ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ បាននិងកំពុងរៀបចំគម្រោងស្ថាបនាអភិវឌ្ឍន៍តំបន់ឆ្នេរអូរត្រេះ២ និងទទួលអនុវត្តន៍ ដោយក្រុមហ៊ុន អូរត្រេះ មេនេចមេន មានប្រវែង១.៧៤៦ម៉ែត្រ ហើយសមុទ្ររបស់យើងមិនអនុញ្ញាតឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ដោយទុកឆ្នេរសមុទ្ររបស់យើង ជាឆ្នេរលំហសាធារណ: សម្រាប់យើងទាំងអស់គ្នា។
រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ២ ជាឆ្នេរសាធារណៈ។ គម្រោងស្ថាបនាអភិវឌ្ឍន៍តំបន់ឆ្នេរអូរត្រេះ២ និងទទួលអនុវត្តន៍ ដោយក្រុមហ៊ុន អូរត្រេះ មេនេចមេន មានប្រវែង១ ៧៤៦ម៉ែត្រ រួមមាន៖ ក្រាលការ៉ូឡាកន្លែងចតរថយន្ត, រៀបចំកែលម្អសួនច្បារ និងដាំដើមឈើឡើងវិញ, ក្រាលការ៉ូឡាសម្រាប់ផ្លូវថ្មើជើង, ដំឡើងបង់អង្គុយលេង, សាងសង់បន្ទប់ទឹកថ្មី, រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់, រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ, រៀបចំសួនកុមារ និងឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ។
ឯកឧត្តម គួច ចំរើន បានណែនាំដល់ក្រុមហ៊ុនទទួលអភិវឌ្ឍន៍គម្រោងនេះ បន្តសិក្សាឆ្នេរសមុទ្រ ចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ មានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្ររបស់យើង ជាលំហរឆ្នេរសាធារណ: ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្ថែមថា ឆ្នេរសមុទ្ររបស់យើង មិនអនុញ្ញាតឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ដោយទុកឆ្នេរសមុទ្ររបស់យើងជាឆ្នេរលំហសាធារណ: សម្រាប់យើងទាំងអស់គ្នា ក៏ប៉ុន្តែយើងត្រូវចូលរួមថែរក្សាបរិស្ថាន សោភ័ណភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងដែលរដ្ឋបាលក្រុង ខេត្ត រៀបចំនៅតាមតំបន់ឆ្នេរ។
សូមបញ្ជាក់ថាក្រុងព្រះសីហនុ មានឆ្នេរសមុទ្រ ប្រវែងសរុប ១៣,៥០០ម៉ែត្រ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ក្នុងនោះរួមមាន ៖ ឆ្នេរម្លប់ជ្រៃ ប្រវែង ៩០០ម៉ែត្រ, ឆ្នេរកោះពស់ ប្រវែង ៨០០ម៉ែត្រ, ឆ្នេរឯករាជ្យ ប្រវែង ១.០០០ម៉ែត្រ, ឆ្នេរសុខា ប្រវែង ១.២០០ម៉ែត្រ, ឆ្នេរអូរឈើទាល ប្រវែង ៣.២០០ម៉ែត្រ, ឆ្នេរអូរត្រេះ ប្រវែង ៣.៧០០ម៉ែត្រ, ឆ្នេរលោកយាយជំទាវម៉ៅ ២.៧០០ម៉ែត្រ ៕
ដោយ៖កូឡាប