Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ​ទន្លេ​លើក​ទី​៤ ធ្វើ​នៅ​ខេត្ត​កណ្ដាល ចាប់ពី​ថ្ងៃ​៩-១១ ខែ​មីនា ជាមួយ​ការរំពឹងទុក​នឹង​មាន​អ្នកចូលរួម​ជាង​១​លាន​នាក់​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៤ នៅ​ក្រុង​តាខ្មៅ ទី​រួម​ខេត្ត​កណ្ដាល ចាប់ពី​ថ្ងៃ​ទី​៩-១១ ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខ ក្រោម​អធិបតីភាព​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាមួយ​ការរំពឹង​ទុក​ថា​នឹង​មាន​ភ្ញៀវទេសចរ​ចូលរួម​ទស្សនា​ប្រមាណ​ជាង ១​លាន​នាក់​។​

​នេះ​បើ​តាម​ការ​របាយការណ៍​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ នៅ​សាលាខេត្ត​កណ្ដាល នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល ពោល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់​ពី​គណៈអធិបតី​ទាំងពីរ​បាន​ដឹកនាំ​ប្រតិភូ និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្ដែង​តាម​មាត់​ទន្លេ​បាសាក់ ក្នុង​ដែន​រដ្ឋបាល​ក្រុង​តាខ្មៅ​។​

​ថ្លែង​ទៅ​កាន់​អង្គប្រជុំ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​កណ្ដាល​ជា​សេនាធិការ បាន​និង​កំពុង​សហកា​រ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ត្រៀម​រៀបចំ និង​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ក្រុង​តាខ្មៅ ទី​រួម​ខេត្ត​កណ្ដាល រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៩-១១ ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខ ហើយ​បើ​តាម​ទីតាំង​ភូមិសាស្ត្រ ទី​រួម​ខេត្ត​កណ្ដាល​នេះ គឺ​នៅ​ជិត​រាជធានី​ភ្នំពេញ ដូច្នេះ​នឹងមាន​ភ្ញៀវទេសចរ​ចូលរួម​កម្សាន្ត​ប្រមាណ ១​លាន​៥​សែន​នាក់​។​

​លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា កត្តា​ដ៏​សំខាន់​ដែល​ផ្ដល់ឱកាស​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ប្រារព្ធ​ពិធី​បុណ្យ​តូចធំ ដូចជា ពិធីបុណ្យ​សមុទ្រ បុណ្យ​ទន្លេ​ជា​ដើម​នោះ គឺ​កត្តា​សន្តិភាព ដែល​ពុះពារ​រកបាន​ដោយ​លំបាកលំបិន និង​ខិតខំ​ថែរក្សា​សន្តិភាព​នេះ​ឲ្យនៅ​គង់វង្សត​រៀង​ទៅ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក​បាន​បន្តថា ដើម្បី​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤​នេះ ឲ្យមាន​ភាពឱ​ឡា​រឹក និង​ទទួលបាន​ជោគជ័យ​ផង​នោះ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​គ្នា​បំពេញ​ការងារ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ដោយ​ក្នុង​នោះ​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​នូវ​ការអនុវត្ត​ការងារ​ចាំបាច់​មួយ​ចំនួន​៖១៖ ត្រូវយក ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​នេះ ធ្វើ​ជា​យុទ្ធនាការ​ទីក្រុង​ស្អាត រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ រៀបចំ​បន្ថែម និង​សម្អាត​បង្គន់​អនាម័យ​សាធារណៈ ដោះស្រាយ​បញ្ហា​សំរាម និង​ត្រូវ​ដាក់​ធុងសំរាម​បន្ថែម​នៅតាម​ទីសាធារណៈ ត្រូវមាន​ការតុបតែង​រចនា​លម្អ​គេហដ្ឋាន​របស់​ប្រជាពលរដ្ឋ ទាំង​នៅក្នុង​ក្រុង​តាខ្មៅ ក៏ដូចជា​នៅ​ត្រើយម្ខាង និង​ទូទាំង​ខេត្ត​ផងដែរ​។ ២៖ ពង្រឹង​ការគ្រប់គ្រង​អភិវឌ្ឍ​ន៏​រមណីយដ្ឋាន​គុណភាព​សេវា​ទេសចរណ៍​នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​នានា​បាន​សមរម្យ និង​មាន​ពេញចិត្ត ពិសេស​ត្រូវ​យកចិត្តទុកដាក់​ដល់​គុណភាព សេវា​នាវា​ទេសចរណ៍​ទន្លេ (Mekong river cruise) ជា​ទុន​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យមក​ទស្សនា​កម្សាន្ត​
​ពិសេស​ត្រូវ​បញ្ឈប់​ការបោះ​សំរាម ឬ​ក្រដាស​ចោល​ក្រោម​តុ ដោយ​ជំនួស​មកវិញ​នូវ​កន្សែង​ត្រជាក់ ឬ​ក្រណាត់​អនាម័យ​ទើប​ជា​ការប្រសើរ​។ ៣៖ រៀបចំ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព រៀបចំ​សណ្ដាប់ធ្នាប់​សារ​ធា​រណៈ ការបញ្ជៀ​ស និង​កាត់បន្ថយ​បញ្ហា​ចរាចរណ៍ ត្រូវ​រៀបចំ​ឲ្យមាន​ការដឹកជញ្ជូន​ភ្ញៀវ​តាម​ផ្លូវទឹក និង​ផ្លូវ​វាង​នៅ​ត្រើយម្ខាង (​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​)​។ ៤៖ ត្រូវ​កៀរគរ​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យចូល​រួម​តាំងពិព័រណ៍ និង​ដាក់លក់​ផលិតផល​ក្នុងស្រុក​ដែល​ពួកគាត់​សម្រេច​បាន​ដូច​ជា ដំណាំ​កសិកម្ម ឧស្សាហកម្ម ផលិតផល​កែច្នៃ​ក្នុងស្រុក​ជា​ដើម ដើម្បី​បង្ហាញ​ពី​សក្តានុពល​ផលិតផល​ក្នុងស្រុក​ទាំង​នោះ សំដៅ​ទាក់ទាញ​ការបញ្ជា​ទិញ​ពី​ក្រៅប្រទេស​។ ៥៖ ត្រូវ​ជំរុញ​ការសម្ដែង​សិល្ប​ចម្រុះ សិល្បៈ​វប្បធម៌ ផ្ទាំងទស្សនីយភាព​ដែល​បង្ហាញ​ពី​អត្ត​ស​ញ្ញណ​នៃ​ទឹកដី ភូមិសាស្ត្រ និង​សកម្មភាព​កីឡា​នានា ទាំង​នៅ​លើ​គោក និង​នៅ​លើទឹក ហើយ​ត្រូវមាន​ទូក​កាណូត​ដឹក​ទេសចរ​ចូលរួម​ផង​ដែរ​។ ៦៖ ត្រូវ​ពង្រី​ការផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​បុណ្យទ​ន្លេ​នេះ ប្រាប់​ទៅ​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ អាជីវករ ក្រុមហ៊ុន និង​ដៃគូ​នានា ដើម្បី​ជំរុញ​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍​នេះ​ឲ្យបាន​ច្រើន​កុះករ ពោល​សម្រេច​ឲ្យបាន​ការរំពឹងទុក ១​លាន​៥​សែន​នាក់​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​បន្ថែមថា ទន្លេមេគង្គ​ជា​ទន្លេ​ដែល​វែង​ជាង​គេ​លំដាប់​ទី​១៧​ក្នុង​ពិភពលោក និង​ទី​១២​ក្នុង​អាស៊ី​។ ទន្លេមេគង្គ​មាន​ប្រវែង ៤.២០០​គីឡូម៉ែត្រ ហូរ​ឆ្លងកាត់​កាត់​៥​ប្រទេស (​ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម​)​។ ដោយឡែក នៅ​កម្ពុជា ទន្លេមេគង្គ​ហូរ​ឆ្លងកាត់​ប្រវែង​ជាង ៥០០​គីឡូម៉ែត្រ និង​បាន​បែក​ចេញ​ជា​ទន្លេសាប និង​ទន្លេតូច​ជាច្រើន​ទៀត ទាំង​នៅ​ប៉ែក​ខាងលើ ប៉ែក​ខាងក្រោម មាន​ប្រជាជន​រាប់លាន​នាក់​រស់នៅ​តាម​ដង​ទន្លេ និង​ទទួលបាន​ផលប្រយោជន៍​ពី​ទន្លេ​នេះ​។​

​បុណ្យ​ទន្លេ​ត្រូវ​បាន​សម្រេច​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​សម្រេច​យក​សប្តាហ៍​ទី​១ ឬ​ទី​២ ក្នុង​ខែ​មីនា​។ បុណ្យ​ទន្លេ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​អាស៊ាន​ផងដែរ​។ បុណ្យ​ទន្លេ​ជា​ផលិតផល​ទេសចរណ៍​ឆ្លើយតប​នឹង​ក្រប​ខណ្ឌ​នយោបាយ​យុទ្ធសាស្ត្រ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាង​ឆាង​មហា​អនុ​តំបន់​មេគង្គ​អាស៊ាន​មេគង្គ​-​គង្គា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×