Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នក​រត់ការ​ទំនិញ ចោទ​មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ថា បាន​ប្រព្រឹត្ត​ពុករលួយ ដូចគ្នា​មន្ត្រី​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​បាន​ប្រព្រឹត្ត​ដែរ​

​ខេត្ត​ព្រះសីហនុ​៖ ក្រុម​អ្នក​រត់ការ​ទំនិញ​ចេញ​ចូល ឬ​រត់ការ​ជើងសារ​គយ តាម​ច្រក​មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ចោទ​ថ្នាក់ដឹកនាំ​កំពង់ផែ​នេះ ថា​បាន​បង្កើត​ឲ្យមាន​ការិយាធិ​បតេ​យ្យ​ច្រើន​កន្លែង ហើយ​មន្ត្រី​ជំនាញ​នី​មួយៗ បាន​តម្រូវឲ្យ​ពួក​គេ​បង់​លុយ​ថ្លៃ​សេវា​ផ្សេងៗ ដោយ​មិន​បាន​ចេញ​វិក្កយបត្រ​ជូន ដូចគ្នា​មន្ត្រី​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​បាន​ប្រព្រឹត្ត​ដែរ​។​

 

​ក្រុម​អ្នក​រត់ការ​ទំនិញ​ចេញ​ចូល​មួយចំនួន បាន​ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ ថា មន្ត្រី​បំរើ​ការងារ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មួយចំនួន បាន​ប្រើ​តួនាទី ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន របស់​ពួកគេ ដើម្បី​ប្រមូល​លុយ ពី​ក្រុម​អ្នក​រត់ការ​ទំនិញ ឬ​ជើងសារ​គយ ដោយ​មិន​ចេញ​វិក្កយបត្រ ដើម្បី​បញ្ជាក់​ការចំណាយ ដូចគ្នា​មន្ត្រី​គយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដឹកនាំ​ដោយ លោក យ៉ឹក យូរ បាន​ប្រព្រឹត្ត​ដែរ​។​

​ប្រភព​ដែល បាន​អះអាង​ថា រាល់ថ្ងៃនេះ ពួកគេ​បាន​ចំណាយលុយ ដែល​មន្ត្រី​ជំនាញ បំរើការ​នៅ​កំពង់ផែ​ស្វយ័ត ដែល​មិន​បាន​ចេញ​វិក័យ​ប​ត្រជូន​ពួកគេ​រួម​មាន​៖ មន្ត្រី​ប្រចាំការ​នៅ​ទីតាំង​លើកដាក់​ទំនិញ មន្ត្រី​ប្រចាំការ​នៅ​ទីកន្លែង​ផ្ញើ​ទូរ​ទំនិញ មន្ត្រី​មាន​តួនាទី​ស៊ីញ៉េ​លើ​ឯកសារ​ផ្សេងៗ​ប្រចាំការ​នៅ​ទីតាំង ឬ​នៅ​លើ​ទីលាន ក្នុង​កំពង់ផែ​ស្វយ័ត និង មន្ត្រី​ប្រចាំការ​រាប់​ក្បាល​ឡាន​ដឹកទំនិញ ឬ​ឡាន​ដឹក​កុងតេន័រ​ជាដើម​។

​ផ្តើម​ពី​បញ្ហា​នេះ ប្រភព​ពី​ក្រុម​អ្នក​រត់ការ និង ឯកសារ​ចំណាយ​លើ​ដំណើរ​ការងារ​រត់ការ​យក​ទូរ​ទំនិញ​ចេញ​ចូល​តាម​ច្រក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ស្នើ​ដល់ លោក លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជួយ​សម្របសម្រួល និង​ពិនិត្យ ឈាន​ទៅ​កែប្រែ​ជុំវិញ​សកម្មភាព​មិន​ប្រក្រតី ដែល​បាន​កើតមាន​នៅ​កំពង់ផែ​ស្វយ័ត​នេះ ឲ្យបាន​ត្រឹមត្រូវ​ឡើងវិញ​។ ជាង​នេះ ទៀត ក្រុម​អ្នក​រត់ការ​ទំនិញ ក៏​បាន​សំណូមពរ ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត​ជុំវិញ​ភាពមិនប្រក្រតី នៃ​អំពើ​ពុករលួយ ដែល​ផ្តើម​ពី​ការបង្កើត​ឲ្យមាន​ការិ​យា​ធិបតេយ្យ​ច្រើន​កន្លែង​ទាំង​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏​ដូចជា​អំពើ​ពុករលួយ កំពុង​កើតមាន​នៅក្នុង​ស្ថាប័ន​សាខាគយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ឲ្យបាន​ឆាប់​តាម ដែល​អាច​ធ្វើទៅបាន​។​

ប្រភព​ពី​ក្រុម​អ្នក​រត់ការ​ទំនិញ​មួយចំនួន បានឲ្យដឹង​ទៀតថា តាម​ធម្មតា​ការបង់ថ្លៃ​សេវា​លើកដាក់​ទំនិញ​នាំចូល និង​នាំចេញ ក្រុមហ៊ុន​នាំ​ទំនិញ តម្រូវឲ្យ​បង់​ថ្លៃ​សេវា​តាម​វិក្កយបត្រ ឲ្យបាន​ត្រឹមត្រូវ ដោយ​ក្នុង ១​ទូ​រៗ ឬ ១​កុង​តែ​ន័រ ២០​ហ្វីត​(20feet) ត្រូវ​បង់ ៦៩.៣០​ដុល្លារ (​ហុកសិប​ប្រាំបួន ចុច​សាមសិប​សេន​ដុល្លារ​អាមេរិក​)​។ ក្នុង​នោះ​សម្រាប់ កុងតេន័រ ៤០​ហ្វីត ត្រូវ​បង់ ១០៥.៦០​ដុល្លារ​អាមេរិក (​មួយរយ​ប្រាំ​ដុល្លារ​ចុច​៦០​សេន​អាមេរិក​)​។ ប៉ុន្តែ​ជាក់ស្តែង ក្រុម​អ្នក​រត់ការ​ទំនិញ​ទាំងនោះ បាន​អះអាង​ថា ត្រូវ​មន្ត្រី​ខិលខូច​មួយចំនួន បាន​ឆ្លៀតឱកាស​យក​តួនាទី ឬ​ជំនាញ​រៀងៗ​ខ្លួន មក​បង្ខំ​ឲ្យ​ក្រុម​អ្នក​រត់ការ ត្រូវ​បង់លុយ​ក្រៅផ្លូវការ​បន្ថែមទៀត ដោយ​មិន​មាន​ចេញ​វិក្កយបត្រ​ជូន​ពួកគេ​នោះទេ​។

​ក្រុម​អ្នក​រត់ការ​ទំនិញ នៅ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ បាន​អះអាង​ថា មន្ត្រី​ជំនាញ​នៅតាម​ការិយាធិបតេយ្យ​នីមួយៗ នៅក្នុង​កំពង់ផែ​នេះ អាច​រក​លុយ​ពុករលួយ ពី​ក្រុម​អ្នក​រត់ការ​ទំនិញ ឬ​រត់ការ​ជើងសារ​គយ បាន​ដោយ​ងាយៗ មានដូចជា​៖ ទី​១/ នៅ​ទីកន្លែង ឬ​ទីលាន​លើកដាក់​ទូរ​ទំនិញ បាន​តម្រូវឲ្យ​ក្រុម​អ្នករត់ការ​បង់ថ្លៃ​សេវា​បន្ថែម ដែល​មិន​មាន​វិក្កយបត្រ​ចំនួន ១០,០០០៛(​មួយ​ម៉ឺន​រៀល​) ក្នុង ១​ទូ​រ ២០​ហ្វីត​(20feet) និង​កុង​តែ​ន័រ ៤០​ហ្វីត ត្រូវ​បង់​បន្ថែម ១៥,០០០៛ (​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​)​។ ថ្លៃ​ចំណាយ​ខាងលើនេះ លោក ឡុន ស៊ីន ជា​អ្នក​ប្រមូល​យក​លុយ​ទាំងនោះ​។​

២. កន្លែង​រាប់​ក្បាល​ឡាន ក៏​តម្រូវឲ្យ​អ្នករត់ការ​បង់ថ្លៃ​សេវា​បន្ថែម ដែល​មិន​មាន​វិក្កយបត្រ​ចំនួន ៣,៥០០៛(​បី​ពាន់​ប្រាំ​រយ​រៀល​) ក្នុង ១​ទូ​រ ២០​ហ្វីត​(20feet) និង​កុងតេន័រ​៤០​ហ្វីត ត្រូវ​បង់​បន្ថែម​៦,០០០៛ (​ប្រាំមួយ​ពាន់​រៀល​) ។

៣. ថ្លៃ​ស៊ីញ៉េ​លើ​ឯកសារ​នៅ​ទីលាន ក៏​តម្រូវឲ្យ​អ្នករត់ការ​បង់ថ្លៃ​សេវា​បន្ថែម មិន​មាន​វិក្កយបត្រ ចំនួន ២,០០០៛(​ពីរ​ពាន់​រៀល​) ក្នុង ១​ទូ​រ​(​កុង​តែ​ន័រ​) ដោយ​ថ្លៃ​ចំណាយ​នេះ លោក ថៃ ម៉េង​លី ជា​អ្នក​ប្រមូល​យក​។​

៤. ថ្លៃ​ផ្ញើ​កុង​តែ​ន័រ​នៅ​ទីលាន​ទុកដាក់​ទំនិញ​ក្នុង​កំពង់ផែ ត្រូវ​មន្ត្រី​ទាំងនោះ​តម្រូវឲ្យ​អ្នករត់ការ​បង់ថ្លៃ​សេវា​បន្ថែម ទាំង​មិន​មាន​វិក្កយបត្រ​ចំនួន ២០​ដុល្លារ​សហរដ្ឋអាមេរិក​(​ម្ភៃ​ដុល្លារ​)​សម្រាប់ ១​ទូ​រ ២០​ហ្វីត​(20feet) ក្នុង ១​ថ្ងៃ និង​កុង​តែ​ន័រ ៤០​ហ្វីត ត្រូវ​បង់​បន្ថែម ៤០​ដុល្លារ (​សែសិប​ដុល្លារ​)​។ ប្រាក់​ចំណាយ​នៅ​កន្លែង​នេះ លោក ទុយ វណ្ណ​នី ជា​អ្នក​ប្រមូល​យក​លុយ​ទាំងនេះ ។​

​ត្រង់​ចំណុច​នេះ ក្រុម​អ្នក​រត់ការ​គយ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​អះអាង​ថា បើ​អ្នក​រត់ការ​ទំនិញ​ទាំងឡាយ​ណា​ប្រញាប់ គឺ​ត្រូវ​មន្ត្រី​ប្រចាំ​នៅ​កន្លែង​ឡាន​ស្ទួច​(RTG) តម្រូវឲ្យ​បង់​ថ្លៃ​សេវា​បន្ថែម ដែល​មិន​មាន​វិក្កយបត្រ ចាប់ពី ៥​ដុល្លារ ទៅ ១០​ដុល្លារ​ក្នុង ១​ទូ​រៗ​ទៀមទៀ​ត​។

​យ៉ាងនេះក្តី អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​សុំ​ការបំភ្លឺ​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ ពី​មន្ត្រី​មួយចំនួន កំពុង​បំរើ​ការងារ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​រង​ការចោទប្រកាន់​ខាងលើ​បាន នៅឡើយ​ទេ​។ ជាងនេះទៀត ក៏​មិន​អាច​ទាក់ទង លោក លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ បាន​នៅឡើយ​ដែរ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ​មករា ឆ្នាំ​២០១៨៕ ដែន សីមា​

 

×