Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​នឹង​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​២៥​ហិកតា ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់​

​ពោធិ៍សាត់​៖ គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ ហ៊ុន សែន “SAMDACH HUN SEN SPORT CENTER” ដែលមាន​តម្លៃ​ខ្ទង់លាន​ដុល្លារ ត្រូវបាន​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ពិភាក្សា​អនុម័ត​លើ​គម្រោង​សាងសង់ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ភាព​រីកចម្រើន នៃ​វិស័យ​កីឡា និង​ដើម្បី​ជំរុញ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​។​

​បើតាម​ប្រភពពី​រដ្ឋបាល​ខេត្តពោធិ៍សាត់ ៖ បើតាម​កិច្ចប្រជុំ​ពិភាក្សា​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​ម្សិលមិញ នៅ​សាល​វីដេអូ​Conference សាលាខេត្ត​ពោធិ៍សាត់​, ឯកឧត្តម កែវ រតនៈ និង​ឯកឧត្តម ម៉ៅ ធនិន បាន​លើកឡើងថា គម្រោង​អភិវឌ្ឍន៍​នេះ សាងសង់ឡើង ដើម្បី​បន្សល់​ទុកជា​កេរ្តិ៍មរតក​សម្រាប់​ខេត្ត​ផង និង​អាចជា​ការឆ្លើយតប​ទៅនឹង​ភាព​រីកចម្រើន នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​ផងដែរ​។​

​ការសម្រេចចិត្ត​សាងសង់​ពហុ​កីឡដ្ឋាន​ថ្មី​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកភាព​គាំទ្រ ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ចុះសួរសុខទុក្ខ​កម្មករ កម្មការិនី នៅ​រោងចក្រ សហគ្រាស​នានា ក្នុង​ខេត្តពោធិ៍សាត់ កាលពីពេល​កន្លងទៅ ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​របស់​កម្ពុជា និង​មួយផ្នែក​ទៀត សម្រាប់​កម្ពុជា​ឈានឆ្ពោះ​ទៅធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន “Sea Game” នៅ​ឆ្នាំ​២០២៣​។​

​ថ្នាក់ដឹកនាំ​ទាំង​២ បាន​បន្ថែមថា គម្រោង​ពហុ​កីឡដ្ឋាន​នេះ អាច​នឹង​សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ​២៥​ហិកតា ស្ថិត​ក្នុងភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ (​វាល​សម្តេច​យស​)​។ ពហុ​កីឡដ្ឋាន​នេះ រួមមាន​ទីលាន​បាល់ទាត់​ខ្នាត​អន្តរជាតិ​, ទីលាន​មហោស្រព​, ទីលាន​បាល់ទះ​, ទីលាន​បាល់បោះ​, ទីលាន​រត់ប្រណាំង​, ទីលាន​វាយ​សី​, កន្លែង​អង្គុយ​ទស្សនា​, កន្លែង​ហាត់ប្រាណ​, ប្រព័ន្ធ​ផ្លូវ​ខ្វាត់ខ្វែង (៨​ទៅ​១០​ម៉ែត្រ​), វាលស្មៅ​, កន្លែង​ក្មេង​លេង​, កន្លែង​អង្គុយលេង​, ស្រះ​ទឹក និង​កន្លែង​ចត​រថយន្ត ។​ល​។​

​បច្ចុប្បន្ន​រដ្ឋបាលខេត្ត ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ក្រគរ មន្ទីរជំនាញ និង​ផ្នែក​ឯកជន កំពុង​សហការគ្នា​អនុវត្តន៍​គម្រោង​នេះ ដោយបាន​ឈូសឆាយ ចាក់ដី​បាន​មួយផ្នែក​ហើយ​៕

ដោយ​៖​កូ​ឡាប​

×