ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ កងពលតូចអន្តរាគមន៍លេខ៤ បានថ្លែងនៅក្នុងសេចក្តីប្រកាសចាប់ខ្លួននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះថា កាលពីវេលាម៉ោង១៖៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានយោធាម្នាក់ឈ្មោះ សឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ឋានៈ នាយចំណង់អត្តលេខ០៧០៤៦២ អង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ បានប្រព្រឹត្តបទឧក្រិដ្ឋ ដោយបាញ់សម្លាប់មនុស្សចំនួន២នាក់ ។
យោងតាមសេចក្តីជូនដំណឹងខាងលើ លោកឧត្តមសេនីយ៍ទោ សន ស៊ា បានបញ្ចាក់ឲ្យដឹងថា ឈ្មោះ សឿន កាន់ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ រស់នៅភូមិកន្ទុយជូន ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀតឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ រស់នៅភូមិកន្ទុយជូន ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ស្ថិតនៅក្នុងភូមិសាស្ត្រកងពលតូចអន្តរាគមន៍លេខ៤) ។ ក្រោយពីបានប្រព្រឹត្តប ទល្មើ ស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន១២០ គ្រាប់ ។
តាមរយៈសេចក្តីជូនដំណឹងនេះផងដែរ លោកឧត្តមសេនីយ៍ទោ សន ស៊ា ក៏បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាឃាត់ខ្លួនជនល្មើសរូបនេះជាបន្ទាន់ ៕ ដោយ៖ លឹម ហុង