Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារី​អេឡិចត្រូនិក SISHA និង E-Cigarette ជា​ផលិត​ផលញៀន​ថ្មី ដែល​កំពុង​បង្ក​ហានិភ័យ​ដល់​យុវជន​

​ភ្នំពេញ​៖ បារី​អេឡិចត្រូនិក SISHA និង E-Cigare tte គឺជា​បារី​អេឡិចត្រូនិកដែលជា​ផលិតផល ញៀន​ថ្មី​កំពុង​បង្ក ហានិភ័យ​ដល់​យុវជន​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​អនាគត​។​
អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH) ជា​អង្គការ ធ្វើ​ការងារ​ទាក់ទង​នឹង​ផលប៉ះពាល់​សុខភាព​សាធារណៈ បាន​អះអាងថា ការប្រើប្រាស់​ផលិតផល​ថ្មាំ​ជក់​នៅ​ប្រទេស​កម្ពុជា បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថ្មី​ចំពោះ​ការ​កើន ឡើង​អ្នកប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ច​សម័យថ្មី ជាពិសេស​ភាគច្រើន​ក្នុង​ស្រទាប់​ជា​យុវវ័យ​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH Cambodia) បានបញ្ជាក់​ឲ្យ​ដឹង​ថ្ងៃ​៩ ឧសភា​នេះ​ថា បារី​អេឡិចត្រូនិក​ជា​បារី​មិន​ដុត ឬ​មិន​ប្រើ ស្លឹក​ថ្នាំជក់ តែ​វា​ប្រើ​ល្បាយ​សូឡិច​ស្យុ​ង​ផលិត​ចំហាយ​ជាតិពុល ដែល​អ្នកប្រើប្រាស់ ស្រូប​ចូល​។ បារី​អេឡិចត្រូនិក​មានឈ្មោះ​ថា SISHA និង​E-Cigarette​នេះ វា​បាន​បង្ក​ហានិភ័យ ដល់​អ្នកប្រើប្រាស់ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សហរដ្ឋអាមេរិក​មាន ការរង​របួស​សួត ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ បារី​អេឡិចត្រូនិក​ប្រមាណ ២៨០០​ករណី ក្នុងនោះ អ្នកស្លាប់​ជាង ៦០​នាក់​។ ហានិភ័យ​ផ្សេង ទៀត​ដែល អាច​កើតមាន គឺ​មហារីក​សួត មហារីក ក្រពះ មហារីក ប្លោកនោម មហារីក​បំពង់​អាហារ ជំងឺ​ផ្លូវដង្ហើម និង​ជំងឺ​បេះដូង​។ ផលិតផល ញៀន​ថ្មី​មួយ ប្រភេទ​ទៀត គឺជា​ឧបករណ៍​កំដៅ សារធាតុ​ថ្នាំជក់ ដែល​ស្រដៀង នឹង​បារី​ធម្មតា​។ យុវជន​ត្រូវ បាន​គេ​បំភ័ន​ថា ការប្រើ ប្រាស់​បារី អេឡិចត្រូនិក គឺជា​មធ្យោបាយ​ផ្តាច់​បារី​ដែល មាន សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន ព្រមទាំង​ទទួលស្គាល់​ដោយ​អ្នក​វិទ្យា សាស្ត្រ​មួយ ចំនួន​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​លើកឡើងថា ការជក់បារី​អេ​ឡិច​ត្រូ​និ​ច មាន​សា​ធាតុ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ដូចគ្នា​នឹង​ការជក់បារី​ដែរ ប៉ុន្តែ​ឧបករណ៍​ជក់​សម័យថ្មី​មួយ​នេះ អាច​នឹងមាន​គ្រោះថ្នាក់​កាន់តែខ្លាំង​ជាង​បារី ប្រសិនបើ​ឧបករណ៍​នេះ អាច​លាយ​បញ្ចូល​នូវ​សារធាតុ​ញៀន​បាន និង​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​លើកឡើងថា នៅពេល​បច្ចុប្បន្ននេះ​បារី​អេឡិចត្រូនិក ត្រូវបាន​ផ្សព្វផ្សាយ យ៉ាង​ទូលំ ទូលាយ​តាម​អ៊ីនធឺណិត ហើយ​ជា​ឧបករណ៍​ផ្តាច់​បារី ប៉ុន្តែ​វា​ពុំ​ដូច្នោះ​ឡើយ​។ បារី​អេឡិចត្រូនិក គឺជា​គ្រឿង ញៀន​ប្រភេទ​ថ្មី ដែល​បាន និង​កំពុង​ពង្វក់​អារម្មណ៍​យុវជន​ខ្មែរ ឱ្យ​ឈ្លក់​វង្វេង ឈានទៅដល់ ការបោះ បង់​ការសិក្សា ការងារ និង​បង្កបញ្ហា​សង្គម​ផ្សេងៗ​ទៀត​គួ រ​ឱ្យ​ព្រួយ បារម្ភ​។​
​លោក​បន្តថា ដូច​ចែង ក្នុង​សេចក្តីណែនាំ​ស្តីពី វិធានការ​បង្ការ​បញ្ឈ​ប់​ការប្រើប្រាស់ ការធ្វើ​អាជីវកម្ម និង​ការនាំ ចូល​ផលិតផល SISHA និង​E-Cigarette ជា​បារី​អេឡិចត្រូនិក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ ជាបន្ទាន់​ដោយ​ត្រូវ​រឹប អូស​យក​ផលិតផល​ទាំង​នោះមក​រក្សាទុក តាម​សេចក្តីណែនាំ​របស់​អាជ្ញាធ​រ​ជាតិ ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ដែល​បាន​រឹតបន្តឹង​ការអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ការពារ សុខភាព​ប្រជាជន ជាពិសេស​យុវជន​កម្ពុជា​ឱ្យបាន​ទាន់ពេល​វេ លា ស្រប តាម​ប្រធាន បទ​នៃ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​នា​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ ដើម្បី​ការពារ​យុវជន ពី​ឧបាយ កល​ឧស្សាហកម្ម​ថ្នាំជក់ និង​បង្ការ​ពួកគេ​ពី​ការ​គ្រោះ ថ្នាក់​ដោយ​ការប្រើប្រាស់​ថ្នាំជក់​និង​នី​កូ​ទី​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ ក៏បាន​ស្នើរ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យមាន​ការបកស្រាយ​បន្ថែម ចំពោះ​ផលប៉ះពាល់​ពី​បារី​អេ​ឡិច​ត្រូ​និ​ចនេះ បើទោះជា​អាជ្ញាធរ ធ្លាប់​បកស្រាយ​ពី​ផលប៉ះពាល់​ហើយក៏​ដោយ តែ​បាន​សង្កេតឃើញ​ចំនួន​អ្នកប្រើប្រាស់​កាន់តែ​ទូលំទូលាយ​ជាង​មុន​។ ម្យ៉ាងវិញទៀត ដើម្បីឱ្យ​សាធារណជន​បានដឹង​អំពី​ផលប៉ះពាល់ ព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ អ្នកប្រើប្រាស់​មាន​កាន់តែ​ច្រើនឡើងៗ និង​កុំឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ចកម្ពុជា​ច្រើន​ថែមទៀត ដោយសារតែ​ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ចនេះ​។​

​យោងតាម​របាយការណ៍​សិក្សា និង​ស្រាវជ្រាវ​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានឱ្យដឹងថា តាំងពី​ឆ្នាំ​២០១៤​មក​ម្លេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​ច្បាស់​ថា បារី​អេ​ឡិ​ក​ត្រូ​និ​ច គឺជា​គ្រឿងញៀន​ប្រភេទ​ថ្មី​ដែល​បាន និង​កំពុង​ពង្វក់ស្មារតី​យុវជន​ខ្មែរ​ឱ្យ​ឈ្លក់​វ​ង្វែ​ង ឈានទៅ​បោះបង់​ការសិក្សា ការងារ និង​បង្កបញ្ហា​សង្គម​ផ្សេងទៀត គួរឱ្យ​ព្រួយបារម្ភ​។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏បាន​បង្ហាញ​នូវ​សុ​ឆន្ទៈ ក្នុងការ​ហាមឃាត់​ការធ្វើការ​ចរាចរណ៍ លក់​ផលិតផល​បារី​អេ​ឡិ​ក​ត្រូ​និ​ច តាមរយៈ​ការចេញ​សេចក្តីណែនាំ ស្តីពី​វិធានការ បង្ការ ការប្រើប្រាស់​និង​ការធ្វើ​អាជីវកម្ម និង​ការ​នាំចូល​ផលិតផល​ស៊ី​ហ្សា និង​បារី​អេ​ឡិ​ក​ត្រូ​និ​ច នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទោះជា​យ៉ាងនេះ​ក៏ដោយ គិត​ត្រឹម​ឆ្នាំ​២០១៩ បាន​សង្កេតឃើញ​មានការ​ចែកចាយ​កាន់តែ​ច្រើនឡើងៗ នូវ​ផលិតផល​បារី​អេ​ឡិ​ក​ត្រូ​និ​ច​តាម​អ៊ី​ន​ធើ​ណិ​ត តួយ៉ាង​ដូចជា​ការផ្សាយ​លក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ជាដើម​។ បារី​អេ​ឡិ​ក​ត្រូ​និ​ច ក៏​ជា​ប្រភេទ​មួយ​នៃ​ផលិតផល​ថ្នាំជក់​ដែល​ត្រូវបាន​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់ ហាមឃាត់​ការផ្សាយ​លក់​គ្រប់​រូបភាព​។ ក្នុងន័យនេះ ការផ្សព្វផ្សាយ​បារី​អេ​ឡិ​ក​ត្រូ​និ​ច ជាការ​ល្មើស​ទៅលើ​ទាំង​សេចក្តីណែនាំ​របស់​អា​ជ្ងា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​។​

​របាយការណ៍​បន្តថា បារី​អេ​ឡិ​ក​ត្រូ​និ​ច ត្រូវបាន​គេ​ហៅ​ឈ្មោះ​ផ្សេងៗ​គ្នា ដូចជា e-cigs, e-hookahs, vapes, vape pens, tank systems, mods ជាដើម​។ វា​មាន​ទំហំ និង​រូបរាង​ជាច្រើន​។ មួយចំនួន​មាន​រូបរាង​ដូច​បារី​ធម្មតា ខ្លះទៀត​ខុសគ្នា​យ៉ាងខ្លាំង​ពី​បារី​ធម្មតា​។ បារី​អេ​ឡិ​ក​ត្រូ​និ​ច ដំណើរការ​ដោយ​ប្រើ​ថាមពល​ដោយ​ការដុត​កម្តៅ​វត្ថុ​រាវ​ដែល​ដាក់​នៅក្នុង​កំប៉ុង​ដែល​ផ្ទុក​វត្ថុ​រាវ​នោះ​។ ក្រៅពី​មាន​ផ្ទុក​កម្រិត​នីកូទីន​ខ្ពស់ អ្នកជំនាញ​បានលើកឡើង​ថា បារី​អេ​ឡិ​ក​ត្រូ​និ​ច​ផ្ទុក​សារធាតុ​គីមី​ផ្ដល់​រសជាតិ​សិប្ប​និមិត្ត​ដែល​ពុល ដូចជា ប្រូ​ទី​ឡែ​ន​គ្រី​កូ​ល គ្លី​សេរី​ន លោហធាតុ ដូចជា​សំណរ និង​សារធាតុ​រសជាតិ​ដែល​ពុល​និង​បង្ក​ជំងឺ​សួត ជំងឺមហារីក និង​សារ​ធាតុគីមី​ជាច្រើន​មុខ​ទៀត​។​

​ចំពោះ​បារី​អេ​ឡិ​ក​ត្រូ​និ​ច​ដែល​គេ​អះអាងថា គ្មាន​ជាតិ​នីកូទីន ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​ជាតិ​នីកូទីន​។ ការ​នៅក្បែរ​នរណាម្នាក់ ដែល​ប្រើប្រាស់​បារី​អេ​ឡិ​ក​ត្រូ​និ​ច រង​ផលប៉ះពាល់​ស្រដៀង​គ្នា និង​ការ​ស្រូប​ផ្សេង​បារី​ធម្មតា​ដែរ​។ ទោះបី​គេ​ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​បារី​អេ​ឡិ​ក​ត្រូ​និ​ច​បន្ថែមទៀត​ក៏ដោយ ក៏​ភស្តុតាង​អំពី​ផល​ប់ះ​ពាល់​ដែល​ត្រូវបាន​រកឃើញ បញ្ជាក់​យ៉ាងច្បាស់​ថា យើង​មិនគួរ​ប្រើប្រាស់​បារី​អេ​ឡិ​ក​ត្រូ​និ​ចឡើយ​៕​ដោយ​៖​កូ​ឡាប​

×