ប្រិយមិត្តជាច្រើននៅក្នុងនៅក្នុងបណ្តាញសង្គម បានចាប់អារម្មណ៍ និងរំជួលចិត្តជាខ្លាំង ក្រោយពីបានឃើញសាររៀបរាប់តាក់តែងជាកំណាព្យដ៏កម្សត់ពីបុរសជាឪពុកពោះម៉ាយម្នាក់ បង្ហោះឡើងអ៊ីនធឺណិត ដោយបង្ហាញពីអារម្មណ៍ និងមនោសញ្ចេតនាដ៏ជ្រាលជ្រោបំផុត មិនអាចកាត់ថ្លៃបាន ចំពោះកូនស្រីជាទីស្រឡាញ់របស់ខ្លួន ដែលពេលនេះនាងកំពុងឈឺធ្ងន់ធ្ងរ ពោលគឺប្រៀបដីដូចជាមនុស្សរុក្ខជាតិទៅហើយ។
កូនស្រីរូបនេះដែលឪពុករបស់នាងហៅឈ្មោះថា តី ត្រូវបានដឹងថាមានអាយុ ៨ ឆ្នាំ បានធ្លាក់ខ្លួនឈឺអស់រយៈពេលជាង ៦ ឆ្នាំ មកហើយ ដោយពុំអាចព្យាបាលជាសះស្បើយបាននោះទេ បើទោះជាបញ្ជូនទៅព្យាបាលនៅបរទេស។ កុមារី តី កាលពីមានអាយុ១ឆ្នាំ នៅថ្ងៃមួយនោះ នាងស្រាប់តែលេចចេញអាការក្តៅខ្លួនខ្លាំង និងភ្នែកឡើងក្រហមគួរឲ្យព្រួយបារម្ភបំផុត ។ ភ្លាមនោះ ឪពុករបស់នាងក៏បានយកនាងទៅឲ្យគ្រូពេទ្យពិនិត្យ និងលទ្ធផលបង្ហាញថា នាងកើតជំងឺរលាកខួរក្បាល ។ ទោះយ៉ាងណា ជំងឺនេះបានវិវត្តកាន់តែធ្ងន់ធ្ងរទៅៗ រហូតធ្វើឲ្យនាងបាត់បង់ស្មារតី ដែលលើពីសមត្ថភាពក្រុមគ្រូពេទ្យជួយបាន និងទីបំផុត នាងក៏ស្ថិតស្ថានភាពបែបនេះ ប្រៀបដូចជាមនុស្សរុក្ខជាតិគួរឲ្យអាសូរបំផុត។
អ្វីដែលខ្លោចចិត្តបំផុតនោះ គឺត្រង់ថា តីតី សព្វថ្ងៃនេះ នាងមានតែឪពុក និងជីដូនជាអ្នកនៅមើលថែប៉ុណ្ណោះ ព្រោះម្តាយរបស់នាងបានលែងលះគ្នាជាមួយឪពុករបស់នាង តាំងពីនាងមិនទាន់ធ្លាក់ខ្លួនឈឺម្លេះ ដែលពេលនេះគេក៏មិនដឹងដែរថា ស្ត្រីនោះនៅមានការនឹកស្រណោះដល់រូបនាង ឬ យ៉ាងណាដែរនោះទេ។ ចាប់តាំងពីកូនធ្លាក់ខ្លួនបែបនេះ ឪពុកមិនបានទៅបំពេញការងារជាប់ដៃឡើយ ព្រោះតែអារម្មណ៍រវើរវាយ នឹកគិតដល់កូនស្រីជានិច្ច ដែលពឹងទៅលើជីដូននៅជួយមើលថែនៅពេលថ្ងៃ។
ខាងក្រោមនេះជាកំណាព្យដ៏សែនក្ដុកក្ដួល និងពោរពេញទៅដោយអត្ថន័យ បង្ហាញពីក្តីអាណិតអាសូរ និងការបួងសួងសូមឲ្យកូនស្រីឆាប់ជាសះស្បើយពីបុរសជាឪពុកខាងលើ៖
#កូនតីឈឺពិត តែចិត្តប៉ានៅ ស្រឡាញ់ជ្រាលជ្រៅ ដូចកាលនៅល្អ ទោះកូនគ្មានម្ដាយ ខ្វល់ខ្វាយបីពរ ប៉ាស្ម័គ្រកំដរ មើលថែកូនថ្លៃ។ ដឹងច្បាស់ថាកូន មិនមានសង្ឃឹម ដូចភ្លៀងរលឹម មិនស្គាល់រស្មី ពិការគរថ្លង់ ទន់អស់ជើងដៃ ជាតិនេះគ្មានថ្ងៃ ស្រីដូចដើមទេ។ ថ្ងៃក្ដីស្រឡាញ់ ប៉ាសែនស្រណោះ ប៉ានៅតែស្មោះ ថែកូនមិនរេ កូនរស់ដូចស្លាប់ ជីវិតខុសគេ ប៉ាសូមស្មគ្រថែ កូនលុះអវសាន្ត។
#[ចាំចម្លើយនៅជើងមេឃ]៖ ជើងមេឃសែនឆ្ងាយទៅមិនដល់ ព្រឹកព្រៃមាត់ថ្នល់ហាក់កន្តើយ ផ្លូវអើយអ្នកវែងណាស់ទៅហើយ ជួយនាំចម្លើយនៅជើងមេឃ។ ខ្ញុំធ្លាប់ស្រែកសួរទៅវេហា ផ្ដាំសួរទេវតាជួយវែកញែក លោកិយភ្លឺយប់គ្មានអ្វីប្លែក ចម្លែកកូនខ្ញុំពេលណាជា?
ខ្យល់បក់ពីជើងត្រជាក់កាយ ធម្មជាតិទាំងឡាយសែនរមនា ត្រួយលាស់ល្អល្អះត្រលប់ជា កូនខ្ញុំវេទនាពេល ណាស្បើយ? ពពកសក្បោះមីដេដាស អណ្ដែតពេញពាសធ្វើព្រងើយ ឬអ្នករ៉ាំងទប់រាល់ចម្លើយ ឬខ្ញុំសួរហើយទើត្រឹមអ្នក។ បើខ្ញុំមានរឹទ្ធដូចស្ដេចស្វា អុកឡុកចក្រវាលិ៍យ៉ាងច្បាស់ជាក់ ជ្រែកឋានទាំងបីមិនស្ទើរស្ទាក់ ជាធ្នាក់សុំប្ដូរកូនខ្ញុំជា។
#កូនអើយប៉ាដឹងថាកូនចង់ រត់ដើរត្រាប់ត្រងសើចក្អាកក្អាយ ប៉ាដឹងកូនចង់លេងសប្បាយ មិនចង់ប្រែក្លាយបែបនេះទេ ។ ទឹកភ្នែកកូនស្រក់ថ្ងៃចូលឆ្នាំ ប៉ាជូតប៉ាចាំជិតមាសមេ ឃើញទឹកភ្នែកកូនប៉ាឈឺទ្វេ បានត្រឹមមើលថែសម្បកកាយ ។ គេងយូរតើកូនធុញយ៉ាងណា ទឹកភ្នែកកូនថ្លាហាក់បរិយាយរៀបរាប់រាល់ទុក្ខសោកទាំងឡាយ ព្រោះអីឆោមឆាយមិនអាចស្ដី ។ ឆ្នាំថ្មីខ្ញុំសូមលើកហត្ថា បួងសួងទេវតាប្រោសប្រណី សូមលោកជួយប្រោសដល់កូនស្រី ដឹងខ្លួនដូចក្ដីប្រាថ្នាផង។
#[ក្បែរកូនគេ នឹកកូនខ្លួនឯង]៖ កូនតីមើលចុះ កូនគេធំអស់ ចូលថ្នាក់មត្តេយ្យ ពួកគាត់បានជាប់ ត្រៀមឡើងថ្នាក់ថ្មី ចំណែកកូនស្រី ឈឺសែនចំបែង។ កូនតីដឹងទេ ប៉ាក្បែរកូនគេ នឹកដល់កូនឯង ទឹកភ្នែកប៉ាស្រក់ ពិបាកនឹងថ្លែង លួចយំម្នាក់ឯង តឹងទ្រូងឥតស្រាន្ត។
កូនតីកម្សត់ យប់ខ្លះប៉ាស្លុត ចិត្តសែនរំខាន បន្ទោសខ្លួនឯង ជួយកូនមិនបាន ធ្វើឲ្យកល្យាណ បាត់បង់ស្មារតី។ កូនតីសំណព្វ ប៉ាស្ទើរឆ្កួតឡប់ ព្រោះនឹកកូនស្រី បើកូនអាចក្រោក ហើយចង់បានអ្វី រកឲ្យកូនស្រី មិនឲ្យមានល្អាន។ កូនតីតូចណាស់ មិនគួរកម្មក្រាស់ ប្រាស់ភាពសុខសាន្ត សូមដួងវិញ្ញាណ កូនមានប៉ុន្មាន វិលវិញចូលប្រាណ ដឹងខ្លួនឡើងវិញ។
#[បារម្ភ]៖ កូនស្រីតូចមួយ ប៉ានឹកប៉ាព្រួយ ប៉ាសែនបារម្ភ ប៉ាសែនខ្វល់ខ្វាយ ខ្លោចចិត្តអួលងំ ពេលខ្លះប៉ាយំ អាណិតកូនស្រី។ កាលកូននៅល្អ ប៉ាភ័យប៉ាអរ ខ្លាចតែកូនថ្លៃ ដើរដួលរបួស រលាត់ជើងដៃ ពេលខ្លះប៉ាភ័យ ខ្លាចកូនធ្លាក់ទឹក។ ស្រមោចស្រអា តូចធំយ៉ាងណា ខ្លាចឡើងខាំចឹក គេងមិនសូវលក់ ពីយប់ទល់ព្រឹក ក្នុងចិត្តរឭក ខ្លាចកូនជួបភ័យ។ ពេលញ៉ាំអាហារ លៃលកយ៉ាងណា ពិនិត្យល្អន់ក្រៃ ខ្លាចកូនជ្រុលជ្រួស ឆ្លាក់នំចំណី ពេលខ្លះប៉ាភ័យ ខ្លាចឆ្លាក់គ្រាប់ក្រួស ។
កូនដើរជិតឆ្ងាយ ប៉ាតែងខ្វល់ខ្វាយ មើលមិនឲ្យហួស បារម្ភខ្លាចកូន ជ្រុលឡើងទីខ្ពស់ ខ្លាចកូនរបួស បាក់ជើងបាក់ដៃ។ ឥឡូវក្រឡាស់ បារម្ភទាំងនេះ ហាក់មិនត្រូវន័យ កូនធ្លាក់ខ្លួនឈឺ ទន់អស់ជើងដៃ ខួរក្បាលកូនស្រី រលាកធ្ងន់ធ្ងរ។ ក្លាយខ្លួនពិការ ប៉ះពាល់ខួរក្បាល ប្រែក្លាយមិនល្អ ក្មេងធ្លាប់ក្នក់ក្នាញ់ ប្រែលែងមាត់ក ក្លាយឈ្មោះកំរ ជាមនុស្សរុក្ខជាតិ។ ទោះកូនយ៉ាងណា ប៉ាគិតប្រាថ្នា បារម្ភទ្វេទៀត ខ្លាចកូនគេងយប់ សត្វល្អិតជ្រកជ្រៀត ប៉ុនប៉ងរួតរាត ខាំកាយកូនស្រី។
ខ្លាចវាលបខាំ លបលួចបន្លំ លបខាំជើងដៃ ចូលរន្ធត្រចៀក ភ្នែកច្រម៉ុះក្ដី ព្រោះអីកូនស្រី មិនអាចតបត។ខ្លាចកូនគេងយូរ ត្រូវតែគិតគូរ ប្រឹងប្រែឲ្យល្អ បង្វែរទៅឆ្វេង រួចស្ដាំបន្ត កុំឲ្យស្ពឹកស្ពោរ ឈឺខ្នងឈឺប្រាណ។ ខ្លាចកូនផ្ដាសាយ ច្រមុះនឹងក្លាយ តឹងសែនរំខាន ស្លែសឡើងពេញសួត តឹងទ្រូងមិនខាន មិនងាយនឹងបាន ធូរស្បើយធម្មតា។ ខ្លាចកូនរមាស់ តែមិនដឹងសោះ គួរអេះត្រង់ណា ឱសែនអាណិត ជីវិតកូនប៉ា ព្រហ្មលិខិតចារ រស់សែនសោកសៅ។ ប៉ាចង់ប្រាប់ថា ប៉ាដល់ទីណា ក៏ចិត្តប៉ានៅ គិតកូនគ្មានម្ដាយ ផ្ដល់ភាពកក់ក្ដៅ ប៉ាសូមផ្ដាំទៅ រយសែន “បារម្ភ” ។
#[ពុកចង្កា]៖ ស្រណោះថ្ងៃមុន កូនតីតូចតន់ លើកយកម្រាមដៃ លេងពុកមាត់ប៉ា ពុកចង្កាក្ដី រួចហើយកូនស្រី រសើបដល់កាយ។ ឱសែនស្រណោះ ប៉ាចាំកាលនោះ កូនសើចក្អាកក្អាយ ប៉ាមានក្ដីសុខ ឃើញកូនសប្បាយ ឥឡូវប្រែក្លាយ ជាលែងមាត់ករ។
ឱផែនពសុធា អ្នកស្រស់សោភា ប្រែជាខ្មៅស ធ្លាប់បៃតងខ្ចី ប្រែថ្មីគ្មានពណ៌ ប្រឹងរស់ត្រដរ តបតវាសនា។ចូរញាតិជួយចាំ ខ្ញុំសូមផ្ដែផ្ដាំ ប្រឹងថែរក្សា ទោះកូនរុក្ខជាតិ ស្រពោនយ៉ាងណា ក៏ប៉ាប្រាថ្នា ស្រោចថែថ្នមថ្នាក់។ សង្ឃឹមថ្ងៃមួយ កូនផុតទុក្ខព្រួយ ត្រួយលាស់សស្រាក់ ដុះផ្លែចេញផ្កា ចោលម្លប់ត្រជាក់ យើងរស់ពីរនាក់ សុខសាន្តទៅអើយ»៕
ដោយ៖ លឹម ហុង