Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​ហុងកុង​ថា ច្បាប់​សន្តិសុខ មិន​ប៉ះពាល់​ដល់​សិទ្ធិ និង​សេរីភាព​ហុងកុង​ឡើយ​

​មេដឹកនាំ​ហុងកុង​អ្នកស្រី Carrie Lam នៅ​ថ្ងៃ​អង្គារ​នេះ​បានធ្វើការ​បញ្ជាក់បន្ថែម​ថា សំណើរ​ច្បាប់​សន្តិសុខ​ជាតិ​នឹងមិន​ប៉ះពាល់​ដល់​សិទ្ធិ និង​សេរីភាព​ហុងកុង​ឡើយ​។

​ការបញ្ជាក់​របស់​អ្នកស្រី​កើតឡើង​ក្រោយពេល​មានការ​ព្រួយបារម្ភ អំ​ពោះ​ច្បាប់​ថ្មី​ដែល​ស្នើ​ដោយ​ទីក្រុង​ប៉េកាំង​។ អា​មេ​រិច​បាន​ព្រមាន​ដកហូត​សិទ្ធិ​ពាណិជ្ជកម្ម​ពិសេស​ចេញពី​ហុងកុង បើ​ចិន​អនុម័ត​ច្បាប់​នោះ ដើម្បី​គ្រប់គ្រង​ហុងកុង​។​

​អ្នកស្រី Carrie Lam និយាយថា ក្តីកង្វល់​ទាំងនោះ​ត្រូវ​ចាំមើល​សេចក្តីលម្អិត​នៃ​សេចក្តីស្នើច្បាប់​សិន​។​

​សូមបញ្ជាក់ថា កាលពី​សប្តាហ៍​មុន ទីក្រុង​ប៉េកាំង​បានដាក់​ស្នើច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង​ដែល​ច្បាប់​នោះ​មាន​គោលបំណង​ដោះស្រាយ​បញ្ហា​ការធ្វើ​អបគមន៍ ការបះបោរ និង​សកម្មភាព​ភេរវកម្ម ហើយ​គេ​អាច​នឹង​ឃើញ​ចិន​បង្កើត​ភ្នាក់ងារ​ស៊ើបការណ៍​នៅក្នុង​ទីក្រុង​ហុងកុង​។​

​មេ​ប៉ូលិស​នៅ​ហុងកុង​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​ថា សកម្មភាព​ភេរវកម្ម​ដែល​គំរាមកំហែង​សន្តិសុខ​ជាតិ កំពុងតែ​កើត​ច្រើនឡើង​នៅក្នុង​ទីក្រុង​។ ការ​ថ្លែង​ដូចនេះ​កើតឡើង ក្រោយពេល​បាតុករ​ហុងកុង​រាប់ពាន់នាក់ បានធ្វើ​ការតវ៉ា​តាម​ដងផ្លូវ​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅអោយ​ចិន​វិញ​ក្នុង​ឆ្នាំ ១៩៩៧​ក្រោម​កិច្ចព្រមព្រៀង​ផ្តល់​ស្វ័យភាព និង​សិទ្ធិសេរីភាព​ដល់ទី​ក្រុង​នេះ​សម្រាប់​រយៈពេល ៥០​ឆ្នាំ​។ ការទទួលបាន​សិទ្ធិ​ស្វ័យភាព​ពិសេស​របស់​ទីក្រុង​ហុងកុង ក៏មាន​ចែង​ក្នុង​ច្បាប់​អា​មេ​រិច​ដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×