ស្ទឹងត្រែង៖ មន្ត្រីបរិស្ថានស្រុកបុរីអូរស្វាយសែនជ័យ ដេញឃាត់ រថយន្តដឹកឈើល្មើស ច្បាប់ពីរគ្រឿង។ ប៉ុន្តែឃាត់បានមួយភ្លែត ក៏ដោះលេងវិញ ដោយមិនបានបញ្ជូនសំណុំរឿង រួមទាំងភស្តុតាងទៅតុលាការឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មន្ត្រីបរិស្ថានស្រុកបុរីអូរស្វាយសែនជ័យ ដេញឃាត់រថយន្តដឹកឈើតាំងពី ផ្លូវចូលទីរួមស្រុកបុរីអូរស្វាយសែនជ័យ រហូតហួសផ្លូវចូលខេសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ ប្រតិបត្តិការនោះមន្ត្រីបរិស្ថានស្រុក ស្ទាក់ឃាត់បានរថយន្តឡិចស៊ីស ដឹកឈើខុសច្បាប់មួយគ្រឿង។ ដោយឡែករថយន្តកាមេរីគូថស្វិតមួយគ្រឿង ឃាត់មិនបានទេ។
រថយន្តពីរគ្រឿងខាងលើ គេស្គាល់ថា គឺជារថយន្តឈ្មួញដ៏ល្បីឈ្មោះហេង រស់នៅភូមិកញ្ចាញគោក ឃុំស្រែសម្បូរ ស្រុកសៀមប៉ាង។ ឈ្មួញរូបនោះសមត្ថកិច្ច ចាប់រាប់ភ្លេចរួចមកហើយ។ ទោះជាបង្ក្រាបជាច្រើនដងយ៉ាងណាក្តី ក៏ឈ្មួញឈ្មោះហេង នៅបន្តរកស៊ីរហូត។
សមត្ថកិច្ចដែលចាប់ហាក់បី ដូចជា ធ្វើអ្វីទៅលើឈ្មោះហេងមិនកើត។ ចាប់លែង…ចាប់លេង។ ពីរខែនេះបរិស្ថាន ចាប់ពីរដងរួចលែងទាំងរថយន្ត និងឈើទៅវិញអស់។
លោកភោគ និមុល ប្រធានស្នាក់ការរ៉ាមសារ ស្រុកបុរីអូស្វាយសែនជ័យ ដែលដឹកនាំកម្លាំងចុះបង្ក្រាប បានឲ្យដឹងថា ពិតជាបានឃាត់រថយន្តដឹកឈើមែន។ ករណីនេះ សុំអ្នកសារព័ត៌មានសួរ ទៅប្រធានមន្ទីរបរិស្ថាន។
លោក អេង ភិរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត មិនបានបញ្ជាក់ប្រាប់ឲ្យអ្នកសារព័ត៌មាន ដឹងនោះទេ ។ លោកគ្រាន់តែឆ្លើយថា អត់មានបានចាប់ទេ ហើយក៏បិទទូរស័ព្ទមិនបំភ្លឺប្រាប់ដល់អ្នកសារព័ត៌មានឡើយ។
សូមរំលឹកថា រថយន្តម៉ាកហ្វត របស់ឈ្មោះហេង ក៏ធ្លាប់មន្ត្រីបរិស្ថានបង្រាបម្តងហើយ កាលពីថ្ងៃ១២ ខែមីនា ឆ្នាំ២០២០ កន្លងទៅ។ តែក្រោយមកដោះលែងទៅវិញ ជាថ្នូរនឹងប្រាក់មិនតិចពាន់ដុល្លារនោះទេ។ លើកនេះ ខាងបរិស្ថានបង្ក្រាប បានរថយន្តឡិចស៊ីសហើយដោះលែងទៅវិញ ដូចកាលបង្ក្រាបរថយន្តហ្វតកន្លងទៅ៕ ដោយ៖សុខុម