សៀមរាប ៖ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនអ្នកកាសែតម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី ក្លែងបន្លំ និងកំហែងយក ក្នុងដែលជនសង្ស័យបានធ្វើសកម្មភាពដោយប្រើប្រាស់ទូរស័ព្ទហៅទៅម្ចាស់អាជីវកម្ម ១កន្លែង នៅស្រុកក្រឡាញ់ ដោយប្រាប់គេថា ខ្លួនជាមន្ត្រីបរិស្ថានខេត្ត និងមានបញ្ជាពីថ្នាក់ដឹកនាំខេត្តឲ្យជួយដោះស្រាយលុយខ្លះ។
នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងពី តំណាងមន្ទីរបរិស្ថានខេត្តសៀមរាប និងមានការឯកភាពឲ្យស្រាវជ្រាវពីលោកស្នងការនគរបាលខេត្ត ដោយមានដីកាសម្រេចឲ្យបើកការស៊ើបអង្កេតបឋមពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំកម្លាំងផែនការងារសន្តិសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការអញ្ជើញជនសង្ស័យ ឈ្មោះ ព្រលឹងសំរេច ស៊ិនវុឌ្ឍី ហៅ តាលៀង ដែលមានឈ្មោះដើម ស៊ីម ឈុនលៀង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាអ្នកសារព័ត៌មាន មានទីលំនៅបច្ចុប្បន្ន ភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពដោយប្រើប្រាស់ទូរស័ព្ទហៅទៅម្ចាស់អាជីវកម្ម ១កន្លែង នៅស្រុកក្រឡាញ់ ដោយប្រាប់គេថា ខ្លួនជាមន្ត្រីបរិស្ថានខេត្ត និងមានបញ្ជាពីថ្នាក់ដឹកនាំខេត្តឲ្យជួយដោះស្រាយលុយខ្លះ បើមិនអ៊ីចឹងទេនិងឲ្យក្រុមការងារចុះត្រួតពិនិត្យអាជីវកម្ម កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២០ ។
ក្រោយការសាកសួររបស់សមត្ថកិច្ច សាម៉ីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពនេះពិតប្រាកដមែន ហើយនេះជាសកម្មភាពនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ទីរបរិស្ថានខេត្ត និងថ្នាក់ដឹកនាំខេត្តទាំងមូល ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី ៕
ដោយ : កូឡាប