ប្រេស៊ីលបានហក់មកឈរនៅលំដាប់ថ្នាក់លេខ ២ជាប្រទេសដែលមានអ្នកឆ្លងវីរុស COVID-19 ច្រើនបំផុតតាមពីក្រោយសហរដ្ឋអាមេរិច ក្រោយពេលប្រទេសនេះបញ្ជាក់ថា មានអ្នកឆ្លងវីរុសសរុបចំនួន ៣៣០.៨៩០ គិតត្រឹមថ្ងៃសុក្រ។
នៅថ្ងៃសុក្រផងដែរ ប្រេស៊ីលមានអ្នកស្លាប់ដោយសារវីរុសចំនួន ១០០១នាក់ ហើយតួលេខនៃអ្នកស្លាប់សរុបកើនឡើងដល់ ២១.០៤៨នាក់។ នេះបើតាមការបញ្ជាក់ របស់ក្រសួងសុខាភិបាលនៃប្រទេសនេះ។
ចំណែកអ្នកជាសះស្បើយសរុបមានជាង ១៣៥.០០០នាក់។
Sao Paulo ជាទីក្រុងដែលរងការវាយប្រហារ ពីវីរុសមរណៈនេះខ្លាំងជាងគេ។
ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានរងការរិះគន់យ៉ាងខ្លាំង ចំពោះវិធានការរបស់លោក ក្នុងការដោះស្រាយបញ្ហាផ្ទុះវីរុស ហើយវាជាចំណុចកណ្តាល ដែលធ្វើឲ្យមានវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters