍ និង​បង្កើត​ការងារ​សមរម្យ​ជូន​ប្រជាពលរដ្ឋ និង​អនុវត្តន៍​នូវ​ការកែទម្រង់​មុត​ស្រួច ក្រោម​អភិក្រម «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» និង​បាវចនា «​កែទម្រង់​ផ្ទៃក្នុង និង​បង្កើត​មិត្ត​ខាងក្នុង ស្មារតី​ឯករាជ្យ​»​។​

ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ ស្ដីពី​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម សម្តេច​បាន ចុះ​ជួប​ជាមួយ​បងប្អូន​កម្មករនិយោជិត គិត​ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩ បាន​ចំនួន​៧៧​លើក សរុប​កម្មករនិយោជិត​ចំនួន​ប្រមាណ​ជិត​១​លាន​នាក់ ដែល​បាន​រកឃើញ​បញ្ហា និង​ដាក់ចេញ​នូវ​គោលការណ៍ និង​វិធានការ​ជាច្រើន ជាពិសេស​អនុសាសន៍​១០​ចំណុច ដើម្បី​លើកកម្ពស់​ជីវភាព សុខុមាលភាព កម្មករនិយោជិត និង​ទំនាក់ទំនង​វិជ្ជាជីវៈ ហើយនឹង​បន្តសកម្មភាព​នេះ​ជា​រៀងរហូត​នៅក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

រាជរដ្ឋាភិបាល​បាន​បន្ត​លើកកម្ពស់ ការការពារ​សិទ្ធិសេរីភាព អង្គការ​វិជ្ជាជីវៈ ថែរក្សា​សុខដុម​នីយកម្ម ទំនាក់ទំនង​វិជ្ជាជីវៈ ផ្តល់​អត្ថប្រយោជន៍​នានា ជូន​ដល់​បងប្អូន​កម្មករនិយោជិត រួមទាំង​ការផ្តល់​កិច្ច​គាំពារ​សង្គម​ផងដែរ ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ច្បាប់​ស្ដីពី​ការងារ និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ទាំង​១៣ ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន តាមរយៈ​យន្តការ​ត្រីភាគី​សម្រាប់​សំ​វាទ​សង្គម ជាអាទិ៍​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គណៈកម្មការ​ប្រឹក្សា​ការងារ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា រួមទាំង​យន្តការ​ត្រីភាគី បូក​ជាច្រើន​ទៀត​។​

ការបើកចំហរ​សេរីភាព​អង្គការ​វិជ្ជាជីវៈ បានធ្វើឱ្យ​កំណើន​នៃ​ការចុះបញ្ជី​កើនឡើង គួរឱ្យកត់សម្គាល់ គិត​ត្រឹម​ឆ្នាំ​២០១៩ មាន​អង្គការ​វិជ្ជាជីវៈ​ចំនួន ៥.២៥៦ កំពុង​ប្រតិបត្តិការ​ក្នុងនោះ​សហជីព មូលដ្ឋាន​មាន​ចំនួន ៤.៩៩៦ សហព័ន្ធ​សហជីព​មាន​ចំនួន ២១៦ សហភាព​សហជីព​មាន​ចំនួន​៣៣ និង​សមាគម​និយោជក​មាន​ចំនួន​១១​។​

​រាជរដ្ឋាភិបាល បាន​បន្ត​យកចិត្តទុកដាក់ ក្នុងការ​លើកកម្ពស់​សុ​វត្ថិ​ភាព និង​សុខភាព​ការងារ​របស់​កម្មករ និយោជិត នៅតាម​គ្រប់​រោងចក្រ សហគ្រាស មាន​គិលានដ្ឋាន កន្លែង​ហូបបាយ បន្ទប់​បំបៅកូន និង​ទារក ដែល​បាន​ជួយ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង នូវ​សុខុមាលភាព​របស់​កម្ម​ករ​និយោជិត​។ កម្មវិធី​បង្ការ​គ្រោះថ្នាក់​ការងារ និង​បង្កើន​សុវត្ថិភាព​ក្នុងការ​ដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​កម្ម​ករ​និយោជិត ត្រូវបាន​ជំរុញ​អនុវត្ត យ៉ាងសកម្ម​។​

​ក្នុងពេល​ថ្មីៗ​នេះ ជាមួយនឹង​ការលេចឡើង នូវ​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ដែល​បណ្ដាលមកពី​ជំងឺ​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​បាន និង​កំពុង​ចាត់វិធានការ​ហ្មត់ចត់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ រួមទាំង​ការណែនាំ​ដល់​កម្មករនិយោជិត និង​និយោជក​ទាំងអស់ ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការរក្សា​អនាម័យ​ល្អ​ផ្ទាល់ខ្លួន និង​នៅ​កន្លែងធ្វើការ អនុលោម​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ​។​

​រាជរដ្ឋាភិបាល​បាន​បន្ត​យកចិត្តទុកដាក់ ក្នុងការ​អភិវឌ្ឍ​រប​ប​សន្តិសុខ​សង្គម ដើម្បី​ពង្រីក​វិសាលភាព កាន់តែ​ទូលំទូលាយ គ្របដណ្ដប់​បួន​ផ្នែក​រួមមាន ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព ផ្នែក​ហានិភ័យ ការងារ និង​ផ្នែក​និកម្មភាព​ការងារ សំដៅ​ធានា​សង្គតិភាព​និង​សមធម៌ រវាង​មន្ត្រីរាជការ​សាធារណៈ និង​កម្មករ និយោជិត តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ស្ដីពី​របប​សន្តិសុខ​សង្គម និង​ការរៀបចំ​ដាក់ឱ្យអនុវត្ត​របប សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ ការងារ​សម្រាប់​មន្ត្រី​សាធារណៈ និង​របប​សោធន សម្រាប់​កម្មករនិយោជិត នៅក្នុង​ឆ្នាំ​២០២០៕​ដោយ៖កូឡាប

×