ភ្នំពេញ÷ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននៅចំណុចគោលដៅចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ វេងស្រេងក្បែក្រុមហ៊ុន ដំឡើង ម៉ូតូហុងដា ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងនគរបាលចម្រុះខណ្ឌបានដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីនៅតាមបណ្ដោយផ្លូវ វេងស្រេងត្រូវចំណុចកើតហេតុខាងលើ ខណៈកំពុងតែត្រួតពិនិត្យក៏ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងគ្មានផ្លាកលេខទិសដៅពីលិចទៅកើត ហើយសមត្ថកិច្ច បានឃាត់សួរនាំតែជនសង្ស័យបែរជាបំរុងរត់គេច រួចបោះកញ្ចប់បារីចោល ដោយមានការសង្ស័យសមត្ថកិច្ចបានរើសឆែកមើលឃើញថ្នាំញៀនមួយកញ្ចប់ និងដែកសម្រាប់កាច់សោកម៉ូតូ ភ្លាមៗសមត្ថកិច្ចក៏ឃាត់ខ្លួនយកទៅសួរនាំនៅស្នាក់ការប៉ុស្តិ៍នគរបាលចោមចៅ១តែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុបញ្ជួនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖សាម៉េត