ភ្នំពេញ៖ កិច្ចប្រជុំនេះ សហការៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួម ពិភាក្សាផ្លាស់ប្តូរយោបល់ ពីតំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ,សមាគមសហគ្រិនស្ត្រីកម្ពុជា ,តំណាងមកពីធនាគារSME Bank ,PPC Bank,តំណាងមកពីភ្នាក់ងារ GEN Cambodia,Cambodia investment Club, Mekong Strategic Partner និងតំណាងមកពី Impact hub ។
លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុកជាការជួបជុំដ៏មានសារសំខាន់ដើម្បីបានស្តាប់បទឧទ្ទេសនាមនូវលទ្ធផលអង្កេតស្រាវជ្រាវពីអ្នកជំនាញ និងការផ្លាស់ប្តូរយល់ទាក់ទងនិងផលបច្ច័យដែលជាវិបត្តិបង្កឡើងពីជំងឺកូវីដ-១៩ ទៅលើវិស័យ MSMEs និងប្រភេទអាជីវកម្មបង្កើតថ្មី( Tech Startup )នៅកម្ពុជា ។ ក្នុងនោះយើងក៏អាចប្រមូលធាតុចូល តាមរយ:អនុសាសន៍ ក៏ដូចជាកង្វល់នានា ដែល បានលើកឡើងពីវាគ្មិនពាក់ព័ន្ធ រួមជាមួយវិធានការជាអាទិភាពមួយចំនួនដែលត្រូវប្រកាន់យក ដើម្បីស្តារភាពរស់រវើកឡើងវិញក្រោយពីវិបត្តិCovid-19 បានថមថយនិងរលត់ទៅ ។
ដោយឡែក លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងពីកិច្ចសហការដ៏ល្អ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើគំនិតផ្តួចផ្តើមមួយចំនួនដើម្បីលើកកម្ពស់វិស័យMSMEs និងប្រភេទអាជីវកម្មបង្កើតថ្មី (Tech Startup) នៅកម្ពុជា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ។
លោករដ្ឋលេខាធិការ បានបន្ថែមថា៖«លទ្ធផលនៃការអង្កេតស្រាវជ្រាវនេះ ដើម្បីវាយតម្លៃពីផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ទៅលើប្រព័ន្ធអេកូ (Eco-System)របស់យើង គឺEco-System សហគ្រាសខ្នាតតូចបំផុត តូចនិងមធ្យម (MSMEs) និង Eco-System ប្រភេទអាជីវកម្មបង្កើតថ្មី(Tech Startup)នៅកម្ពុជា និយាយដោយរួមគឺជា Eco-System នៃវិស័យឯកជនមួយផ្នែក ដែលយើងបានខិតខំធ្វើឲ្យប្រសើរឡើងនាពេលកន្លងមកប៉ុន្តែបច្ចុប្បន្នកំពុងរងផលប៉ះពាល់» ។
លោកសង្កត់ធ្ងន់ថា៖« លទ្ធផលបង្ហាញពីការអង្កេត ស្រាវជ្រាវ ចាត់ទុកជាការពាំនាំនូវសម្លេងនៃវិស័យឯកជនពាក់ព័ន្ធខាងលើ ដើម្បីពិនិត្យមើលថាតើបច្ច័យទាំងអស់នេះរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ប្រកាន់យកវិធានការណ៌ រឺកត្តាអាទិភាពយ៉ាងណាខ្លះ? ដើម្បីគាំទ្រទៅដល់ Eco-System របស់យើង ដូចជាតាមរយៈវិធានការណ៍ហិរញវត្ថុ ,គោលនយោបាយ ,ពន្ធដា,និងពាក់ព័ន្ធធនាគារដែលផ្តល់កម្ចីជាដើម» ។
លោក ស៊ឹម ច័ន្ទគីរីរ័ត្ន តំណាងមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើបទឧទ្ទេសនាមបង្ហាញពីលទ្ធផលអង្កេតស្រាវជ្រាវពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ទៅលើសហគ្រាសខ្នាតតូចបំផុត តូចនិងមធ្យម (MSMEs) និងប្រភេទអាជីវកម្មបង្កើតថ្មី (Tech Startup) នៅកម្ពុជា ដែលចាប់ផ្តើមធ្វើឡើងពីចុងខែមីនា និងចុងខែមេសាឆ្នាំ២០២០កន្លងមកបានផ្តោតទៅលើចំណុចសំខាន់មួយចំនួនដូចជាបញ្ហាស្ថានភាពបច្ចុប្បន្ន-ការអង្កេតរកឃើញនិងការវិភាគ-អនុសាសន៍ឆ្លើយតបជាគោលនយោបាយ-និងអនុសាសន៍សម្រាប់ភ្នាក់ងារអភិវឌ្ឍន៍ដែលធ្វើការងារទាក់ទងនិងវិស័យសហគ្រាសធុនតូចនិងមធ្យម។
លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះលទ្ធផលអង្កេតខាងលើ និងបានបញ្ជាក់ថា៖ផលប៉ះពាល់ពីជំងឺកូវីដ-១៩ បានបង្អាក់ដំណើររីកលូតលាស់សេដ្ឋកិច្ចជាសកល ។ ចំពោះកម្ពុជាក៏ដូចគ្នា ផ្តើមចេញពីបញ្ហានេះ ពិតណាស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ,ភ្នាក់ងារអភិវឌ្ឍន៍ ,វិស័យធនាគារ និងដៃគូឯកជន ត្រូវរួមគ្នារិះរកមធ្យោបាយសមស្របដើម្បីធ្វើឲ្យប្រសើរឡើងវិញ នៃឱកាសអាជីវកម្មក្រោយ កូវីដ-១៩ ។
ចំណុចនេះលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា៖«យើងមិនអាចធ្វើ ដោយគ្មានការវិភាគ និងកំណត់មុខសញ្ញាច្បាស់លាស់ទេ គឺយើងត្រូវកំណត់កត្តាអាទិភាព តាមវិស័យនីមួយៗ ហើយក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គសំខាន់ក្នុងការចូលរួមសហការទាំងអស់គ្នា» ៕ដោយ៖សម្ផស្ស