ភ្នំពេញ៖ នាព្រឹកថៃ្ងអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ បទបញ្ជាថ្មី ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ណែនាំនិងដាក់ចេញនូវសេចក្ដីកំណត់ដាច់ខាត នគរបាលមិនត្រូវអនុវត្ដន៍ច្បាប់ចរាចរណ៍ដោយដាក់បារ៉ាស់លើផ្លូវជាតិ ផ្លូវសាធារណៈ ស្ទាក់ឃាត់ហៅមធ្យោបាយយានជំនិះ ដើម្បីធ្វើការត្រួតពិនិត្យលើឯកសារនោះឡើយ ។
ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវដកបារ៉ាស់ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់គោលដៅលើដងផ្លូវជាបន្ទាន់ និងមិនអនុញ្ញាតឱ្យហៅយានយន្តរបស់ប្រជាពលរដ្ឋកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវសួរនាំនោះទេ បើសិនយានយន្តទាំងនោះមិនល្មើសច្បាប់។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា «ប្រសិនបើមានស្នងការនគរបាល រូបណាប្រព្រឹត្តទង្វើបែបនេះទៀត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង»។
បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិរូបនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរខ្លះមានការថ្នាំងថ្នាក់ ចំពោះនគរបាលចរាចរណ៍មួយចំនួននៅតាមដងផ្លូវ បានដាក់បារ៉ាស់ នៅតាមផ្លូវ និងបានឃាត់រថយន្តរបស់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ខណៈរថយន្តទាំងនោះមិនមានបទល្មើសចរាចរណ៍។
យោងតាមសារសម្លេងផ្ញើជូនជ្រាបដល់មន្ដ្រីកងកម្លាំងនគរបាល ចរាចរណ៍នៅទូទាំងប្រទេស ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ចេញបទបញ្ជាយ៉ាងដាច់ណាត់ថា ” មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ មិនត្រូវស្ទាក់ហៅយានយន្ដដើម្បីធ្វើការត្រួតពិនិត្យរកមើលឯកសារជាដាច់ខាត ក្នុងករណីមិនមានបទល្មើសណាមួយនោះ វាលែងតែក្នុងករណីបន្ទាន់ថាមានបទល្មើសដែលត្រូវបានស្នើសុំឲ្យជួយអន្ដរាគមន៍បន្ទាន់ ” ចំពោះបារ៉ាសសូមកុំដាក់លើផ្លូវ បន្ដរង់ចាំគោលការណ៍សម្រេចពេលក្រោយ ក្នុងន័យនេះគឺមិនមែនបញ្ឍប់លែងឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍នោះទេ ការរឹតបន្ដឹងអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យថ្មីគឺក្នុងគោលបំណង តម្រង់ទិសឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សរងរបួស បាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិសាធារណៈ ពិសេសគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យបាត់បង់កម្លាំងពលកម្ម និងប៉ះពាល់ដល់ការអភិវឌ្ឍន៍ឃឿនសេដ្ឋកិច្ចជាតិ ។
សូមបញ្ជាក់ថា ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យថ្មី គឺផ្តើមអនុវត្តពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដើម្បីតម្រង់ទិសឲ្យអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់ និងរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមនុស្សរងរបួស បាត់បង់ជីវិត ខូចខាតទ្រព្យសម្បត្តិសាធារណៈ បាត់កម្លាំងពលកម្ម និងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាក់ស្តែងឆ្នាំ២០១៩ កន្លងទៅគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សជិត២០០០នាក់ បានស្លាប់ និងរាប់ពាន់នាក់បានរងរបួសធ្ងន់-ស្រាល។
ដោយឡែករយៈពេល២៥ថ្ងៃនៃការរឹតបន្ដឹងការអនុវត្តច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ពិន័យយានយន្ត ៣៦.៧៩៩គ្រឿង ក្នុងនោះម៉ូតូ ២៦,៧៨២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១០.០១៧គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ថែមថា សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩លើក ស្លាប់៦នាក់ របួស១០នាក់ (របួសធ្ងន់៧នាក់) និងមានយានយន្ត ១.០១២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ក្នុងនោះម៉ូតូចំនួន ៧៣៨គ្រឿង និងរថយន្តមានចំនួន ២៧៤គ្រឿង៕
ដោយ៖កូឡាប