ភ្នំពេញ៖លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងថា បើទោះបីជាស្ថិតិអ្នកឆ្លង និងជាសះស្បើយពីជំងឺCOVID-19 នៅកម្ពុជាបានថយចុះមកនៅតិចតួចក៏ពិតមែន តែយើងទាំងអស់គ្នាមិនត្រូវព្រងើយកន្តើយ ឬគិតថាជំងឺនេះផុតរលត់នោះទេ គឺយើងទាំងអស់គ្នា ជាពិសេសមន្ត្រីរាជការជុំវិញស្រុកលើកដែកដែលនៅជាប់ប្រជាពលរដ្ឋប្រចាំថ្ងៃ ត្រូវតែបន្តផ្សព្វផ្សាយអប់រំដោយស្មារតីយកចិត្តទុកដាក់ និងម៉ឺងម៉ាត់ដដែល ដល់ប្រជាពលរដ្ឋអំពីហានិភ័យជំងឺCOVID-19 និងភាពប្រថុយប្រថាននូវការឆ្លងជំងឺនេះ។
ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី រដ្ឋបាលឃុំ-ភូមិ ផ្សព្វផ្សាយយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ដែលធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ នៅទីស្នាក់ការស្រុកលើកដែក ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងដោយមានការចូលរួមពីឯកឧត្តម អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល គណៈអភិបាលស្រុក ក្រុមការងារចុះជួយឃុំ-ភូមិក្នុងស្រុកលើកដែក មន្ត្រីរាជការ អាជ្ញាធរឃុំ-ភូមិ និងគ្រូពេទ្យជុំវិញស្រុក ប្រមាណ១៥០ នាក់។
លោកជំទាវបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដល់មន្ត្រីរាជការជុំវិញស្រុក និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងសូមកុំមានការព្រួយបារម្មណ៍ ហើយត្រូវគិតគូពីសុខភាព។
លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩ នេះ គឺជាជំងឺឆ្លងរាតត្បាតជាសកល ដែលភាសាអង់គ្លេសហៅថា (Pandemic)។ នេះគឺបានន័យថា វាបាននិងកំពុងកើតមានឡើងស្ទើរគ្រប់ប្រទេស និងដែនដីលើសកលលោក ហើយបើប្រទេសណាមួយមិនមានករណីជំងឺនេះ ឬមានចំនួនតិចតួចក្តី ក៏មិនមែនមានន័យថា យើងអាចរស់នៅដោយសេរីដូចកាលពីពេលមិនទាន់មានជំងឺនេះទេ លុះត្រាតែលែងមានអ្នកឆ្លងលើពិភពលោកទាំងមូល ឬមានថ្នាំព្យាបាល ថ្នាំបង្ការ ដែលត្រូវបានប្រើប្រាស់គ្រប់ទិសទី។ លោកជំទាវ បានបន្តទៀតថា ស្ថានការណ៍ក្នុងប្រទេសយើងនៅមានភាពស្រួចស្រាលនៅឡើយ ដូច្នេះសូមអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាព។ លោកជំទាវបានរំលឹកពីជំងឺឆ្លងដ៏កាចសាហាវមួយចំនួន ដែលធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រលើពិភពលោក ដូចជាជំងឺផ្តាសាយអេស្ប៉ាញ(Spanish Flu) ដ៏កាចសាហាវ ដែលធ្លាប់បានកើតឡើងនៅក្នុងឆ្នាំ១៩១៨ ដល់១៩១៩ កាលពី១០០ឆ្នាំមុន និងធ្លាប់បានសម្លាប់មនុស្សប្រមាណ៤០លាន ទៅដល់ ៥០លាននាក់ ក្នុងចំណោមអ្នកឆ្លងប្រមាណ ៥០០លាននាក់។
ក្រៅពីការពន្យល់ណែនាំអំពីការសុខសុវត្ថិភាពផ្នែកសុខភាព លោកជំទាវក៏បានសង្កត់ធ្ងន់ផងដែរទៅលើបញ្ហាសំខាន់ផ្សេងៗដែលជាផលប៉ះពាល់កើតឡើងពីជំងឺនេះ ដែលនោះគឺការប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច រហូតដល់នយោបាយ។ លោកជំទាវបានលើកជាឧទាហរណ៍មួយចំនួនកាលពីសម័យកាលប្រទេសធ្លាប់មានសង្គ្រាម ដែលពេលនោះទោះបីជាវឹកវរលំបាកយ៉ាងណាក៏ដោយ ក៏មនុស្សនៅអាចឆ្លៀតរៀនសូត្រ ឬធ្វើការប្រាស្រ័យទាក់ទងគ្នា។ ផ្ទុយទៅវិញ ចាប់តាំងពីការផ្ទុះឡើងនៃកូវីដ-១៩ មនុស្សក្នុងសង្គមទាំងអស់លើពិភពលោកបានផ្លាស់ទៅរបត់ថ្មីដើម្បីបង្ការខ្លួនពីការឆ្លង ដែលគេហៅថា គម្លាតសង្គម(social distancing) អំពីរបៀបនៃការស្វាគមន៍ ធ្វើដំណើរ ឬប្រាស្រ័យទាក់ទងគ្នា ដោយធ្វើយ៉ាងណាមិនប៉ះពាល់គ្នា និងស្ថិតនៅពីគ្នាយ៉ាងតិច ១ម៉ែត្រ។
ដោយឡែកផ្នែកសេដ្ឋកិច្ច លោកជំទាវ ឃួន សុដារី បានអំពាវនាវអោយប្រជាពលរដ្ឋខិតខំដាំដុះភោគផលកសិកម្ម បរិភោគ និងចិញ្ចឹមសត្វ ដោយបានសង្កេតឃើញថា ភូមិសាស្ត្រទឹកដីស្រុកលើកដែកស្ថិតនៅជាប់ទន្លេដែលជាប្រភពទឹក សម្រាប់ប្រព័ន្ធធារាសាស្ត្រដ៏សំខាន់ក្នុងការបង្កបង្កើនផលគ្រប់ប្រភេទ។ លោកជំទាវបានបន្តថា សកម្មភាពពាណិជ្ជកម្មក្នុងឃុំមួយចំនួនដែលមានព្រំដែនជាប់ប្រទេសជិតខាងត្រូវបានផ្អាកបណ្តោះអាសន្ន ឬមានការលំបាក ដូចនេះការបង្កើន និងពង្រឹងផលិតផលក្នុងឃុំ-ភូមិ ជារឿងចាំបាច់ក្នុងការប្រែក្លាយសហគមន៍មួយអោយមានភាពធន់មាំស៊ាំទៅនឹងស្ថានការណ៍ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី៥ហើយ ក្នុងសម្មភាពយុទ្ឋនាការប្រយុទ្ឋប្រឆាំងជំងឺកូវីត-១៩ ក្នុងស្រុកលើកដែក ដោយលើកទី ១ កាលពីថ្ងៃទី ២៩ ខែមីនា លើកទី ២ថ្ងៃទី ០៤ ខែមេសា លើកទី៣ ថ្ងៃទី ១១ មេសា និងលើកទី ៤ ថ្ងៃទី ១៤ មេសា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា រួមទាំងក្រុមការងារជួយស្រុកលើកដែក និងសប្បុរសជននានា បានឧបត្ថម្ភថវិកា ស្បៀងឧបភោគបរិភោគ សម្ភារ: និងបរិក្ខាពេទ្យមួយចំនួន ដល់ស្រុកដើម្បីយកទៅចាត់ចែងតាមឃុំ -ភូមិ។ ដោយឡែក ជំនួយឧបត្ថមនាពេលនេះ សរុបរួមមានថវិកា ៣៨,៤០០,០០០រៀល អង្ករ ៩តោនកន្លះ អំបិល ៣០យួរ ទឹកស៊ីអ៊ីវ ៣០យួរ ទឹកត្រី ៣០យួរ ទឹកបរិសុទ្ឋ វីតាល់ ៣០កេស មីរូបតុក្កតា ៣០កេស ជេលលាងដៃ ២០កេស និងម៉ាស៊ីនបាញ់អាកុលសំលាប់មេរោគ ១គ្រឿង៕
ដោយ៖កូឡាប