ឧត្តរមានជ័យ៖ លោកលឹម ចន្ថា ចៅក្រមស៊េីបសួរសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារខេត្តឧត្តរមានជ័យជាបណ្ដោះអាសន្ន ពីបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាច់ដៃកាច់ជើងកុមារាម្នាក់ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តទៅនៅថ្ងៃទី ២៥, ២៨ ខែ មេសា ឆ្នាំ ២០២០ ។
ជនត្រូវចោទឈ្មោះ ធួន ផាណា រស់នៅភូមិឈូក ឃុំសំរោង ស្រុកសំរោងខេត្តឧត្ដរមានជ័យ។
សូមបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបុគ្គលម្នាក់បន្ទាប់ពីបង្ហោះផ្សព្វផ្សាយវីដេអូបង្ហាញពីអំពើឃោរឃៅ និងទារុណកម្មទៅលើកុមារ។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០, វីដេអូបង្ហោះតាមបណ្តាញ Facebook បង្ហាញពីអំពើឃោរឃៅ និងទារុណកម្មទៅលើកុមារអាយុ ៧ខែ និងមានចោទអំពីអំពើហឹង្សាក្នុងគ្រួសារ ថែមទាំងគំរា មទៅលើក្មេងរងគ្រោះ និងម្តាយ។ ក្រុមការងារ CPU បានទទួលដំណឹងអំពីវីដេអូនេះ និងបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។
ក្នុងកិច្ចសហប្រតិបត្តិការជាមួយនគរបាលខេត្តឧត្តរមានជ័យ និងក្រសួងមហាផ្ទៃ, បុរសអាយុ៣៤ឆ្នាំត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនដើម្បីសួរនាំ។
ករណីនេះជាគំរូដ៏ល្អមួយដែលបង្ហាញពីការប្តេជ្ញារបស់នគរបាលជាតិកម្ពុជា និងCPU ចំពោះការស៊ើបអង្កេតទៅលើវីដេអូដែលបង្ហាញពីអំពើហឹង្សា ឬរូបភាពបៀតបៀនកេរ្តិ៍ខ្មាស់លើកុមារ បន្ទាប់ពីយើងបានទទួលដំណឹង។ សូមអបអរសាទរដល់គ្រប់អង្គភាពពាក់ព័ន្ធក្នុងការស៊ើបអង្កេតមួយនេះ។
កាលពីថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០ ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានកោះហៅឈ្មោះ ធួន ផាណា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ពាក់ព័ន្ធករណីប្រើអំពើហឹង្សាកាច់ដៃកាច់ជេីងកូនចុងរបស់ខ្លួន កាលពីថ្ងៃ២៨ ខែមេសា ឆ្នាំ២០១៩ ជាអនីតិជនដែលបែកធ្លាយតាមសង្គមហ្វេសប៊ុកនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០៕
ដោយ៖កូឡាប