កងទ័ពជើងទឹកអាមេរិច បានបើកនាវាពិឃាតដែលមានបំពាក់មីស៊ីល កាត់ដែនទឹកក្បែរកោះ Paracel នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាការទំទាស់ទៅនឹងចិន ដែលទាមទារយកតំបន់ទាំងនោះ។ នេះបើតាមកងនាវាអាមេរិច និយាយនៅថ្ងៃពុធម្សិលមិញនេះ។
នាវាពិឃាត USS Barry បានអនុវត្តនូវអ្វីដែលហៅថា ប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរ នៅថ្ងៃអង្គារ ត្រឹម ១សប្តាហ៍ប៉ុណ្ណោះ ក្រោយពេលទីក្រុងប៉េកាំង បង្កើនការទាមទាររបស់ខ្លួនយកតំបន់ទាំងនោះ ដោយធ្វើការរៀបចំប្រព័ន្ធរដ្ឋបាលផ្លូវការ សម្រាប់កោះទាំងនោះ។
កងនាវាអាមេរិចថ្លែងក្នុងសេចក្តីប្រកាសថា សហរដ្ឋអាមេរិចបានស្វែងរកការគាំទ្រសិទ្ធិ សេរីភាព និងភាពស្របច្បាប់ ក្នុងការប្រើប្រាសដែនសមុទ្រ ដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ។
“ការទាមទារគ្រប់គ្រងដែនទឹកដែលមិនស្របច្បាប់ បានបង្កការគំរាមកំហែង ដល់សេរីភាពលើសមុទ្រ ដូចជាសេរីភាពនៃការធ្វើនាវាចរ និងការហោះលើ និងសិទ្ធិនៃអ្នកដំណើរទាំងអស់លើកប៉ាល់”។
ការបើកនាវាចូលដែនទឹកក្នុងសមុទ្រចិនខាងត្បូង របស់អាមេរិចកើតឡើងចំពេលភាពតានតឹង រវាងអាមេរិច និងចិនកំពុងតែកើនឡើងខ្លាំង ដោយសារតែការផ្ទុះវីរុសកូរ៉ូណា ដែលវាបានធ្វើឲ្យអាមេរិចរងគ្រោះយ៉ាងខ្លាំង។
អាមេរិចបដិសេធការទាមទារគ្រប់គ្រងរបស់ចិន លើតំបន់យ៉ាងច្រើននៅក្នុងសមុទ្រចិនខាងត្បូង រួមមានការទាមទារគ្រប់គ្រងប្រជុំកោះ Paracels ដែលតំបន់នោះក៏មានការទាមទារ ពីវៀតណាម និងតៃវ៉ាន់ផងដែរ។
នៅក្នុងសេចក្តីប្រកាសរបស់កងទ័ពរំដោះប្រជាជនចិន យោធាចិនបាននិយាយថា ខ្លួនបានធ្វើការបម្លាស់ទី ឧបករណ៍ត្រួតពិនិត្យដែនសមុទ្រ និងអាកាស ដើម្បីចាប់ និងព្រមានឲ្យនាវាអាមេរិច ចេញពីដែនទឹករបស់ខ្លួន។
កងទ័ពរំដោះប្រជាជនចិន បានចោទប្រកាន់អាមេរិចថា បានធ្វើសកម្មភាពបង្កហេតុដែល រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាព និងផលប្រយោជន៍ចិន។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន ចិនបានព្យាយាមជំរុញការទាមទារ គ្រប់គ្រងរបស់ខ្លួនលើដែនទឹក នៅពេលដែលចិចនបានប្រកាសថា ប្រជុំកោះ Paracel និង Spratly និងតំបន់នៅជុំវិញកោះនោះ នឹងត្រូវគ្រប់គ្រងដោយស្រុកថ្មី ២នៃទីក្រុង Sansha៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia