កំពង់ធំ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា សមត្ថភាពខេត្តកំពង់ធំ បង្ក្រាបករណី ដឹកជញ្ជូនផលិតផល
មានដើមកំណើតពីសត្វ គ្មានលិខិតអនុញ្ញាត កាលពីថ្ងៃ អង្គារទី ១៩ ខែ ឧសភា ឆ្នាំ២០២០វេលាម៉ោង ២១ និង ៤០ នាទីស្ថិតនៅភូមិ កកោះ ស្រុក សន្ទុកខេត្តកំពង់ធំ ។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តកំពង់ធំ បង្ក្រាបករណី ដឹកជញ្ជូនផលិតផល មានដើមកំណើតពីសត្វ គ្មានលិខិតអនុញ្ញាត ។
វត្ថុតាងសមត្ថកិច្ចដកហូតបាន រថយន្ត សាំងយ៉ុងពណ៌ ស ចំនួន ០១ គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AN-1029 ដឹកជញ្ផូនផលិតផលមានដើមកំណើតពីសត្វ គ្មានលិខិតអនុញ្ញាត (គ្រឿងក្នុងសត្វគោចំនួន ១៦ ឡាំងស្នោ ស្មើនឹងចំនួន ៩២៨ គីឡូក្រាម) ។
ករណីខាងលើនេះសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រគល់វត្ថុតាង ជូនមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖កូឡាប