Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បង្ក្រាប អាហា​រដ្ឋា​ន​៣​កន្លែង​នៅ​ខេត្តសៀមរាប យក​សាច់សត្វ​ព្រៃ​មក​ធ្វើ​ម្ហូប​ដោយ​ខុសច្បាប់​

​សៀមរាប​៖ សត្វព្រៃ​ដែល​រួមមាន​ទាំង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ផង​នោះ ត្រូវបាន​គេ​កាត់​ក្បាល ជើង និង​ខ្លួន​ជា​ដុំៗ​ដាក់លក់​នៅតាម​ផ្សារ តាមផ្លូវ​សាធារណៈ និង​តាម​ការបញ្ជាទិញ​តាម​ទូរស័ព្ទ​ហើយ​នៅតាម​ភោជនីយដ្ឋាន ក៏មាន​លក់​ម្ហូប​សាច់សត្វ​ព្រៃ​ដែរ ។​

ជាក់ស្តែង ​អាហា​រដ្ឋា​ន​ចំនួន ៣ ទីតាំងនៅ​ខេត្តសៀមរាប កសាច់​សត្វព្រៃ​មក​ធ្វើ​ម្ហូបអាហារ​លក់​ជូន​ភ្ញៀវ ដោយ​ខុសច្បាប់ ត្រូវ​កងកម្លាំង​សមត្ថកិច្ច សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រាសាទបាគង នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប សហការ​ជាមួយ​ក្រុម​អន្តរាគមន៍ បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ បាន​ចុះបង្ក្រាប​បទល្មើស​សត្វព្រៃ នា​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ ។​

​អាហា​រដ្ឋា​ន និង​វត្ថុតាង ដែល​បង្ក្រាបបាន​នោះ​រួមមាន​៖ ១) អាហា​រដ្ឋា​ន​ម្លប់​មហា​ហេង ស្ថិតនៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សត្វ​ទោម​ងាប់​ចំនួន ១១​ក្បាល លលក​ងាប់​ចំនួន ៥០​ក្បាល និង​ចាប​ស្រូវ​ងាប់​ចំនួន ២៣០​ក្បាល​។ ២) អាហា​រដ្ឋា​ន​ថា​រី​ម៉ាក់​ប្រាង្គ ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សាច់ជ្រូក​ព្រៃ​ស្រស់​ចំនួន ៣​គីឡូក្រាម លលកទ្រាំង​ងាប់​ចំនួន ៣៧​ក្បាល ចាប​ស្រូវ​ងាប់​ចំនួន ១៥០​ក្បាល និង​ក្រួច​អឺត​ងាប់​ចំនួន ១០​ក្បាល​។ ៣) អាហារ​ដ្ឋា​ន​សម្រស់​ម្លប់​ម៉ាក់​ប្រាង្គ​ថ្មី ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​រឹបអូស​បាន​សាច់​អ​ន្ស​ង​ស្រស់​ចំនួន ៣,៣​គីឡូក្រាម សាច់ជ្រូក​ព្រៃ​ស្រស់​ចំនួន ៥,៣​គីឡូក្រាម ចាប​ស្រូវ​ងាប់​ចំនួន ៨០​ក្បាល លលក​បាយ​ងាប់​ចំនួន ១០​ក្បាល និង​អណ្តើក​ស្រែ​ងាប់ ១​ក្បាល ស្មើនឹង ០,៨​គីឡូក្រាម​។​

​រដ្ឋបាល​ព្រៃឈើ បាន​បន្តថា វត្ថុតាង​ទាំងអស់​ខាងលើ ត្រូវបាន​កប់​បំផ្លាញចោល នៅ​ថ្នាល​បណ្តុះ​កូនឈើ​ស្ពាន​អង្គរ ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​។​

​សាច់សត្វ​ព្រៃ ដូចជា ប្រើស ឈ្លូស ត្រ​គួ​ត អណ្តើក និង​ជ្រូកព្រៃ​ជាដើម គេ​ឃើញ​តាំង​លក់​ដោយ​បើក​ជំហរ​ក្នុង​ផ្សារ​មួយចំនួន​នៅ​បណ្តា​ខេត្ត​នា​ភូមិភាគ​ឦសាន ដោយ​គ្មាន​ខ្លាចរអា​ច្បាប់​។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​សង្កេតឃើញថា ជនល្មើស​មុខ​ដដែលៗ លក់​សត្វព្រៃ​ជា​របប​អាជីព​ចិញ្ចឹមជីវិត​ខុសច្បាប់​ច្រើន​ឆ្នាំ​មក ហើយ ដែល​អាជ្ញាធរ​ធ្លាប់​ឃាត់ខ្លួន​ត្រឹម​ធ្វើ​កិច្ចសន្យារ​បញ្ឈប់ និង​វិន័យ​ជា​ប្រាក់​តិច​តូច ក្រោយមក​ពួកគេ​លក់​សត្វព្រៃ​វិញ​ដដែល​។​

​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន ក្នុង​ខេត្ត​នេះ​ថា ព្រងើយកន្តើយ​ក្នុង​កិច្ច​សហការគ្នា លប់បំបាត់​ការជួញដូរ​សត្វព្រៃ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រួមចំណែក​អភិរក្ស​សត្វព្រៃ​កម្រ​ជិត​ផុត​ពូជ ដែល​នៅ​សេសសល់​តិច​តូច​នៅ​ខេត្ត​ភាគ​ឦសាន​នេះ​។ ពួកគេ​អង្កេត​ឃើញថា នៅតាម​ភោជនីយដ្ឋាន​មួយចំនួន ក៏​មានការ​ចម្អិន​អាហារ​ពី​សាច់​សត្វព្រៃ​ជាច្រើន​ប្រភេទ ដើម្បី​ជួញដូរ និង​ធ្វើជា​គ្រឿងក្លែម ហើយក៏​មាន​មន្ត្រីនគរបាល​យុត្តិធម៌​ខ្លះ​ចូលចិត្ត​បរិភោគ​សាច់​ព្រៃ​នេះដែរ​៕

ដោយ​៖​កូ​ឡាប​

×