ឧត្តរមានជ័យ ៖ មនុស្ស៧នាក់ បានរងរបួស ធ្ងន់ ស្រាល ក្នុងឧបទ្ទវហេតុរថយន្តយីឌុប ដាច់ហ្វ្រាំង ពេលបើកចុះពីលើភ្នំច្រកអន្តរជាតិជាំ បុករថយន្តមួយគ្រឿងទៀតពីក្រោយ ធ្លាក់ចេញផ្លូវក្រឡាប់បះជើង បណ្តាលឲ្យរថយន្តចំនួន២គ្រឿងខូចខាតធ្ងន់ធ្ងរ ។
ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពី វេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១-១៣២ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ប្រភពពីមន្ត្រីនគរបាលចរាចរណ៍ស្រុកអន្លង់វែង បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកវីហ្គោ បើកបរចុះពីលើភ្នំច្រកអន្តរជាតិជាំ ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តស្ទូចមួយគ្រឿង ដែលបើកពីក្រោយដាច់ហ្វ្រាំង ក៏រុញរថយន្តវីហ្គោ ដែលបើកខាងមុខ បណ្តាលឲ្យធ្លាក់ជម្រាលភ្នំទាំង២ ធ្វើឲ្យរងរបួសមនុស្សជិត៧នាក់ធ្ងន់ ស្រាល ដែលធ្វើដំណើរតាមរថយន្តខាងលើទាំង២គ្រឿង ។
មន្ត្រីប៉ូលិសបានបញ្ជាក់ថា រថយន្តវីហ្គោ ពាក់ផ្លាកលេខចង្កូតស្តាំ BB.0557 ពណ៌ខៀវ ស៊េរីឆ្នាំ២០០៥ ខូចខាតទាំងស្រុង មានមនុស្សជិះក្នុងរថយន្ត៣នាក់ រួមមាន៖ ទី១-ឈ្មោះ រុន ពូហេង ហៅឆុង ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល ទី២- ឈ្មោះ រុន លីនដា ភេទស្រី អាយុ៣០ឆ្នាំ រងរបួសធ្ងន់បែកប្រអប់ជើងខាងឆ្វេង ទី៣- ឈ្មោះ យ៉េត ជ័យសេដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មិនមានរបួសទេ អ្នកទាំង៣នេះ រស់នៅភូមិអណ្តូងថ្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ចំណែករថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស៊េរីឆ្នាំ១៩៩៩ ពាក់ផ្លាកលេខភ្នំពេញ 3D.7408 ខូចខាតផ្នែកខាងមុខ មានគ្នា៤នាក់ រួមមាន៖ទី១-ឈ្មោះ ឆុន ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើកបរ រងរបួសស្រាល ទី២-ឈ្មោះ ហ៊ឹម ចន្ធូ ភេទប្រុស អាយុ៣០ឆ្នាំ (មិនមានរបួស) ទី៣-ឈ្មោះ រុន ពូឈុន ភេទប្រុស អាយុ១៦ឆ្នាំ (មិនមានរបួស) ទី៤- ឈ្មោះ ញិប ទូច ភេទប្រុស អាយុ២៨ឆ្នាំ (មិនមានរបួស) ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ខូចខាតរនាំងដែក សុវត្ថិភាពចំនួន៧ផ្ទាំង ចំពោះរថយន្តទាំង២នេះ ត្រូវបានសមត្ថកិច្ចកំពុងចាត់ចែង ស្ទួចយកទៅរក្សាទុកដើម្បីដោះស្រាយ ចំណែកឯអ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ៕
ដោយ៖បញ្ញាស័ក្តិ