បេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យលោក Joe Biden កាលពីថ្ងៃអង្គារបានហៅលោកប្រធានាធិបតី ដូណាល់ ត្រាំថាជា “មនុស្សល្ងីល្ងើ” ដោយសារតែមិនបានពាក់ម៉ាស នៅក្នុងព្រឹត្តិការណ៍សាធារណៈជាច្រើនកាលពីពេលថ្មីៗនេះ ដោយលោក Biden និយាយរិះគន់លោកត្រាំថា ការគ្មានភាពជាអ្នកដឹកនាំលើបញ្ហានោះ ទើបធ្វើឲ្យបាត់បង់ជីវិតមនុស្ស។
ការសម្រេចចិត្តថា តើត្រូវពាក់ម៉ាស នៅទីកន្លែងសាធារណៈឬយ៉ាងណា បានក្លាយជាសមរភូមិតនយោបាយដ៏ក្តៅ ហើយបេក្ខជនប្រធានាធិបតីទាំងពីរ បានប្រកាន់យកវិធីសាស្ត្រពីរខុសគ្នា។
ការសម្រេចចិត្តរបស់លោក Joe Biden ក្នុងការពាក់ម៉ាស នៅខាងក្រៅ នៅក្នុងទិវាចងចាំ (Memorial Day) ដែលជាព្រឹត្តិការណ៍សាធារណៈលើកដំបូង របស់លោកចាប់តាំងពីខែមីនាមក បានទាក់ទាញចំណាប់អារម្មណ៍របស់លោកដូណាល់ ត្រាំ ដោយលោកត្រាំ បាននិយាយក្នុង Twitter ភ្នាក់ជាមួយរូបលោក Joe Biden ពាក់ម៉ាសថា “នេះប្រហែលជាអាចជួយពន្យល់បានថា ហេតុអ្វីដូណាល់ ត្រាំមិនចូលចិត្តពាក់ម៉ាសនៅទីសាធារណៈ”។
លោកប្រធានាធិបតីរឹងរូសមិនពាក់ម៉ាស នៅមុខកាមេរ៉ា ក្នុងព្រឹត្តិការណ៍សាធារណៈជាច្រើន រួមមានក្នុងទិវាចងចាំ។
លោក Joe Biden បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយ CNN ដូច្នេះថា “លោក (ត្រាំ)ជាមនុស្សឆ្កួត ដែលនិយាយដូច្នោះ។ រាល់ឯកសារសំខាន់ៗទាំងអស់ ក្នុងពិភពលោកនេះសុទ្ធតែនិយាយថា អ្នកគួរតែពាក់ម៉ាសពេលនៅកន្លែងមនុស្សច្រើន”។
លោក Biden បានហៅអាកប្បកិរិយារបស់លោកត្រាំ ថាមានមោទនភាពជ្រុល និងជាសកម្មភាពបន្លំដែលធ្វើឲ្យបាត់បង់ជីវិតមនុស្ស។
ចំណែកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារថា គាត់គិតថា វាមិនធម្មតានោះទេ ដែលលោក Biden ពាក់ម៉ាសនៅក្នុងទិវាចងចាំ ខណៈដែលលោកកំពុង ស្ថិតនៅខាងក្រៅហើយអាកាសធាតល្អ។
មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិច បានផ្តល់អនុសាសន៍ឲ្យពាក់ម៉ាសក្រណាត់គ្របមុខ នៅកន្លែងសាធារណៈ កន្លែងណាដែលពិបាកអនុវត្តគោលការគម្លាតសង្គម។ ការណែនាំនោះ មិនបានប្រាប់ឲ្យពាក់ម៉ាស់នៅផ្ទះឡើយ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters/