ភ្នំពេញ៖ អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តយីហោ EDM យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល៥ល្ងាចថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០ ដែលមានទីតាំង នៅតាមបណ្ដោយផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នៅកន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង អន្តរាគមន៍បាញ់ពន្លត់។
ពាក់ព័ន្ធករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ដឹងថា មកពីមូលហេតុអ្វីឲ្យពិតប្រាកដនៅឡើងទេ កំពុងធ្វើការស្រាវជ្រាវបន្ត ។
បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអាទិត្យទី២៤ខែឧសភាឆ្នាំ ២០២០ វេលាម៉ោង ១៦:១២នាទី មានករណីអគ្គិភ័យឆេះក្លឹបអ៊ីឌីអឹម(EDM) ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋសភា(ខាងក្រោយស្ថានទូតរុស្សី)ត្រង់ចំណុច ភូមិទី១៤សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម្ចាស់អាជីវកម្ម EDMមាន ឈ្មោះម៉ៅ សេងថៃភេទប្រុស (មានលិខិតអនុញ្ញាតប្រកបអាជីវកម្ម)។ ការខូចខាត ផ្នែកខាងក្នុងក្លឹបទាំងស្រុង មិនបណ្តាលឲ្យគ្រោះ ថ្នាក់ដល់អាយុជីវិតមនុស្សទេ។ មូលហេតុ ជំនាញកំពង់ការស្រាវជ្រាវ។
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៣៥គ្រឿងប្រើទឹកអស់ចំនួន៧០ឡាន ក្នុងនោះរថយន្តពន្លត់អគ្គិភ័យមកពីអង្គភាព៖
១- រថយន្តពន្លត់អគ្គីភ័យក្រសួងមហាផ្ទៃចំនួន០៣ គ្រឿងប្រើទឹកអស់៦ឡាន។
២- រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៨គ្រឿងប្រើទឹកអស់៣៦ ឡាន។
៣- រថយន្តក្រុមហ៊ុនOCIC កោះពេជ្រចំនួន១៣គ្រឿងប្រើទឹកអស់ចំនួន២៦ឡាន។
៤- រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១ គ្រឿងប្រើទឹកអស់ចំនួន០២ ឡាន។
កិច្ចប្រតិបត្តការជួយអន្តរាគមន៍សង្រោះនិងពន្លត់អគ្គិភ័យនៅក្លឹបEDM បានបញ្ចប់ដោយរលត់ទាំងស្រុងនៅវេលាម៉ោង ១៨:២០នាទីថ្ងៃខែឆ្នាំដដែល៕
ដោយ៖សហការី CEN