ពោធិ៍សាត់៖ កងរាជអាវុធហត្ថ បានផ្សព្វផ្សាយនូវព័ត៌មានដែលអង្គភាពមួយចំនួន បានបង្ក្រាបបទល្មើសព្រៃឈើ ដូចជា ការប្រើរថយន្តពណ៌ត្រេអ៊ីផ្លាកលេខ ខ.ម ដឹកជញ្ជូនឈើដោយខុសច្បាប់ , បង្ក្រាបរោងសិប្បកម្មកែច្នៃ និងរឹបអូសឈើពីឈ្មួញយកមកលាក់ទុកនៅក្នុងដីឡូតិ៍។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៨ និង ០០នាទីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង ដឹកនាំដោយ លោកវរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកម្លាំងសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេត) ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើនៅចំណុចភូមិ/ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយធ្វើការអប់រំ និងធ្វើកិច្ចសន្យាម្ចាស់រោងសិប្បកម្មឈ្មោះ សៀង អុន ភេទស្រី អាយុ ៦១ឆ្នាំ រស់នៅភូមិ/ឃុំខាងលើឲ្យរុះរើខ្លួនឯង។
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកអន្លង់វែង សហការជាមួយកម្លាំងចម្រុះ ដឹកនាំបញ្ជារួមដោយលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ ចុះបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅចំណុចភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយបានឃាត់បានរថយន្តម៉ាកតូយូតាវីហ្គូ ពណ៌ត្រេអ៊ីពាក់ផ្លាកលេខខ.ម០៧ ២-៥០២២ ចំនួន ១គ្រឿង និងឈើប្រណិត (ធ្នង់តាប់) ចំនួន ៣៨ដុំ ស្មើ ១,២៥ម៉ែត្រគូប ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។ បច្ចុប្បន្នវត្ថុតាងខាងលើ បានរក្សាទុកនៅ រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ដើម្បីចាត់ការតាមនីតិវិធី។
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងបង្ក្រាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រឹបអូសឈើជ្រុងប្រភេទបេង សរុបចំនួន ១២ដុំ (គ្មានម្ចាស់) ដែលឈ្មួញយកមកលាក់ទុកនៅក្នុងដីឡូតិ៍ របស់ប្រជាពលរដ្ឋ១កន្លែង ស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នបានប្រគល់ទៅឲ្យមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បន្តតាមនីតិវិធី៕
ដោយ៖កូឡាប