សៀមរាប៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច អមដំណើរដោយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញមកពិនិត្យការវិវឌ្ឍ នៃដំណើរការជួសជុល និងប្រារព្ធពិធីបួងសួង សុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិនៅទីនោះ និងសូមឱ្យដំណើរការជួសជុលប្រាសាទបានសម្រេចជោគជ័យ ប្រជាជនកម្ពុជាបានចាកផុតពីជំងឺកាចសាហាវ និងសូមឱ្យកម្ពុជាសម្បូរសប្បាយរុងរឿងដូចបុរាណកាល។
ក្នុងឱកាសនេះដែរ ក្រុមការងារអាជ្ញាធរជាតិអប្សរាប្រចាំការដ្ឋាន ជួសជុលក៏បានជម្រាបជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់ នូវដំណើរការជួសជុល និងលទ្ធផលដែលប្រទះឃើញ ក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យារួមមាន រចនាសម្ព័ន្ធសំណង់ប្រាសាទ ចម្លាក់សត្វអណ្តើក ចម្លាក់ក្បាលនាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។
លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារអាជ្ញាធរជាតិអប្សរា ដែលបានចំណាយកម្លាំងកាយ ប្រាជ្ញា ស្មារតី លើកស្ទួយការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ ដែលជាមរតករបស់មនុស្សជាតិ ឱ្យកាន់តែបានល្អប្រសើរ និងស្ថិតស្ថេរចីរកាលតរៀងទៅ៕
ដោយ៖កូឡាប