នេះគឺជាខណៈពេលដ៏អស្ចារ្យមួយ ដែលអ្នកភូមិបានប្រទះឃើញពស់ថ្លាន់ញីប្រវែង ៦ ម៉ែត្រ បានកំពុងបង្កាត់ពូជជាមួយអាឈ្មោលរបស់វា នៅក្នុងរូងឈើមួយ មុនពេលដែលពួកវាត្រូវបានសម្លាប់ ដើម្បីយកទៅធ្វើអាហារចែកគ្នានៅក្នុងភូមិ។
អ្នកស្រុកបានចេញទៅផ្តាច់ជីវិតពស់ញីឈ្មោលទាំងពីរនេះ គឺនៅពេលដែលពួកគេបានលឺសំឡេងចម្លែក ចេញពីក្នុងដើមឈើដួលរលំមួយដើម កាលពីរសៀលថ្ងៃសៅរ៍កន្លងមក ស្ថិតនៅកោះ Borneo ប្រទេសម៉ាឡេស៊ី។
ពួកអ្នកភូមិបានប្រើរណាម៉ាស៊ីន ដើម្បីកាត់តាមសំបកឈើ និងរកឃើញពស់ថ្លាន់ញីឈ្មោលទាំងពីរ ។ បុរសជាច្រើនបានអូសសត្វព្រៃទាំងពីរចេញ មុនពេលពួកគេបាញ់សម្លាប់ និងលើកដាក់ឡានយកទៅធ្វើជាអាហារតាមប្រពៃណីក្នុងស្រុក។
អ្នកស្រុកម្នាក់ឈ្មោះ Tinsung Ujang អាយុ ៦០ ឆ្នាំ នៅទីប្រជុំជន Bintulu ក្បែរទន្លេ Kelawit បាននិយាយថា៖ «ខ្ញុំបានក្រឡេកមើលទៅក្នុងរន្ធឈើ ហើយខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈឃើញពស់ញីកំពុងរមួលចូលគ្នាជាមួយនឹងអាឈ្មោលរបស់វាដែលមានទំហំតូចជាងឆ្ងាយ។ ពួកយើងបានកាត់ផ្តាច់ឈើ ដើម្បីទៅដល់ទីតាំងរបស់ពួកវា ប៉ុន្តែ មានការលំបាកច្រើន ព្រោះតែទំហំ និងទីតាំងលាក់ខ្លួនរបស់ពួកវា។ ខ្ញុំរឹងតែមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះខ្ញុំមិនដែលឃើញសត្វពស់រួមរ័ក្សគ្នាពីមុន ហើយក៏មិនដែលឃើញពស់ថ្លាន់យក្សឯណាដែលមានប្រវែងជាង ៥ ម៉ែត្រ បែបនេះ»។
លោក Tinsung បាននិយាយថា ពស់ថ្លាន់ញីឈ្មោលទាំងពីរ ត្រូវបានសម្លាប់ ហើយសាច់របស់ពួកវា ត្រូវបានបែងចែកដល់អ្នកភូមិស្មើៗគ្នា និងព្រមទាំងអ្នកធ្វើការកសិកម្មក្បែរនោះផងដែរ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ steemit)