ឧត្តរមានជ័យ៖ មន្ត្រីយោធាក្នុងវរសេនាតូច ចំណុះកងពលតូចអន្តរាគមន៍លេខ៤ ម្នាក់បានបាញ់សម្លាប់ខ្លួនឯងហើយ ក្នុងពេលមានះតដៃនឹងកងកម្លាំង និងសមត្ថកិច្ច ហើយក៏បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធមន្ត្រីយោធាម្នាក់ទៀត នៅអង្គភាពជាមួយគ្នា កាលពីពេលកន្លងមក ។
លោកវរសេនីយ៍ ឃុល ភិន អធិការស្រុកបន្ទាយអំពិល បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា៖ ជនល្មើសដៃដល់ឬឃាតករឈ្មោះ សឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំឋានៈនាយចំណង់អត្តលេខ០៧០៤៦២ អង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤។ ឃាតករ សឿន កាន់ បានប្រព្រឹត្តបទឧក្រិដ្ឋដោយបាញ់សម្លាប់ ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ ជាប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀត កាលពីវេលាម៉ោង១និង៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅភូមិ /ឃុំបេង ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ។ ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួន ដោយបានលួចនាំយកអាវុធ AK47 ចំនួន១ដើម គ្រាប់ចំនួន១២០គ្រាប់ ។
លោកបានបន្តថា៖ ក្នុងប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ កម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ បានតាមឡោមព័ទ្ធមន្ដ្រីយោធា សឿន កាន់ នៅវរសេនាតូចអន្ដរាគមន៍លេខ២៤៣ នៃកងពលតូចអន្ដរាគមន៍លេខ៤ ដើម្បីចាប់ខ្លួន។ ប៉ុន្ដែជនដៃដល់មិនព្រមស្ដាប់តាមសមត្ថកិច្ច រហូតបាញ់តនឹងសមត្ថកិច្ច តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះដែរ ។
លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ បានឲ្យដឹងក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ថា៖ សឿន កាន់ បានប្រព្រឹត្តបទឧក្រិដ្ឋដោយបាញ់សម្លាប់មន្ត្រីយោធា និងក៏សម្លាប់ប្រពន្ធខ្លួនឯង ក្នុងមូលហេតុឈ្លោះទាសទែងគ្រួសារមួយ ។ ហេតុនេះ សូមស្នើសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធ តាមបង្ក្រាបឃាត់ខ្លួនជនល្មើសជាបន្ទាន់។ ប៉ុន្តែពេលនេះ ជនដៃដល់បានបាញ់សម្លាប់ខ្លួនឯងស្លាប់ភ្លាមៗ ។
សូមរំលឹកថា ឃាតរឬជនដៃដល់ និងភរិយា បានឈ្លោះប្រកែកគ្នា។ ជនដៃដល់បានប្រើកាំបិត កាប់ភរិយា៣កាំបិត ។ ខណៈនោះមានស្ដ្រី ជាភរិយាយោធា នៅក្នុងអង្គភាពជាមួយគ្នា បានទៅជួយឃាត់ ។ ប៉ុន្តែជនដៃដល់មិនស្ដាប់ កហើយបែរជាទាញកាំភ្លើងបាញ់ ស្ត្រីទាំង២នាក់បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ។ បន្ទាប់មក ជនដៃដល់បានរត់គេចលាក់ខ្លួននៅទីតាំំងមួយក្បែរបន្ទាយ៕ ដោយ ៖ បន្ទាយ