ភ្នំពេញ៖ ដូចដែលប្រិយមិត្ត និងមហាជនបានទទួលជ្រាបរួចហើយ ទាក់ទងនឹងព័ត៌មានផ្ទុះកក្រើកកាលពីម្សិលមិញ ដោយម្ចាស់រថយន្តកាម៉ារីបាឡែនម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Hok Tanghong បានបង្ហោះរឿងរ៉ាវដ៏ហួសចិត្ត សឹងថ្លែងពុំចេញ ព្រោះតែរថយន្តរបស់គាត់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន (២០១៩) និងត្រូវបានអូសយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកអង្គស្នួល ដើម្បីរង់ចាំដោះស្រាយ ដែលអូសបន្លាយមកដល់ពេលនេះ អស់រយៈពេលជាង១ឆ្នាំ ស្រាប់តែត្រូវបានគេស៊ីគ្រឿងក្នុងម៉ត់ ដោយនៅសល់តែសម្បកម៉ាស៊ីន និងតួខ្លួនប៉ុណ្ណោះ។
រឿងរ៉ាវនេះ បង្កឲ្យមហាជននៅក្នុងបណ្តាញសង្គម រិះគន់យ៉ាងខ្លាំង ដោយក្នុងនោះគេបានចោទប្រកាន់សមត្ថកិច្ចចំៗថា នេះជាទម្លាប់ចាស់កើតមានឡើងដែលល្បីជាយូរមកហើយ។
យ៉ាងណាមិញ ក្រោយរឿងនេះផ្ទុះឡើង លោកអធិការស្រុកអង្គស្នួល ក៏បានបញ្ជាក់ថា លោកនឹងទទួលខុសត្រូវចំពោះបញ្ហានេះ ដោយជួយសម្រួលជួយចេញសំណងខ្លះលើការបាត់បង់ទាំងនេះដល់ម្ចាស់រថយន្តផងដែរ។
នេះបើយោងតាមទំព័រហ្វេសប៊ុកលោក ផែង វណ្ណៈ (Pheng Vannak News) បានបញ្ជាក់ឲ្យដឹងថា៖ “នៅព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ គណនី ហ្វេសប៊ុក មួយឈ្មោះ Hok Tanghong បានបង្ហោះថា រថយន្ដរបស់ខ្លួនដែលរក្សាទុកនៅក្នុងបរិវេណ អធិការដ្ឋាននគរបាលស្រុក អង្គស្នួល មានគ្រឿងពេ ញ ដល់ពេលមកដកឡានវិញស៉ីគ្រឿងអស់ សុំខ្លាចហើយលោកប៉ូលិសអើយធ្លាប់តែលឺគេថាឥឡូវជួបផ្ទាល់ខ្លួនឯងបានដឹង” ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកអធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា “លោកបានទទួលព័ត៌មាននេះហើយ ហើយកំពុងស្រាវជ្រាវរឿងនេះ ។ លោកអធិការស្រុកបានឲ្យដឹងទៀតថា ក្នុងនាមលោកជាប្រធានអង្គភាព លោកនឹងទទួលខុសត្រូវចំពោះបញ្ហានេះ ហើយថ្ងៃនេះ កម្លាំងរបស់លោកនឹងទាក់ទងទៅម្ចាស់រថយន្ត ដើម្បីជួយសម្រួលចេញសំណងលើការខាតបង់របស់ម្ចាស់រថយន្តខ្លះ “៕
ដោយ៖ លឹម ហុង