Xiaochangjiang ដែលត្រូវបានគេស្គាល់ជាទូទៅថាជា “Little Yangtze River” គឺជាក្មេងប្រុសម្នាក់ទើបមានអាយុ ៦ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ រូបគេបានកំពុងរកស៊ីដោយខ្លួនឯង តាមរយៈការដឹកជញ្ជូនទំនិញ នៅក្នុងទីក្រុង Qingdao ខេត្ត Shandong ។ នាពេលថ្មីៗនេះ Xiaochangjiang ក៏បានកំពុងក្លាយជាជនល្បីម្នាក់ បន្ទាប់ពីបណ្តារូបភាពរបស់គេបានលេចឡើងនៅលើបណ្តាញសង្គម ។
បុរសម្នាក់ដែលមានឈ្មោះថា Wang Qingwei បានបង្ហោះរូបថតរបស់ Xiaochangjiang នៅលើគណនី WeChat របស់ខ្លួន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់អ៊ីនធើរណេត ។ នេះបើតាមសេចក្តីរាយការណ៍របស់ CCTV News ។
Wang ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលគាត់បានឃើញក្មេងតូចនេះ កំពុងនាំយកកញ្ចប់ទំនិញនៅឯមុខជណ្តើរទ្វារផ្ទះរបស់គាត់ ។ Wang និយាយថា៖ «គាត់បានប្រគល់ខ្ញុំនូវកញ្ចប់ទំនិញធំមួយ ដែលមើលទៅគួរឲ្យពិបាកមែនទែន និងស្នើសុំខ្ញុំចុះសញ្ញាលើវិក័យបត្រទទួល» ។ នេះបើយោងតាម China Daily ។
ដោយឃើញសភាពដៃទាំងពីររបស់ក្មេងប្រុសគួរឲ្យស្រលាញ់នេះ ឡើងក្រហមដោយសារអាកាសធាតុដ៏ត្រជាក់, Wang ក៏បានអញ្ជើញក្តឹប «អ្នកដឹកជញ្ជូនទំនិញ» ចូលទទួលភាពកក់ក្តៅបន្តិច ។ ដោយឃើញក្តារអុកនៅលើតុ ក្មេងប្រុសរូបនេះហាក់ដូចចាប់អារម្មណ៍វាជាខ្លាំង ។ Wang ដែលក៏ជានាយកសមាគមអុក Qingdao បន្ទាប់មក ក៏បានផ្តល់ក្តារអុក១ជាកាដូ និងបង្រៀនវាឲ្យចេះលេងអុកផងដែរ ។
បន្ទាប់ពីរូបភាពគួរឲ្យព្រួយបារម្ភពីសុវត្ថិភាពក្មេងប្រុសម្នាក់នេះ ត្រូវបានលេចឡើងនៅលើអ៊ីនធើរណេត អាជ្ញាធរក្នុងតំបន់បានចាប់ផ្តើមស៊ើបអង្កេត ដើម្បីស្វែងរកឪពុកម្តាយរបស់ក្មេងប្រុសនេះ ។
មនុស្សជាច្រើនបានសម្តែងការព្រួយបារម្ភ ចំពោះបញ្ហាសុខភាព និងការសិក្សារបស់ Xiaochangjiang ។ ហើយពួកគេក៏បានរៃអង្គាសលុយផ្តល់ជូនក្មេងប្រុសតូចនេះ នៅពេលបានដឹងរឿងរ៉ាវរបស់គេ ។ ពិតជារំភើបចិត្តជំនួសណាស់ ដែលក្មេងប្រុសនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសុខាភិបាលកុមារ ដែលបានសន្យានឹងមើលថែ និងព្រមទាំងផ្គត់ផ្គង់ការសិក្សារបស់គេផងដែរ ។
Ren Linsong អនុប្រធានគាំពារសុខុមាលភាព និយាយថា៖ «ក្មេងប្រុសនេះ មានសុខភាពល្អ និងជាក្មេងឆ្លាតណាស់ ។ យើងខ្ញុំនឹងមើលថែគាត់ និងជួយគាត់បានរៀនសូត្រផងដែរ» ៕ ចន្ទី