ដូចដែលប្រិយមិត្តជាច្រើនបានដឹងរួចហើយ ចំពោះចំនួនទឹកប្រាក់ផាកពិន័យយ៉ាងចាស់ៗដៃ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ តទៅ ដែលនឹងផ្តោតទៅលើចំពោះយានយន្តទាំងឡាយណាប្រព្រឹត្តល្មើស ដែលជាករណីល្មើសបង្កគ្រោះថ្នាក់ចរាចរណ៍ ។
ក្នុងនោះ អ្នកបើកបរមិនពាក់មួកសុវត្ថិភាព ត្រូវផាកពិន័យចំនួន ៦០.០០០ ៛, មិនគោរពភ្លើង និងផ្លាកសញ្ញាចរាចរណ៍ ១០០.០០០ ៛, ល្មើលក្នុងការបត់ ការវ៉ាជែង ១០០.០០០ ៛ , ការដឹកលើសចំណុះ ១០០.០០០ ៛, ស្រវឹង ២៥០.០០០ ទៅ ១.០០០.០០០៛ (តាមកម្រិតជាតិអាល់កុល), គ្មានផ្លាកលេខ ១២០.០០០ ៛, ទូរស័ព្ទពេលបើកបរ ៨០.០០០៛ (ប្រើបាន តែប្រើខ្សែភ្ជាប់សំឡេង) ។
ជាលទ្ធផល គេសង្កេតឃើញថា អ្នកបើកបរល្មើស ត្រូវបានប៉ូលិសចាប់ផាកពិន័យមិនចេះតិច ។ ហើយការផាកពិន័យយ៉ាងចាស់ៗដៃនេះ បានធ្វើឲ្យស្រីស្អាតម្នាក់ដែលគណនីហ្វេសប៊ុកឈ្មោះថា Varin Rathana ផ្ទុះកំហឹងយ៉ាងខ្លាំង ដោយបានបង្ហោះក្រដាសផាកពិន័យត្រូវប៉ូលិសចាប់អស់ ៦ ម៉ឺនរៀល (ព្រោះតែអត់ពាក់មួកសុវត្ថិភាព) និងបញ្ចេញនូវពាក្យជេរដាក់ទំនាយប៉ូលិសយ៉ាងធ្ងន់ៗ។
ទោះយ៉ាងណា មនុស្សជាច្រើនពុំគាំទ្រចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ជេរប្រទេចធ្ងន់ៗទៅលើប៉ូលិស ពីសំណាក់ស្ត្រីជាអ្នកលក់ផលិតផល កែសម្ផស្សអនឡាញរូបនេះឡើយ ដោយគេដាក់ទៅវិញថា «តិចទៀតដឹងខ្លួនហើយ, គេបានប្រកាសឲ្យដឹងហើយតើ ដល់ពេលគេផាកខឹងគេ គេឲ្យពាក់មួកការពារជីវិតខ្លួនឯងសោះ ហេតុអីមិនពាក់?» ។
ដោយឡែក លោក ផែង វណ្ណៈ វិញ ដោយហួសចិត្តនឹងការបញ្ចេញកំហឹង របស់ស្ត្រីខាងលើនេះពេក ក៏បានដាក់ឲ្យយ៉ាងដូច្នេះថា៖ «នាងអើយ ខ្លួនឯងជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលនគរបាលចរាចរណ៍ ចាប់ផាកពិន័យ បែជាមកជេរមន្ត្រីអនុវត្តន៍ច្បាប់ទៅវិញ ។ ចុះបើនាងពាក់មួកទៅ មានមន្ត្រីណាទៅផាកនាង ? ប្រឹងដាក់ទំនាយគេ គិតថានាងល្អមែន?» ៕ ដោយ៖ លឹម ហុង