ចំពោះមុខកង្វល់នៃការដែលមេដឹកនាំកូរ៉េខាងជើង ចេញបញ្ជាឲ្យធ្វើការវាយលុកដោយប្រើអសនីចុម្ពិត (Electronagnetic Pulse) ដើម្បីកំទេច-ហៅថា EMP (អ្វីៗដែលដើរដោយចរន្តអគ្គិសនី នឹងត្រូវកំទេចចោលទាំងអស់) កូរ៉េខាងត្បូងនោះ មានព័ត៌មានមួយនិយាយថា កងកុម្ម៉ង់ដូពិសេសរបស់អង់គ្លេស អាមេរិក និងកូរ៉េខាងត្បូងត្រូវបានបញ្ជាឲ្យធ្វើជាមេដឹកនាំកូរ៉េខាងជើង Kim Jong-Un ។
កុម្ម៉ង់កូរ៉េខាងជើង សមយុទ្ធ
កាសែត Express (អង់គ្លេស) ចុះផ្សាយថា បណ្តាកងកម្លាំងប្រដាប់អាវុធពិសេសនេះនឹងត្រូវបានដាក់ពង្រាយឲ្យប្រតិបត្តិការ “ផ្លាស់ប្តូររបប” នៅក្រុងព្យុងយ៉ាងអំឡុងពេលប៉ុន្មានខែខាងមុខនេះ។ កុម្ម៉ង់ដូពិសេស មានបេសកកម្មធ្វើឃាតលោក Kim Jong-Un នេះ នឹងកេណ្ឌប្រមូលពីកុម្ម៉ង់ដូ SAS របស់អង់គ្លេស Dalta របស់អាមេរិក និងកុម្ម៉ង់ដូ របស់កូរ៉េខាងត្បូង គួបផ្សំបន្ថែមដោយអង្គភាពឯកទេសមួយទទួលបន្ទុកពីសង្គ្រាមជីវសាស្ត្រគីមីសាស្ត្រ និងនុយក្លេអ៊ែរ ។
ស្របពេលជាមួយគ្នានោះកាសែត Daily Star (អង់គ្លេស) ក៏បានដកស្រង់ប្រភពព័ត៌មានឲ្យដឹងថា កងកម្លាំងដែលត្រូវបានហ្វឹកហ្វឺនដ៏ជំនាញនេះ នឹងឈ្លបចូលព្យុងយ៉ាងតាមដែនអាកាស ផ្លូវគោក និងសមុទ្រ ក្រោមជំនួយពីអ្នកធ្លាប់រត់គេចចេញពីកូរ៉េខាងជើង ។
ប្រភពចារកម្មជាន់ខ្ពស់របស់អង់គ្លេសឲ្យដឹងថា ភារៈកិច្ចធ្វើឃាតមេដឹកនាំកូរ៉េខាងជើង គឺគ្រោះថ្នាក់ណាស់ ប៉ុន្តែវាគឺជាជម្រើសល្អបំផុត ដែលអាចយកទៅប្រៀបធៀបជាថ្នូរ នឹងសង្គ្រាមនុយក្លេអ៊ែរ ។
ប្រភពខាងលើដដែល នៅបានបញ្ជាក់ថា ការវាយឆ្មក់ចូលភូមិគ្រឹះរបស់លោក Kim Jong-Un គឺលំបាកបំផុត ព្រោះមេដឹកនាំរូបនេះ មានកិច្ចការពារយ៉ាងមធ្យ័ត ។ លោកវាយតម្លៃថា សមមាត្រជោគជ័យគឺក្រោម ៤០%ប៉ុណ្ណោះ ។ យុទ្ធនាការមួយបែបនេះ ជាអំពើបំពានច្បាប់អន្តរជាតិ ។
គួរកត់សម្គាល់ថា ព័ត៌មាននេះ បានលេចឮឡើង ក្រោយពេលវិទ្យាស្ថានប្រឹក្សាយោបល់មួយ របស់រដ្ឋាភិបាលអង់គ្លេស ព្រមានថា ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង កំពុងស្ថិតនៅចំណុចកំពូល ហេតុនេះសង្គ្រាមគឺជា “លទ្ធភាពជាក់ស្តែង” មួយ ហើយក្រុងឡុង គប្បីត្រៀមបំរុងសម្រាប់ស្ថានការណ៍អាក្រក់បំផុត ។ វិទ្យាស្ថានប្រឹក្សាយោបល់យុទ្ធសាស្ត្រនេះ លើកឡើងទៀតថា ជម្លោះរវាងក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងនឹងបណ្តាលឲ្យមនុស្សរាប់សែននាក់រងផលវិបាក វិបត្តិហិរញ្ញវត្ថុសកលលោក នឹងជះឥទ្ធិពលគួរឲ្យខ្លាច ពិសេសក្នុងស្ថានភាពការទូត និងនយោបាយនៅអាស៊ីបូព៌ា បច្ចុប្បន្ននេះ ៕