ភ្នំពេញ ៖ អគ្គលេខាធិការដា្ឋនរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាសភា ដើម្បីស្វែងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច
និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។
អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសហការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស ដើម្បីស្វែងយល់ពីការកសាងក្របខ័ណ្ឌគោល នយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦” នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធាន ទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តម បណ្ឌិត អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម(គណៈកម្មការទី២) ន រដ្ឋសភាបានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាព កត្តាប្រឈម និងសមិទ្ឋិផលសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងរយៈពេលកន្លងមក ក៏ដូចជាបង្ហាញពីទស្សនទានគន្លឹះនិងការវិភាគស៊ីជម្រៅគ្រប់ជ្រុងជ្រោយក្នុងការ រៀបចំក្របខ័ណ្ឌគោលនយោបាយនេះ និងបន្តដាក់ចេញនូវវិធានការកែទម្រង់ជារចនាសម្ព័ន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបញ្ចៀសនូវផលប៉ះពាល់នហានិភ័យនានាទាំងក្នុងកម្រិតតំបន់ និងសកលលោកផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍គូសរំលេចនូវចំណុចសំខាន់ ចំនួន ៣ រួមមាន៖ (១). បរិការណ៍រួមនៃ ការរៀបចំក្របខណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២៦ (២). ទិសដៅ និង អភិក្រមនៃគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និង (៣), ខ្លឹមសារ សង្ខេបនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្តី បានគូសបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោល នយោបាយហិរញ្ញវត្ថុសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ គឺបានរៀបចំឡើង ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា បន្តត្រូវបានហ៊ុមព័ទ្ធ ដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រង របស់កម្ពុជានោះឡើយ ជាអាទិ៍ ៖ ការប្រែប្រួលយ៉ាងរហ័សនៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់តែមានទំនោរទៅរកចរន្តគាំពារនិយម និងឯកតោនិយម តាមរយៈ គោលនយោបាយពន្ធគយបដិការ ការបន្តបិទខ្ទប់ព្រំដែន គោក រវាងកម្ពុជា-ថៃ ។ល។ ក្នុងបរិការណ៍នេះ ទស្សនវិស័យសេដ្ឋកិច្ច ទាំងក្នុងកម្រិតសកល តំបន់ និង រួមទាំងកម្ពុជា ផង ហាក់មានទំនោរទៅជួបប្រឈមនឹងហានិភ័យច្រើនជាងកាលានុវត្តភាព ដែលទាមទារនូវការតាមដានឲ្យបានជា ប្រចាំ និងកាន់តែខ្ជាប់ខ្ជួនបំផុត អំពីការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច ជាពិសេស ការគិតគូរអំពីកម្មវិបាក និងបច្ច័យ មកលើស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុក សម្រាប់តម្រែតម្រង់ទិសដៅគោលនយោបាយ និង រៀបចំវិធានការ ឆ្លើយតប ឲ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាពខ្ពស់ ក្នុងករណីចាំបាច់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្រប តាមក្រប ខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ និងឈរលើការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើ ទិដ្ឋភាពធំៗចំនួន ៣ រួមមាន៖ ១)- និន្នាការថមថយនៃចំណូល ២)-សម្ពាធនៃតម្រូវការចំណាយដែលមានការកើន ឡើង ហើយដែលមុខសញ្ញាខ្លះត្រូវមានកំណើនជាចាំបាច់ ពិសេស កិច្ចការការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគនៃការវិនិយោគ សេវាបំណុលជាដើម និង ៣)-ការស្រកស្រុតនៃប្រាក់សន្សំ របស់រាជរដ្ឋាភិបាលដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង វិបត្តិផ្សេងទៀត ជាបន្តបន្ទាប់ ហើយដែលមិនទាន់
អាចស្ដារឡើងវិញបាននៅឡើយ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងណាក៏ដោយ គម្រោង ថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំ ដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ព្រមទាំង ធានាបាននូវចីរភាព ស្របតាម «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើន ផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការអភិវឌ្ឍ មូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។
អញ្ជើញថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍ ថា ថវិកាឆ្នាំ២០២៦ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថាជា “ថវិកាដើម្បីពង្រឹងសមត្ថភាព ការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី ធានាសុខសន្តិភាព រក្សាលំនឹងសង្គម-សេដ្ឋកិច្ច ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍមនុស្ស និងស្ថាប័ន និងលើកម្ពស់ភាពប្រកួតប្រជែង តាមរយៈការពង្រឹងស័ក្តិសិទ្ធិភាព និងការធានាចីរភាពហិរញ្ញវត្ថុសាធារណៈ សំដៅលើក កម្ពស់សុខដុមភាពសង្គមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗនៃយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧”។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានលើកទឹកចិត្តដល់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ពិសេសគណៈកម្មការ ជំនាញនីមួយៗរបស់សភាទាំងពីរ បន្តសិក្សាស្រាវជ្រាវពីប្រភពឯកសារនានាទាក់ទងនឹងម៉ាក្រូសេដ្ឋកិច្ច គោល នយោបាយហិរញ្ញវត្ថុសាធារណៈ និងយុទ្ឋសាស្ត្រនានាដែលមានការពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាឲ្យបានហ្មត់ចត់ គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ដើម្បីជាមូលដ្ឋានក្នុងការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ គ្រប់គ្រងឆ្នាំ២០២៦ នាពេលខាងមុខនេះ សំដៅធានាបានថា ការវិភាជន៍ថវិកាជាតិឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋនិងមាតុភូមិកម្ពុជានិងវិស័យអាទិភាពរបស់ជាតិ។
ឯកឧត្តមអនុប្រធានទី១រដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ចូលរួមនៅក្នុងការពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាយ៉ាងផុសផុល ដើម្បីជាធាតុចូលសម្រាប់ប្រើប្រាស់ និងជាមូលដ្ឋានដ៏សំខាន់ក្នុងការឈានទៅពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ខាងមុខជាមិនខានឡើយ។
ឯកឧត្តមបានបន្តលើកឡើងថា ក្នុងស្មារតីជួយជំរុញនិងគាំទ្រដល់ដំណើរការនៃការកសាងក្របខណ្ឌគោល នយោបាយម៉ាក្រូ សេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សភាទាំងពីរនៃព្រះរាជាណាចក្រកម្ពុជាបាន អនុម័តគោលនយោបាយ ច្បាប់ និងឧបករណ៍គតិយុត្តមួយចំនួន ដូចជា៖ ផែនការយុទ្ធសាស្ត្រជាតិ យុទ្ធសាស្ត កែទម្រង់រដ្ឋបាលសាធារណៈ យុទ្ធសាស្ត្រកែទម្រង់ហិរញ្ញវត្ថុសាធារណៈអនុម័តច្បាប់ ស្ដីពីការយល់ព្រមលើផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិ ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ គ្រប់គ្រងឆ្នាំនីមួយៗច្បាប់ស្តីពីការទូទាត់ថវិកា។ សភា បានយកចិត្តទុកដាក់និងតាមដាននូវវឌ្ឍនភាពនៃការអនុវត្តការកែទម្រង់ដ៏មុតស្រួចជាប់ជាប្រចាំហើយបានមើល
ឃើញនិងទទួលស្គាល់នូវការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្ប
បរមា តាមរយៈវិធានការបង្រួមវិសមភាពសេដ្ឋកិច្ច ការអភិវឌ្ឍនិងការកសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈ ប្រមូលផ្តុំនិង សង្គតិភាព ការកាត់បន្ថយបន្ទុកជីវភាពប្រជាជន និងការផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា«ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង គោលនយោបាយហិរញ្ញវត្ថុសាធារណៈ គឺជាមូលដ្ឋានសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៦ ដែលនឹងផ្ដល់ទិសដៅគោលនយោបាយបន្ថែមសម្រាប់ការបន្តពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ច បន្តចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងដែលកាន់ មានពិពិធកម្ម ពិសេសការកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច ដែលលក្ខខណ្ឌសម្រាប់តម្រង់ទិសក្នុងការរៀបចំរបៀបវារៈអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នេះ»។
ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា ដែលបាន មានប្រសាសន៍រាយការណ៍អំពីដំណើរការនិងលទ្ធផលរួមនៃអង្គសិក្ខាសាលា ដែលមានធាតុចូលដ៏សំខាន់ជាចើន សម្រាប់ជាពុទ្ធិក្នុងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២៦ នាពេលដ៏ខ្លីខាងមុខ ឱ្យមានលក្ខណៈគ្រប់ ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការ បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងអាទិភាពរបស់ប្រទេសជាតិ។
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញថ្លែបិទអង្គសិក្ខាសាលាដោយបញ្ជាក់ថា ការរៀបចំស ចក្ដីព្រាងច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៦ គឺមិនត្រឹមតែជាលំហាត់បច្ចេកទេសធម្មតានោះទេ តែជាគម្រោងយុទ្ធសា ស្ត្រមួយដែលឆ្លុះបញ្ចាំងពីសេចក្ដីប្រាថ្នារយៈពេលវែងរបស់កម្ពុជា រួមទាំងចក្ខុវិស័យរបស់យើងក្នុងការចេញផុតពីប្រភេទ
ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ការសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ការជំរុញ ការផ្លាស់ប្តូរឌីជីថល និងបៃតង និងការលើកកម្ពស់ការរួមបញ្ចូល និងសមធម៌ក្នុងសង្គម។
ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានមានប្រសាសន៍ទៀតថា ខណៈពេលដែលកម្ពុជាកំពុងឈានទៅមុខក្នុងការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និង ថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ២០២៦ គឺជាកិច្ចការដ៏សំខាន់ចាំបាច់បំផុត។
ច្បាប់នេះនឹងបម្រើជាឧបករណ៍យុទ្ធសាស្ត្រដើម្បី គាំទ្រដល់អាទិភាពជាតិសំខាន់ៗ រួមមាន៖ ការការពារអធិបតេយ្យ ភាពជាតិ និងសន្តិភាព ការធានាស្ថិរភាពសង្គម-សេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន និងការបង្កើនសមត្ថភាពប្រកួតប្រជែង។ តាមរយៈការពង្រឹងប្រសិទ្ធភាព និងនិរន្តរភាពនៃហិរញ្ញវត្ថុសាធារណៈ ច្បាប់នេះនឹងជំរុញ សុខដុមនីយកម្មសង្គមទ្រទ្រង់កំណើនសេដ្ឋកិច្ច ព្រមទាំងនាំកម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ខ្លួនក្នុងការប្រែក្លាយជា ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០៕ រក្សាសិទ្ធដោយ៖សុទ្ធលី












