ខេត្តស្វាយរៀង៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ចុះពិនិត្យមុខទំនិញ នៅផ្សារក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងគោលបំណងស្វែងរកសារធាតុគីមី ដែលតាំងលក់នៅលើបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ ជាពិសេសពិនិត្យទៅលើការតាំងលក់ម៉ាស អាល់កុល និងជែល សម្រាប់ការពារជំងឺកូវីដ១៩។
លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បានថ្លែងថា ការចុះត្រួតពិនិត្យ នៅផ្សារក្រោលគោនេះ បានធ្វើតេស្តមុខទំនិញចំនួន១៨គំរូ តែរកពុំឃើញសារធាតុគីមី នៅលើបន្លែត្រីសាច់ណាមួយនោះទេ ដោយសារបងប្អូនអាជីវករ ភាគច្រើនមានការយល់ដឹង អំពីផលប៉ះពាល់សារធាតុគីមី ដែលដាក់ក្នុងម្ហូបអាហារព្រមទាំងបានធ្វើអនាម័យបានល្អប្រសើរ ក្នុងការតាំងលក់ដូរ នៅក្នុងផ្សារក្រោលគោ។
លោកបានបញ្ជាក់ថា ទោះបីរកពុំឃើញនូវសារធាតុគីមី ឬទំនិញខូចគុណភាព ក៏ដោយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ហៅកាត់ថាកាំកុងត្រូល) និងមន្ទីរពាណិជ្ជកម្មខេត្ត តែងតែចុះពិនិត្យមុខទំនិញ ឲ្យបានដូចភ្លៀងរលឹម ដើម្បីស្វែងរកសារធាតុដែលហាមឃាត់ (សារធាតុគីមី) ខណៈបរិភោគហើយប៉ះពាល់ដល់សុខភាពហើយសូមឲ្យអាជីវករ ចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការចុះត្រួតពិនិត្យទំនិញផ្សេងៗគ្រប់ភេទ នៅតាមទីផ្សារក្នុងខេត្តផងដែរ៕ ដោយ៖ វ៉ៃកូ