ស្ទឹងត្រែង៖ កូនសត្វផ្សោតញីមួយក្បាល ទើបនឹងកើត បានប្រហែល១០ថ្ងៃ ត្រូវឆ្មាំទន្លេ ប្រទះឃើញងាប់អណ្តែតទឹកទន្លេមេគង្គ នៅអន្លុងឈើទាល ស្ថិតនៅភូមិព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១ ឧសភា ២០២០។
លោក ដន បាន់ ឆ្មាំទន្លេប្រចាំឃុំព្រះរំកិល បានប្រាប់ឲ្យដឹងថា ក្រុមអភិរក្សបើកទូកល្បាត បានប្រទះឃើញកូនផ្សោតញីមួយក្បាល ទំនងទើបនឹងកើតបានងាប់អណ្តែតទឹក។ ខណៈនោះមេផ្សោតបានផុសហែលកៀង ជាបំណងយកកូនមុជចូលក្នុងទឹកវិញ ហើយឆ្មាំបានដណ្តើមយកកូនផ្សោត ដែលងាប់ស្រង់ដាក់ក្នុងទូក ប្រហែលពីរម៉ោងទើបបានសម្រេច។
ឆ្មាំទន្លេ បាននិយាយទៀតថា មេផ្សោតមើលទៅវាស្រឡាញ់កូនខ្លាំងណាស់ ទោះបីមនុស្សចូលទៅជិតសឹងមិនខ្លាចសោះ។ កូនផ្សោតមានទម្ងន់ជាង១៣គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ទទឹងជា១តឹក។
ខណ្ឌជលផលខេត្តស្ទឹងត្រែង បានប្រគល់សាកសពកូនផ្សោត ទៅមន្ត្រីជំនាញអង្គការ
(WWF) នៅខេត្តក្រចេះ ដើម្បីយកទៅធ្វើកោសល្យវិច័យ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។
លោក ទុំ នីរ៉ូ នាយខណ្ឌជលផលខេត្តស្ទឹងត្រែង សន្និដ្ឋានថា កូនផ្សោតនោះ ទំនងអាចងាប់ដោយសារមេរបស់វាទះបណ្តាល
ឲ្យឈ្លក់ទឹកងាប់ ព្រោះនៅលើខ្លួនរបស់វា មិនមានស្នាមជាប់មងឡើយ។
មន្ត្រីឆ្មាំទន្លេការពារអន្លង់ផ្សោតឈើទាល ឃុំព្រះរំកិល បាននិយាយថា នៅឆ្នាំ២០១៥ ផ្សោតមានចំនួន៦ក្បាល។ ប៉ុន្តែផ្សោតបានបម្លាស់ទី និងងាប់ផង នៅសល់តែត្រឹមបីក្បាលទេនាពេលបច្ចុប្បន្ន៕ដោយ៖សុខុម