ស្វាយរៀង៖ បន្ទាប់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបង្ក្រាបរថយន្តដឹកធ្យូងចំនួន៧គ្រឿងបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម រយៈពេល១ខែកន្លងមកដោះស្រាយមិនចេញនោះ នៅថ្ងៃទី 12 ខែឧសភាឆ្នាំ 2020 ក្រុមអាជីវករដែលប្រកបអាជីវកម្មដឹកធ្យូងលក់ ឥឡូវប្រជាពលរដ្ឋមកតវ៉ានៅមុខសាលាដំបូងខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឆ្លើយបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន បានជ្រាបថា កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឃាត់រថយន្តចំនួន៧គ្រឿងដែលមានដឹកធ្យូងសរុបចំនួន១.៣៨៩បាវ ស្មើនឹងចំនួន៥៦.១៣០គីឡូក្រាម ពិតប្រាកដមែន ដោយសារជាបទដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនូវធ្យូងចម្រុះ ដែលជាអំពើល្មើសនឹងមាត្រា៦៩ កថាខណ្ឌ១និងកថាខណ្ឌ៤នៃច្បាប់ស្តីពីព្រៃឈើ ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១/៨/២០០២។
អនុលោមតាមមាត្រា៧៨ នៃច្បាប់ស្តីពីព្រៃឈើ កងរាជអាវុធហត្ថ អាចឃាត់ខ្លួនជនប្រព្រឹត្តល្មើស និងចាប់ឃាត់វត្ថុតាងបទល្មើសជាបណ្តោះអាសន្ន រួចបញ្ជូនជាបន្ទាន់ទៅមន្ត្រីរដ្ឋបាលព្រៃឈើ ដែលទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ ដើម្បីចាត់ការតាមនីតិវិធី។ ជំនាញនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រគល់ជូនលោក នេត គក នាយផ្នែករដ្ឋបាលព្រៃឈើរមាសហែក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែដោយសារនៅផ្នែករដ្ឋបាលព្រៃឈើរមាសហែក ទីតាំងចង្អៀតមិនមានកន្លែងរក្សាទុក ក៏សុំរក្សាទុកបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង (ទីតាំងបន្ទាយចាស់) “ភ្ជាប់លិខិលទទួលថែរក្សាវត្ថុតាង ចុះថ្ងៃទី១៣ ខែ០៤ ឆ្នាំ២០២០”។
លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យក៏បានបញ្ជាក់បន្ថែមថា ធ្យូងទាំងអស់សរុបចំនួនជាង៥៦តោន ឃាត់នៅចំណុចភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង គោលដៅយកទៅលក់នៅប្រទេសវៀតណាម ។ ចំណែកឯ ការលើកឡើងថា “ចោទពីបទល្មើសខុសច្បាប់ នឹង ផាកពិន័យម្នាក់ ១០លានជាង ហើយមិនឱ្យយកឡានទៅផ្ទះទេ” សូមជម្រាបជូនថា កងរាជអាវុធហត្ថ មិនមានសមត្ថកិច្ចចោទ ឬប្រមូលប្រាក់ពិន័យ ឬប្រគល់វត្ថុតាងជូនម្ចាស់ដើមវិញទេ គឺជាសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើ និងតុលាការ។
សូមបញ្ជាក់ថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង ចុះបង្ក្រាបរថយន្តដឹកធ្យួងចំនួន៧គ្រឿងដែលក្រុមឈ្មួញបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៣ មេសា ២០២០ នៅចំណុចខាងលិចច្រកទ្វារព្រំដែនទ្វេរភាគីបុស្សមន ចម្ងាយ២០០ម៉ែត្រក្នុងភូមិបុស្សមន ឃុំបុស្សមន ស្រុករំដួលខេត្តស្វាយរៀង ។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១២ មេសា មានរថយន្តចំនួន៨គ៧រឿង (ធំ៥គ្រឿង) បានដឹកធ្យូងមកតាមផ្លូវជាតិលេខ៣១៣ រួចចុះឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេរភាគីបុស្សមនបម្រុងឆ្លងដែនទៅប្រទេសវៀតណាម ។ ដោយមានមេការអ្នករត់ផ្លូវទៅទំនាក់ទំនងសមត្ថកិច្ចប៉ុស្តិ៍ច្រកទ្វាព្រំដែនសុំដឹកចេញ ក៏ប៉ុន្តែលោកមេប៉ុស្ត៍មិនអនុញ្ញាតឆ្លងដែន នៅពេលយប់គ្មានច្បាប់អនុញ្ញាត ក៏ឲ្យត្រឡប់ក្រោយវិញ ។
ប្រភពបន្តទៀតថា ក៏ប៉ុន្តែក្រុមឈ្មួញមិនបានថយក្រោយទេ គឺឈប់នៅតាមផ្លូវថ្នល់ក្នុងភូមិជិតច្រកទ្វាព្រំដែន លុះដល់ព្រឹកឡើងថ្ងៃទី១៣ មេសា ២០២០ ទើបសមត្ថកិច្ចកងរាជអាវុធហត្ថចុះល្បាតឃើញក៏ ឃាត់សាកសួរនិងបញ្ជូនមកកាន់ទីញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធី។
ទាក់ទិនករណីនេះដែរ លោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថបានឃាត់រថយន្តដឹកធ្យូងចំនួន៧គ្រឿងដែលបម្រុងឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់ ចំពោះធ្យូងច្បាប់អនុញ្ញាតធ្វើអាជីវកម្មបាន តែនៅក្នុងស្រុកក្នុងទ្រង់ទ្រាយបន្តិចបន្តួចប៉ុណ្ណោះ ក៏ប៉ុន្តែនេះឈ្មួញដឹកក្នុងទ្រង់ទ្រាយធំ ហើយបម្រុងឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់ទៀតទើបបង្ក្រាប ។
ធ្យូងនេះផលិតពីឈើមិនមែនធ្យូងសិប្បនិមិត្តទេ ដូច្នេះ ការដុតធ្យូងឈើ គឺជាការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ធ្វើឲ្យបាត់បង់ព្រៃឈើធម្មជាតិធ្ងន់ធ្ងរ ហើយនៅពេលមន្ត្រីជំនាញសាកសួររួចនិងកសាងសំណុំរឿងបញ្ជូនទៅឲ្យរដ្ឋបាលព្រៃឈើស្វាយរៀងចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖កូឡាប