កំពង់ចាម៖ អធិការដ្ឋាននគរបាលស្រុកកំពង់សៀមបានប្រកាស ដំណឹងស្វែងរកសាច់ញតិ បុរសម្នាក់ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាងម៉ូតូបុកជាមួយម៉ូតូខណៈពេលដែលជនរងគ្រោះស្លាប់បើកបរទាំងបំពានទៅបុកភាគីម្ខាងទៀតបណ្ដាលឲ្យស្លាប់ខ្លួនឯង ហើយរហូតមកដល់ពេលនេះនៅពុំទាន់ស្គាល់អត្តសញ្ញាណឡើយ ដូច្នេះសូមបងប្អូនជួយ share ដើម្បីផ្តល់ដំណឹងដល់សាច់ញាតិជនរងគ្រោះ។
បើតាមរបាយការណ៍របស់នគរបាលស្រុកកំពង់សៀមបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ១៥ នាទី នៅចំណុចផ្លូវកោង ស្ថិតនៅភូមិអង្គួញដី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូ ។
ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លា កលេខកំពង់ចាម1H-5766 បើកបរមិនស្គាល់ឈ្មោះ ភូមិ ឃុំ មិនស្គាល់ បើកបរពីទិសខាងលិចទៅកើត បានបុកគ្នាជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លា កលេខត្បូងឃ្មុំ1G-8632 បើកបរដោយឈ្មោះប៉ាង វ៉ាន់ឆេង ភេទប្រុស អាយុ២១ឆ្នាំ រួមដំណើរម្នាក់ទៀតឈ្មោះស៊ីម វ៉ាន់ឌី ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំង២រស់នៅភូមិបង្គៀង(ក) ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បើកបរពីទិសខាងកើតទៅទិសខាងលិច(មានមួកសុវត្ថិភាពទាំង៣នាក់) បញ្ច្រាសទិសគ្នា ។
នគរបាលស្រុកកំពង់សៀមក៏បានបញ្ជាក់ពីមូលហេតុ គឺម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម1H-5766 បើកបរ មិនប្រកាន់ស្តាំ បណ្តាលឲ្យស្លាប់១នាក់ រងរបួសមនុស្សនាក់២ កម្រិតធ្ងន់។ ខូចខាតម៉ូតូទាំង២គ្រឿង កម្រិតស្រាល ។ ចំណែកសព រក្សាទុកនៅមន្ទីពេទ្យ ៧D ដើម្បីរង់ចាំគ្រួសារសព។ ករណីជំនាញកំពុងស្រាវជ្រាវ។
វត្ថុតាងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖កូឡាប