ភ្នំពេញ៖ រថយន្ដទំនើប Range Rover មួយគ្រឿងបើកគេចពីរថយន្ដកុងតឺន័រ រួចក៏ទៅបុកបង្កាន់ដៃគល់ស្ពានព្រែកជ្រៃបណ្ដាលឲ្យខ្ទេចមួយកំណាត់មុខទាំងស្រុង ចំណែកតៃកុងរថយន្ដរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្ដសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដស៊េរីទំនើបមួយម៉ាកRange Rover ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BH-6588 បើកដោយបុរសម្នាក់សង្ស័យស្រវឹងស្រា ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនដូចហោះ បានបើកវ៉ាជែងរថយន្ដកុងតឺន័រមួយគ្រឿងដែលកំពុងធ្វើដំណើរ ពីមុខក្នុងទិសដៅស្របទិសគ្នា ក្នុងស្ថានភាពគ្រោះថ្នាក់ លុះមកដល់ចំណុចកើតហេតុដោយល្បឿនលឿនពេកចាប់ហ្វ្រាំងមិនជាប់ក៏រេចង្កូតទៅបុកនឹងបង្កាន់ដៃគល់ស្ពានព្រែកជ្រៃរងការខូចខាតរថយន្ដមួយកំណាត់មុខទាំងស្រុងតែម្ដង និងបណ្ដាលឲ្យតៃកុងរថយន្ដស៊េរីទំនើបរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុបានធ្វើការឆែកឆេសម្ភារក្នុងរថយន្ដយកទៅរក្សាទុក បានទាក់ទងខាងសមត្ថកិច្ចជំនាញមកធ្វើការវាសវែងយករថយន្ដទៅរក្សាទុករង់ចាំជនរងគ្រោះឬអ្នកតំណាងមកដោះស្រាយនៅពេលក្រោយ ដើម្បីសងថ្លៃខូចខាតទ្រព្យសម្បត្តិរដ្ឋ៕
ដោយ៖ ហុឹម សាម៉េត&ហង់ ភត្ត្រា