កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយព័ត៌មាន អំពីរបាយការណ៍មិនទាន់ផ្លូវការរបស់ស្ថាប័នកោសល្យវិច្ច័យ បញ្ជាក់ថា ពុំមានភស្តុតាងដើម្បីបញ្ជាក់ពីរថយន្តប៉ូលិសត្រូវបានឃាត់ទុក ព្រោះគិតថា អតីតនាយករដ្ឋមន្ត្រីយីងឡាក់ បានប្រើប្រាស់វាដើម្បីភៀសខ្លួន នៅអំឡុងចុងខែសីហាកន្លងមក។
អីតីតនាយរដ្ឋមន្ត្រីថៃយីងឡាក់ស៊ីណាវ៉ាត្រា
អាស្រ័យហេតុនេះ ប៉ូលិសពុំអាចចោទប្រកាន់វរៈសេនីយ៍ឯក Chairit Anurit ថា ព្រងើយកន្តើយចំពោះភារៈកិច្ច ដែលមានចែងក្នុងមាត្រា១៥៧ នៃច្បាប់អំពីឧក្រិដ្ឋកម្ម-អនុបញ្ជាការប៉ូសិសជាតិថៃ Srivara Ransibrahmanakul បានពោលយ៉ាងនេះនៅថ្ងៃទី ០៩ ខែតុលា ។
ឧត្តមសេនីយ៍ ស្រ៊ីវ៉ារ៉ា ក៏បានឲ្យដឹងថា លោកក៏បានទទួលរបាយការណ៍បឋមរបស់ការិយាល័យប៉ូលិសកោសល្យវិច្ច័យដែរ ។ អង្គភាពនេះនឹងត្រូវធ្វើរបាយការណ៍ផ្លូវការមួយមកឲ្យលោក ។
រថយន្តតូយូតាកាមរី ដែលមុននេះត្រូវបានគិតថា ប្រើប្រាស់សម្រាប់ជូនអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ភៀសខ្លួនពីប្រទេសថៃ
តាមអនុបញ្ជាការប៉ូសិសជាតិថៃដដែល នោះចម្លើយសារភាពថា រថយន្តនេះមានពាក់ព័ន្ធដល់ការភៀសខ្លួនរបស់អ្នកស្រីយីងឡាក់ ប្រសិនពុំមានភស្តុតាងកោសល្យវិច្ច័យទេ ប៉ូលិសពុំអាចចោទប្រកាន់ទោសវរៈសេនីយ៍ឯកឆៃរីតបានឡើយ ។ ប៉ុន្តែកាសែតបាងកកប៉ុស្តិ៍លើកឡើងថា ទោះយ៉ាងណាវរៈសេនីយ៍ឯករូបនេះ ជាមួយនាយប៉ូលិស២នាក់ទៀត អាចត្រូវចោទប្រកាន់ពីការបំពានច្បាប់គយ និងធ្វើលិខិតស្នាមក្លែងក្លាយ ។
គួររំលឹកឡើងវិញថា មុននេះរថយន្តតូយូតាកាមរីត្រូវបានគេរកឃើញជិតផ្ទះមួយ នៅស្រុក Muang ខេត្ត Nakhon Pathom កាលពីយប់ថ្ងៃ២១ ខែកញ្ញា ។ ប៉ូលិសកោសល្យវិច្ច័យបានយកគំរូDNA និងស្នាមក្រយ៉ៅដៃពីក្នុងរថយន្តនេះ ។
រថយន្តដែលមានស្លាកលេខក្លែងក្លាយ ច.ខ.៥៣២៣ បានបង្ហាញវត្តមានក្នុងកាមេរ៉ាឃ្លាំមើល នាអាធ្រាតថ្ងៃ២៣ ខែសីហា បន្ទាប់ពីរថយន្តនេះបានបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យយោធាមួយ នៅខេត្តសាកែវ ជិតព្រំដែនប្រទេសកម្ពុជា។
ការស៊ើបអង្កេតកំពុងនៅបន្តដំណើរការ ខណៈអ្នកស្រីយីងឡាក់ ត្រូវបានចាត់ទុកថា កំពុងនៅអង់គ្លេស ៕សូយន