ព្រះសីហនុ៖ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានជួបប្រជុំគ្នាជាមួយមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ មន្ត្រីសង្គមស៊ីវិល និងអាជ្ញាធរស្ថាប័នជំនាញនានា នៃរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមគ្នាលើកម្ពស់ សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋានតាមបទដ្ឋានជាតិ និងបទដ្ឋានអន្តរជាតិ ឲ្យបានប្រសើរនៅកម្ពុជា។
សិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ រៀបចំនៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ដោយមានមន្ត្រីមកពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីមកពីស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលមកពីតាមបណ្តារាជធានី-ខេត្តមួយចំនួនចូលរួម ។
សិក្ខាសាលានេះ សហការរៀបចំដោយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ជាមួយសមាគមអាដហុក និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា។
វាគ្មិនចូលរួមបង្ហាញសន្ទរកថាគន្លឹះ ឬធ្វើបទបង្ហាញនានាទាក់ទង សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋានតាមបទដ្ឋានជាតិ និងបទដ្ឋានអន្តរជាតិ នៅក្នុងសិក្ខាសាលារយៈពេល ២ថ្ងៃនេះ រួមមាន៖ តំណាងរង នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោកស្រី ម៉ារី ដូមីនីគ ផារែន (Ms. Marie-Dominique Parent)។ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ។ មន្ត្រីមកពីក្រសួងដែនដី ក្រសួងសេដ្ឋកិច្ច និងមន្ត្រីមកពីស្ថាប័នតុលាការជាដើម បានចូលរួមធ្វើបទបង្ហាញ។
លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ ដែលបានចូលរួម ក្នុងសិក្ខាសាលានេះ មានប្រសាសន៍ថា គោលបំណង នៃការជួបពិភាក្សាគ្នានេះ ដើម្បីឈានទៅរួមសហការគ្នាជាមួយ ផ្នែកពាក់ព័ន្ធ ទាំងមន្ត្រីរដ្ឋាភិបាលចាប់ពីថ្នាក់ជាតិដល់មូលដ្ឋាន មន្ត្រីស្ថាប័នតុលាការ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីរួមគ្នារកគន្លឹះដោះស្រាយបញ្ហាវិវាទដីធ្លី ឈានទៅលើកម្ពស់ សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋានតាមបទដ្ឋានជាតិ និងបទដ្ឋានអន្តរជាតិឲ្យបានប្រសើរនៅកម្ពុជានាថ្ងៃអនាគត៕សត្យា