CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យគំនូរស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» សម្រាប់ ស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
អគ្គលេខាធិការ CAMSOC ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតបានពិនិត្យលើគំនូរស្នាដៃស្លាកសញ្ញា និងនិមិត្តរូប ពាក្យស្លោក ឬបាវចនា ស៊ីហ្គេម ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យវប្បធម៌ និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត ដើម្បីពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងឲ្យគំនូរស្លាកសញ្ញា និងនិមិត្តរូបនេះ រំលេចនូវខ្លឹមសារល្អ ទាំងអត្ថន័យ អត្ថរស និងអត្ថរូប ក្រោមប្រធានបទ «សុភាទន្សាយ» ដែលមានចរិតលក្ខណៈជាខ្មែរ។
ឯកឧត្តមបន្ថែមទៀតថា នៅក្នុងការប្រកួតប្រជែងស្នាដៃគំនូរស៊ីហ្គេម ដែលបានបើកទូលាយសម្រាប់មហាជនទូទៅ កាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ គឺយើងទទួលបានស្នាដៃជាច្រើន ហើយកិច្ចប្រជុំបានពិនិត្យឃើញនូវស្នាដៃ សុភាទន្សាយមួយចំនួន ដែលលេចធ្លោជាងគេ មានលក្ខណៈវប្បធម៌ជាខ្មែរ ដែលសម្លៀកបំពាក់នៃគំនូរនោះ មានប្រើប្រាស់ ក្នុងសិល្បៈក្បាច់គុនល្បុក្កតោរបស់ខ្មែរយើង។ ចំពោះស្លាកសញ្ញាមាននិមិត្តរូបនៃខ្លឹមសារចំនួន៣ គឺបង្ហាញនូវប្រាសាទអង្គរវត្ត ដែលជាអត្តសញ្ញាណជាតិ, កងចំនួន១១ ដែលជាកងនៃសញ្ញារបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងរូបមួយចំនួនទៀត ពាក់ព័ន្ធនឹងក្បាច់ចម្លាក់ ដែលយើងជ្រើសរើសយកមកវិភាគ និងកែសម្រួលបន្ថែមជាបន្តបន្ទាប់ទៀត ដើម្បីដាក់ឆ្លងការសម្រេច នៅក្នុងកិច្ចប្រជុំបន្ទាប់ ក្រោមការដឹកនាំសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។
ក្រោយការសម្រេចពី CAMSOC រួចហើយ ស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» និងពាក្យស្លោក ឬបាវចនា សម្រាប់ SEA Games ឆ្នាំ២០២៣ នឹងត្រូវដាក់ស្នើសុំការអនុញ្ញាតសម្រេច ជាលើកចុងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ។
សូមរំឭកថា គំនូរស្លាកសញ្ញា និងនិមិត្តរូប ស៊ីហ្គេម ២០២៣ នេះ ត្រូវបានប្រកាសឲ្យប្រឡងប្រណាំងស្នាដៃជាសាធារណៈ កាលពីថ្ងៃទី២២ សីហា ឆ្នាំ២០១៩ ក្នុងគោលបំណងបង្ហាញពីប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិខ្មែរ ហើយគំនូរនេះ ត្រូវផ្តោតសំខាន់លើភាពទាក់ទាញ ក្នុងខ្លឹមសារល្អ ទាំងអត្ថន័យ អត្ថរស និងអត្ថរូប ក្រោមប្រធានបទ «សុភាទន្សាយ» ដែលមានចរិតលក្ខណៈជាខ្មែរ។
ចំពោះអ្នកទទួលបាននូវជ័យលាភី នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តជាថវិកា ដោយតម្កល់ទុកស្នាដៃរបស់បេក្ខជនជ័យលាភីជាប្រវត្តិសាស្ត្រសម្រាប់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយបេក្ខជនជ័យលាភីនោះ នឹងទទួលបានកិត្តិយសដ៏ធំធេងជាទូតសុឆន្ទៈ និងជាភ្ញៀវកិត្តិយសគ្រប់កម្មវិធីទាំងអស់របស់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការបើកឲ្យមានការប្រកួតជាសាធារណៈសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនេះ គឺក្នុងគោលបំណងសំខាន់នៃការចូលរួមទាំងអស់គ្នានៃប្រជាជាតិខ្មែរ ដែលជាប្រវត្តិសាស្ត្រលើកទី១ ក្នុងការទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងរបស់កម្ពុជា ពីព្រោះថា ស៊ីហ្គេម ២០២៣ គឺជារបស់ជាតិទាំងមូល របស់ប្រជាជនខ្មែរទូទាំងប្រទេស ជាអ្នកចូលរួមទាំងអស់គ្នា ដូច្នេះការប្រកួតនេះមិនត្រូវធ្វើក្នុងលក្ខណៈចង្អៀតទេ ហើយប្រជាពលរដ្ឋទាំងអស់ គឺជាម្ចាស់ផ្ទះ ជាអ្នកទទួលខុសត្រូវរួមគ្នា ក្នុងការជំរុញឲ្យការរៀបចំប្រកួតដ៏ធំជាប្រវត្តិសាស្ត្រនេះទទួលបានជោគជ័យ។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន កាលពីពេលកន្លងទៅ៕
ដោយ៖កូឡាប