ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម បានមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគណនីហ្វេសប៊ុកឈ្មោះ “Any SD” បានបង្ហោះវីដេអូប្រតិកម្មខ្លាំងៗចោទប្រកាន់ថា បុគ្គលិកមីក្រូហិរញ្ញវត្ថុ LOLC ចុះមកសម្លុតគំរាមរឹបអូសកង់បីរបស់អតិថិជន ដោយពុំព្រមពន្យារពេលបង់ប្រាក់ ដែលធ្វើផ្ទុយពីតាមការណែនាំរបស់រដ្ឋាភិបាល និងក៏ដូចជាធនាគារជាតិកម្ពុជា ដែលតម្រូវឲ្យធនាគារទាំងអស់ មានការយោគយល់ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពួកគាត់គ្រប់ៗគ្នា។
យ៉ាងណាមិញ ក្រោយពីបានឃើញមនុស្សមួយចំនួនបាន Comment ប្រតិកម្មតបវិញចំពោះវីដេអូរបស់ខ្លួន ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានចេញវីដេអូបញ្ជាក់ប្រាប់ថា តាមពិតទៅ កូនប្រុសមីងរបស់គាត់មិនមែនថា មិនសងនោះទេ គឺគាត់បានបង់ឲ្យធនាគាររយៈពេល ១៩ ខែ ហើយ គឺបង់ទៀងទាត់ជារៀលរាល់ខែ។ ប៉ុន្តែ ចាប់តាំងពីកើតមានបញ្ហាកូវីដ១៩ មក ធ្វើឲ្យគាត់រត់កង់បីអត់បានទេ ហេតុនេះ គាត់ក៏សុំពេលពន្យារសង ដោយសុំឲ្យធនាគារចូលរួមជាមួយរដ្ឋាភិបាល។ ម្ចាស់គណនីជាសាច់ញាតិរូបនេះបន្តថា ក្មួយរបស់គាត់បានបង់ឲ្យធនាគារ ១៩ ខែហើយ គឺនៅសល់តែ ១០ ខែទៀតប៉ុណ្ណោះ សងរួចហើយ ។ ប៉ុន្តែ ខាងធនាគារពុំព្រមពន្យារពេលនោះទេ និងបានសម្លុតគំរាមរឹបអូសកង់បីតែម្តង ប្រសិនបើមិនអាចរកលុយបង់បាន…។ គាត់ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ការបង់ប្រាក់នេះ គឺបង់ទើបតែខកខាន១ខែជាងប៉ុណ្ណោះ។
ជុំវិញបញ្ហាខាងលើនេះ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក៏បានចេញសក្តីបំភ្លឺច្រានចោល រាល់ការចោទប្រកាន់របស់គណនីខាងលើ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីឲ្យសាធារណជនបានជ្រាបថា៖
១៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Any SD” និងបុរស ដែលបាននិយាយបំផ្លើសក្នុងវីដេអូ មិនមែនជាភាគី នៃកិច្ចសន្យាខ្ចីបរិភោគ ដែលត្រូវពាក់ព័ន្ធនឹងកាតព្វកិច្ច រវាងគ្រឹះស្ថាន និងអតិថិជនឡើយ។ លើសពីនេះទៅទៀត បុគ្គលទាំងអស់ខាងលើ ពុំធ្លាប់មានទំនាក់ទំនង ឬពិភាក្សាដោះស្រាយជាមួយគ្រឹះស្ថានឡើយ។
២៖ ជាក់ស្តែងអតិថិជន បាននិងកំពុងមានការយឺតយ៉ាវ លើការបង់សងប្រាក់កម្ចីចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ មកម្ល៉េះ ហើយបុគ្គលិកគ្រឹះស្ថាន បានផ្តល់ ដំណោះស្រាយដល់អតិថិជន ដោយឲ្យអតិថិជនដាក់ពាក្យស្នើសុំ រៀបចំឥណទានឡើងវិញ ចុះកិច្ចសន្យាបន្ថែម រួមនឹងតារាងកាលវិភាគបង់ប្រាក់ថ្មី ស្របតាមស្ថានភាព ហិរញ្ញវត្ថុ និងលទ្ធភាពបង់សងជាក់ស្តែងរបស់អតិថិជន ប៉ុន្តែអតិថិជនរូបនេះ មិនព្រមសហការធ្វើឯកសារខាងលើជាមួយ គ្រឹះស្ថានឡើយ។
៣៖ អតិថិជនបានស្នើ ឲ្យបុគ្គលិកគ្រឹះស្ថានទៅជួបពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយ នៅផ្ទះដែលជាទីតាំង នៃការថតវីដេអូនោះ។ ខណៈពេលដែលបុគ្គលិក បានទៅដល់ទីតាំងនោះ ស្រាប់តែបុគ្គលទាំងអស់ខាងលើ បានចេញ មកនិយាយបង្កាច់បង្អួចកេរ្តិ៍ឈ្មោះគ្រឹះស្ថាន ធ្វើឲ្យសាធារណជនមានការយល់ច្រឡំ។
៤៖ ចំពោះការលើកឡើងថា បុគ្គលិកគ្រឹះស្ថាន បាននិយាយគំរាមរឹបអូសម៉ូតូកង់បី ហើយគ្រឹះស្ថានមិនបានសហការ ជាមួយធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាល នោះគឺជារឿងមិនពិត។ កន្លងមក គ្រឹះស្ថានតែងតែប្រកាន់យក ការដោះស្រាយប្រកបដោយភាពទន់ភ្លន់ ការយោគយល់ និងមានវិជ្ជាជីវៈ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ស្ថិតនៅផ្ទះគ្រួសារខ្មែរអ៊ីស្លាមមួយ៕
ដោយ៖ លឹម ហុង