ឥណ្ឌា៖ អគ្គស្នងការប៉ូលិស Chandigarh លោក Sanjay Baniwal បានបង្កើតវិធីសាស្ត្រច្នៃប្រឌិតដ៏អស់ទាស់មួយ តាមរយៈការប្រើប្រាស់អង្គំដ៏ធំ ឬ ខ្នោះយក្ស ដើម្បីចាប់ជនសង្ស័យនៅក្នុងសម័យ Covid-19។
ចែករំលែកនៅលើគណនីធ្វីតធ័រផ្លូវការរបស់គាត់ លោក Sanjay បានបង្ហាញឲ្យឃើញសកម្មភាពដែលកំពុងដំណើរការនៅក្នុងរូបភាពបែបកំប្លែង ដែលគួរអោយចាប់អារម្មណ៍ពីប៉ូលីសម្នាក់ចាប់ឧក្រិដ្ឋជន។ នេះបង្ហាញថា គ្មានបទឧក្រិដ្ឋណាមួយដែលនឹងអាចគេចផុតពីដៃប៉ូលីសបានឡើយ សម្រាប់ការច្នៃប្រឌិតមួយនេះដែលសូម្បីតែ Tony Stark ក៏ច្រណែននឹងគាត់ដែរ នៅក្នុងដំណោះស្រាយអនុវត្តការឃ្លាតឆ្ងាយពីសង្គម ក្នុងអំឡុងស្ថានភាពរីករាលនៃវីរុស Covid-19 ។
មន្ត្រីម្នាក់អាចត្រូវបានឃើញនៅក្នុងវីដេអូ ប្រើប្រាស់ឧបករណ៍អង្គំដែកវែងមួយ ដោយគៀបជុំវិញចង្កេះបុរសម្នាក់ និងបង្ខំឲ្យគាត់ឡើងលើរថយន្ត ។
លោក Sanjay បានឲ្យដឹងថា៖ “យើងហៅវាថា ”អង្គំសម្រាប់វិធានការឃ្លាតឆ្ងាយសង្គម ឬ អ្នកចាប់អ្នកដែលរំលោភបំពានបម្រាមរដ្ឋាភិបាល ។ នេះត្រូវបានប្រើជាពិសេសក្នុងករណីដែលយើងសង្ស័យថានរណាម្នាក់មានវីរុសឆ្លង ហើយពួកគេមិនសហការជាមួយយើងទេ” ។
យោងតាម NPR បានអោយដឹងថា មន្ត្រីប៉ូលិសនៅ Chandigarh នៅតែអនុវត្តជាមួយនឹងគំរូដើមនៃអង្គំនេះ ហើយមិនទាន់បានប្រើវាប្រឆាំងនឹងឧក្រិដ្ឋជននៅឡើយទេ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)