ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបញ្ជាក់ទៅកាន់បងប្អូន ដែលមានចម្ងល់ទាក់ទងទៅនឹងប័ណ្ណបើកបរអចិន្ត្រៃយ៍របស់ខ្លួនថា អាចប្រើប្រាស់បាន ឬមិនបាន ។
យោងតាមសេចក្តីជូនដំណឹង លេខ ០០៨ សជណ.សក. ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់សាធារណជនទាំងអស់ ដែលកាន់ប័ណ្ណបើកបរមានសុពលភាពអចិន្ត្រៃយ៍ អាចប្រើប្រាស់បាន១០ឆ្នាំបន្ថែមទៀតរហូតដល់មានការជូនដំណឹងថ្មី។
ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ប្តូរយកប័ណ្ណបើកបរប្រភេទថ្មី (សុពលភាព១០ឆ្នាំ) ក៏អាចប្តូរបានដែរ។ បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូ មានទំហំស៊ីឡាំង ចាប់ពី១២៥សេសេ ចុះក្រោម មិនចាំបាច់តម្រូវឱ្យ មានប័ណ្ណបើកបរប្រភេទ <<ក>> ទេ តែបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូដែលមានទំហំស៊ីឡាំង លើសពី១២៥សេសេ គឺត្រូវតែមានប័ណ្ណបើកបរប្រភេទ <<ក>> ទើបអាចបើកបរបាន។
បងប្អូនប្រជាពលរដ្ឋអាចប្តូរ និងពន្យារ នៅមណ្ឌលផ្តល់ប័ណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់។ បងប្អូនប្រជាពលរដ្ឋត្រូវមានឯកសារដូចជា៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់) ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក (ថតនៅទីតាំងផ្ទាល់) ៤. ពាក្យបណ្តឹងបាត់ប័ណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋចង់ប្រឡងយកប័ណ្ណបើកបរត្រូវមានឯកសារដូចរៀបរាប់ខាងលើ(*១ *២ *៣) និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរសម្រាប់បណ្ណប្រភេទ គ ឃ និង ង ។
សូមបញ្ជាក់ថា យោងតាមស្មារតីកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ថ្ងៃទី១០ខែមីនាឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូន សូមជម្រាប់ជូនដំណឹងដល់សាធារណជន ទាំងអស់ ដែលកាន់ប័ណ្ណបើកបរមានសុពលភាពអចិន្ត្រៃយ៍ អាចប្រើប្រាស់បាន១០ឆ្នាំបន្ថែមទៀត រហូតដល់មានការជូនដំណឹងជាថ្មី។ ចំពោះប័ណ្ណបើកបរមានសុពលភាពរហូតដល់អាយុ៦០ឆ្នាំគិតពីឆ្នាំកំណើត អាចប្រើប្រាស់បានរហូតដល់អស់សុពលភាព។ ចំពោះសាធារណជនដែលកំពុងកាន់ប័ណ្ណបើកបរទាំង២ប្រភេទខាងលើ ហើយមានបំណងចង់ប្តូរយកប័ណ្ណបើកបរប្រភេទថ្មីមានសុពលភាព១០ឆ្នាំនោះ ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងរៀបចំប្តូរជូន។
ចំណែករាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៦ខែមករាឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីប្រកាសលេខ០២សសរ ស្តីពីការលុបចោលប័ណ្ណបើកបរប្រភេទ “ក១”។ សម្រេច លុបចោលប័ណ្ណបើកបរប្រភេទ “ក១” មានន័យថា អ្នកបើកបរទោចក្រយានយន្តដែលមានកម្លាំងចាប់ពី១២៥សេសេ ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតទេ។ ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំការងាររៀបចំធ្វើវិសោធនកម្មជាបន្ទាន់ លើបទប្បញ្ញតិ្តច្បាប់ដេលមានការពាក់ព័ន្ធសម្រាប់ដាក់ឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច ដើម្បីបញ្ជូនទៅស្ថាប័ននីតិបញ្ញត្តិពិនិត្យ និងផ្តល់ការអនុម័តជាកិច្ចការប្រញាប់។ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវចាត់ចែងបង្កើនយុទ្ធនាការផ្សព្វផ្សាយនិងបង្រៀនច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយជូនដល់សាធារណជន ៕ដោយ កូឡាប
តើប័ណ្ណបើកបរណា អាចបើកបរយានយន្តណាខ្លះ? សូមស្វែងយល់ដូចខាងក្រោម៖