ស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាល ចុះឃាត់ត្រាក់ទ័រភ្ជួរដីរុញព្រៃចម្ការមួយគ្រឿង នៅភូមិសាស្ត្រភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ករណីមួយនេះ នគរបាលបានបញ្ជូនសំណុំរឿង ត្រាក់ទ័រនៅភូមិជាំធំ ទៅជំនាញរដ្ឋបាលព្រៃឈើ ក៏ប៉ុន្តែខាងមេព្រៃ មិនព្រមទទួលយកនោះទេ ហើយលើកហេតុផលនីតិវិធីមកបកស្រាយ។ នេះបើតាមការឲ្យដឹងពីនគរបាលខេត្ត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
សូមរំលឹកថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំកោះស្នែង នៃអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ បានឃាត់ត្រាក់ទ័រមួយគ្រឿង របស់ឈ្មោះដាំ ភក្តីនៅភូមិសាស្ត្រភូមិជាំធំ។
ដំបូង ដីភូមិសាស្ត្រនេះ ស្ថិតនៅក្រោមការគ្រប់គ្រង ស្រុកថាឡាបរិវ៉ាត់ ហើយដីព្រៃនោះ ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅលើដីកោះតូចៗ។ ប៉ុន្តែប្រជាពលរដ្ឋម្នាក់ ឈ្មោះទូច ជាតិ នៅភូមិជាំធំ បានលក់ដីចម្ការឲ្យទៅឈ្មោះឡាង ចន្ថា ហើយឈ្មោះដាំ ភក្តី មានត្រាក់ទ័រភ្ជួរដី បានស៊ីឈ្នួលឲ្យឈ្មោះឡាង ចិន្ថា ម្ចាស់ដី ក្នុងតម្លៃឈួសសម្អាតមួយម៉ោង៣០ម៉ឺនរៀល។ ពេលធ្វើសកម្មភាព ត្រូវនគរបាលឃាត់។
លោក ហៀក សុខសេរី អធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ បាននិយាយឲ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា ត្រាក់ទ័រដែលចុះឃាត់បានបញ្ជូន យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងហើយ។ លោកថា ដោយសារមធ្យោបាយដឹកជញ្ជូន យកមកកាន់ស្នងការលំបាក និងគ្មានអ្នកបញ្ជាត្រាក់ទ័រផងនោះ ធ្វើឲមានការយឺតយ៉ាវជាច្រើនថ្ងៃ។
នគរបាលបាលបានបញ្ជាក់ថា នគរបាលបានបញ្ជូនសំណុំរឿងមួយនេះ ទៅជំនាញរដ្ឋបាលព្រៃឈើ ប៉ុន្តែមេព្រៃពុំទទួលយក។
លោក អន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បាននិយាយថា ដោយសារនីតិវិធីនគរបាល បញ្ជូនមកមានការយឺតយ៉ាវ ទើបមិនអាចទទួលយកសំណុំរឿង។ លោក សុំឲអ្នកកាសែត សួរទៅលោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកពាក់ព័ន្ធរឿងនេះ។
លោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើ សុំមិនផ្តល់បទសម្ភាសន៍ ជាមួយអ្នកកាសែតទេ ដោយលោកគ្រាន់តែ តបតាមទូរស័ព្ទថា រឿងនេះ គឺថ្នាក់លើទើបដឹងច្បាស់៕
ដោយ៖សុខុម