Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​កូរ៉េ បានទទួល​ស្គាល់​នូវ​ភាពយឺតយ៉ាវ នៃ​ការសាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ ហើយ​សន្យា​ជួយ​ជ្រោមជ្រែង​ធ្វើយ៉ាងណាឲ្យ​គម្រោង​នេះបាន​អនុវត្ត​ទាន់ពេលវេលា​

​ភ្នំពេញ​៖ ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ បានទទួល​ស្គាល់​នូវ​ភាពយឺតយ៉ាវ នៃ​ការសាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ និង​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា នឹង​ជួយ​ជ្រោមជ្រែង​ធ្វើយ៉ាងណា ឲ្យ​គម្រោង​នេះ បាន​អនុវត្ត​ទាន់ពេលវេលា តាម​ការគ្រោងទុក​។​

​ថ្ងៃ​អង្គារ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួប​សម្តែង​ការគួរ​សមពី​សំណាក់​ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូត​នៃ សាធារណរដ្ឋ​កូរ៉េ អមដំណើរ​ដោយ​លោក Yun Hyun Cheol អនុព័ន្ធ​សហប្រតិបត្តិការ​អភិឌ្ឍន៍ រួម ជាមួយនឹង​គណៈប្រតិភូ​មួយចំនួន​ផងដែរ​។​

​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នេះ​បាន​ផ្ដោតជាសំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​លើ គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន និង​ប្រកបដោយ​គុណភាព រឹងមាំ ប្រើប្រាស់​ជាប់​បានយូរ និង​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ​ក្នុងការ​ថែទាំ​ជួសជុល​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អំពី​វឌ្ឍនភាព នៃ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ ២២​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានទទួល​ស្គាល់​នូវ​ភាពយឺតយ៉ាវ​នៃ​ការសាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ និង​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ជួយ​ជ្រោមជ្រែង​ធ្វើយ៉ាងណា​ឲ្យ​គម្រោង​នេះ​បាន​អនុវត្ត​ទាន់ពេលវេលា​តាម​ការគ្រោងទុក​ប្រកបដោយ​គុណភាព​រឹងមាំ និង​អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អំពី​ការបំពេញ ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ប្រកបដោយ​គុណភាព រឹងមាំ និង​វិស័យ​អាទិភាព​សំខាន់ៗ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​រដ្ឋាភិបាល​នៃ សាធារណរដ្ឋ​កូរ៉េ ក៏ដូចជា​ប្រជាជន​កូរ៉េ ដែល​បានផ្ដល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ការ អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​នាពេល កន្លងមក​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានស្នើ​សុំ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ​លើ​គម្រោង អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា និង​បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​បន្ត​ជួយ​ដល់​កម្ពុជា​លើ​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍ ចំពោះ​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល កូរ៉េ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា ឱ្យមាន​ការរីកចម្រើន​នៅក្នុង​តំបន់ ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​៕​

ដោយ​៖​កូ​ឡាប​

×