ភ្នំពេញ៖ ជនបរទេស២នាក់ បានទៅអង្គុយផឹកនៅលើខឿនផ្លូវថ្មើរជើងមាត់ទន្លេ ប៉ុន្តែ ខណៈពេលនោះ ម្នាក់ប្រហែលជាស្រវឹងធ្លាក់ភ្នែក បានរអិលធ្លាក់ចុះទៅក្រោម បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ខណៈម្នាក់ទៀតចុះទៅជួយរងរបួសស្រាល ។ ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២០ ស្ថិតនៅសួនច្បារមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
នៅមុនពេលកើតហេតុ គេឃើញបុរសជនបរទេស២នាក់ខាងលើ កំពុងអង្គុយផឹកស្រានៅលើខឿនផ្លូវថ្មើរជើងមាត់ទន្លេ ប៉ុន្តែ មួយសន្ទុះក្រោយមក ស្រាប់តែម្នាក់ក្នុងចំណោមពួកគេទាំងពីរនាក់ បានរអិលរមៀលធ្លាក់ចុះក្រោម បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។ ឃើញបែបនេះ ម្នាក់ទៀតជាដៃគូផឹកជាមួយគ្នា ក៏បានចុះទៅជួយ ក៏រអិលរមៀលធ្លាក់ចុះ តែរងរបួសស្រាល ។
ក្រោយហេតុការណ៍នេះកើតឡើង សមត្ថកិច្ចមូលដ្ឋាន ក៏បានមកដល់ និងទាក់ទងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកជនរងគ្រោះ ដែលរងរបួសធ្ងន់ ទៅសង្គ្រោះបន្ទាន់ផងដែរ៕ ដោយ៖ លឹម ហុង